តើប្រទេសណាដែលមានអត្រាចាក់វ៉ាក់សាំងបានច្រើនជាងគេនៅពេលនេះ?
បរទេស៖ កិច្ចខំប្រឹងប្រែងរបស់ប្រទេសជាច្រើនក្នុងចាក់វ៉ាក់សាំងការពារជំងឺផ្លូវដង្ហើមកូវីដ-19 បានចាប់ផ្តើមតាំងពីដើមខែធ្នូមកម្ល៉េះ ហើយរហូតដល់ពេលនេះមានប្រទេសចំនួន 40 បានចាប់ផ្តើមដំណើរការចុះឈ្មោះ និងចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន។
យោងតាមការចេញផ្សាយរបស់ The Business Insider នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា គិតជាមធ្យមប្រទេសអ៊ីស្រាអ៊ែលបានចែកចាយនិងចាក់វ៉ាក់សាំងទៅដល់ពលរដ្ឋរបស់ខ្លួនបានច្រើនជាងគេ ក្នុងនោះមនុស្សប្រមាណជា 20 នាក់ក្នុងចំណោម 100នាក់បានចុះឈ្មោះនិងទទួលយកវ៉ាក់សាំង។
ប្រភពដដែលបានបង្ហាញទៀតថា សហភាពអារ៉ាប់រួម អាចទទួលបានវ៉ាក់សាំងក្នុងអត្រា 8.98 នាក់ក្នុងចំណោម 100នាក់ជាប្រទេសលេខ2 (អត្រាជាមធ្យម) ហើយប្រទេសបារ៉ែន បានទទួលចំណាត់ថ្នាក់លេខរៀងទី3 ដែលចាក់វ៉ាក់សាំងទៅលើមនុស្សប្រមាណជា 4.25 នាក់ក្នុងចំណោមមនុស្ស 100នាក់។
និយាយដល់ប្រទេសអង់គ្លេសវិញ ទោះបីជាប្រទេសនេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋរបស់ខ្លួនមុនគេ ក្តី ប៉ុន្តែអង់គ្លេសអាចធ្វើបានក្នុងអត្រា 1.91នាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋ 100នាក់ស្ថិតនៅក្នុងចំណាតថ្នាក់លេខរៀងទី4។
ដោយឡែកប្រទេសដែលទទួលរងការរិះគន់ខ្លាំងជាងគេអំពីល្បឿននៃការចែកចាយនិងចាក់វ៉ាក់សាំងនៅតំបន់អ៊ឺរ៉ុបនោះ គឺប្រទេសបារាំង។ បារាំងខ្លួនឯងអាចចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួន បានត្រឹមតែ 516 នាក់ប៉ុណ្ណោះក្នុងរយៈពេលប្រាំមួយថ្ងៃដំបូងនៃការដំណើរការចាក់វ៉ាក់សាំង ហើយប្រទេសជាបន្តបន្ទាប់ទៀត រួមមាន ប្រទេសដាណឺម៉ាក អ៊ីឡដន៍ អ៊ីតាលី និងកាណាដា៕
ប្រភព៖ Business Insider