អភិបាលខេត្តព្រះវិហារ ថ្លែងថា ទោះក្នុង​តម្លៃ​ណាក៏ដោយ ត្រូវថែរក្សាការពារ សុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការ​ដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបាន​ជា​ដាច់ខាត

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម  ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់កងទ័ពរបស់តំបន់ប្រតិបត្តិការសឹករងខេត្តថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាការពារ សុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យបានជាដាច់ខាត។ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងយោធា ដល់នាយទាហាន នាយទាហានរង និងពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារប្រចាំឆ្នាំ២០២០ នៅទីបញ្ជាការវរសេនាតូចលេខ១ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ឯកឧត្តមអភិបាលខេត្តបន្តថា ការស្វែងរកសុខសន្តិភាព ការដោះស្រាយបញ្ហាទុក្ខលំបាកនានា គឺមិនអាចកាត់ផ្តាច់ចេញពីការចូលរួម របស់កងទ័ពបានទេ។ ដូច្នេះក្នុងនាមជាកងយោធពលខេមរភូមិន្ទ ដែលជាកុលបុត្រ កុលធីតារបស់ប្រជាជនខ្មែរ ដាច់ខាតត្រូវតែប្តេជ្ញាការពារ ថែរក្សានូវសុខសន្តិភាពនេះអោយបាន ទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ពីព្រោះសន្តិភាព និងការអភិវៃ្ឍន៍ ដែលយើងមានសព្វថ្ងៃនេះ គឺពិតជាកម្ររកបានណាស់ ពិតជាលំបាកណាស់ក្នុងប្រវត្តិសាស្ត្រ ជិត១០០០ឆ្នាំមកនេះ។

ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ដែលបានជ្រោមជ្រែងដល់ការងារអាទិភាព គឺការងារហ្វឹកហ្វឺននេះ និងសូមកោតសរសើរដល់មេបញ្ជការ មេបញ្ជាការរង នាយនិងពលទាហាននៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានអនុវត្តការងារនេះបានជោគជ័យ។

អភិបាលខេត្តព្រះវិហារ បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ទឹកបរិសុទ្ធ ចំនួន១០០០កេស និងមី៥០០កេស សម្រាប់ឧបត្ថម្ភពលរដ្ឋខ្មែរ ដែរវិលមកពីប្រទេសថៃ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់នាយទាហាន និងពលទាហានទាំងអស់ សូមគោរពវិន័យកងទ័ព មានសាមគ្គីភាពផ្ទៃក្នុងល្អ គោរពបទបញ្ជាថ្នាក់លើ មានសីលធម៍ល្អ និងកុំពាក់ព័នជាមួយបទល្មើសនានាឲ្យសោះ ពិសេសត្រូវចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានទៀងទាត់ ដោយលាងសម្អាតដៃនិងទឹកសាប៊ូ ទឹកអាល់កុល ឫជែល និងត្រូវពាក់ម៉ាស់ការពារពេលស្ថិតក្នុងទីប្រជុំជន ដើម្បីការពារពីជំងឺកូវីដ-១៩។

ក្នុងនោះដែរ អភិបាលខេត្តព្រះវិហារ បានឧបត្ថម្ភទឹកបរិសុទ្ធ ២០កេស ភេសជ្ជៈ០កេស និងថវិកា២លានរៀល ផងដែរ៕សួនលីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner