មាន់អ្នកខេត្តបាត់ដំបង ជាង១ពាន់ក្បាលត្រូវបាន ងាប់ ដោយសារ ជំងឺផ្តាសាយបក្សី (H5N1)

បាត់ដំបង៖ មាន់ប្រជាពលរដ្ឋប្រមាណ ១៣០០ក្បាល បានងាប់ជាបន្តបន្ទាប់នៅក្នុងកសិដ្ឋានមួយកន្លែងក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការងាប់នេះ ត្រូវបានអះអាងថា បណ្តាលមកពីជំងឺផ្តាសាយបក្សី (H5N1)។ អ្នកជំនាញថា ជំងឺនេះ មិនប៉ះពាល់សុខភាពរបស់មនុស្សនោះឡើយ​។

លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា លោកបានចុះទៅកាន់ទីកន្លែងចិញ្ចឹមមាន់ដែលមានម្ចាស់ឈ្មោះ ហូណាំ ជាមន្ត្រីសុខាភិបាល ពិនិត្យឃើញថាមានមាន់ងាប់ជាបន្តបន្ទាប់ចំនួន ១៣០០ក្បាលទាំងតូចទាំងធំ ចាប់ពីថ្ងៃទី៥ ដល់៧ ខែមករា មន្ត្រីជំនាញសហការជាមួយម្ចាស់យកមាន់ដែលងាប់ទៅកប់ចោល មិនឱ្យបរិភោគ ឬលក់នោះទេ ហើយបានបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយ។ លោក បញ្ជាក់ថាទីតាំងចិញ្ចឹមមាន់នោះ មានចិញ្ចឹមទាកាប៉ាជាលក្ខណៈគ្រួសារដែរ។ កន្លែងចិញ្ចឹមនោះស្ថិតនៅដាច់ឆ្ងាយពីគេមិនមែនអ្នកភូមិនៅក្បែរនោះទេ។ ចំណែកអ្នកភូមិ មិនមានចិញ្ចឹមមាន់ច្រើននោះទេ គឺមានចិញ្ចឹមតិចតួចប៉ុណ្ណោះ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា លទ្ធផលធ្វើតេសលើសំណាកសត្វមាន់ដែលងាប់បានបង្ហាញថា ជាគ្រុនផ្តាសាយបក្សី (H5N1)។ ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេ ហើយមន្ត្រីជំនាញកំពុងបន្តពិនិត្យ និងគ្រប់គ្រងលើបញ្ហានេះ ដើម្បីកុំឱ្យរាលដាលខ្លាំង​។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានអំពាវនាវប្រជាពលរដ្ឋបើឃើញមាន់ឈឺ ឬងាប់ខុសប្រក្រតីនិងសង្ស័យកើតជំងឺផ្តាយសាយ សូមរាយការណ៍បន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីការិយាល័យបសុព្យាបាល ឬមន្ទីរកសិកម្មផ្ទាល់ដើម្បីចុះអន្តរាគមន៍៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner