ចិននឹងឡើងកាន់តំណែងលេខ1 ខាងសេដ្ឋកិច្ចជំនួសអាមេរិក លឿនជាង5 ឆ្នាំមុនការព្យាករណ៍

បរទេស៖ យោងតាមតួលេខនៃការព្យាករណ៍ថ្មីរបស់មជ្ឈមណ្ឌលស្រាវជ្រាវអាជីវកម្ម និងសេដ្ឋកិច្ច CEBR (Centre for Economic and Business Research) កាលពីថ្ងៃចន្ទម្សិលមិញនេះបានអះអាងថា ចិននឹងវ៉ាដាច់អាមេរិកឡើងទៅកាន់តំណែងជាមហាអំណាចសេដ្ឋកិច្ចទី1 លើសាកលលោកត្រឹមឆ្នាំ2028 ខាងមុខនេះប៉ុណ្ណោះ។

ការសិក្សាស្រាវជ្រាវ និងព្យាករណ៍ទុកលើកនេះត្រូវបានគេមើលឃើញថាកំណើនសេដ្ឋកិច្ចចិនមានសន្ទុះខ្លាំង ជាពិសេសនៅក្នុងអំឡុងពេលកូវីដនេះដែលវាបានធ្វើឲ្យល្បឿនសេដ្ឋកិច្ចរបស់ខ្លួនមានល្បឿនខ្លាំង ហើយបើប្រៀបធៀបទៅនឹងការព្យាករណ៍ទុកគ្រាមុន ចិនគឺល្បឿនលឿនជាងការព្យាករណ៍ទុកមុនរយៈពេល 5ឆ្នាំ។

មជ្ឈមណ្ឌល CEBR បានលើកឡើងទៀតថាការរឹតបន្តឹង និងបំរាមក្នុងប្រទេសដូចជាការបិទទីក្រុងជាច្រើននាពេលកន្លងមករបស់ចិនគឺ នៅតែអាចបន្តកំណើនសេដ្ឋកិច្ច ដដែលបើប្រៀបធៀបទៅនឹងស្ថានភាពរបស់លោកខាងលិចនាពេលបច្ចុប្បន្នដែលកំពុងជួបបញ្ហាជាច្រើន។

តួលេខបានបង្ហាញទៀតថាកំណើនសេដ្ឋកិច្ចចិននឹងកើនឡើងជាមធ្យម 5.7 ភាគរយក្នុងមួយឆ្នាំចន្លោះពីឆ្នាំ2021 ទៅដល់ឆ្នាំ2025 មុនពេលដែលវានឹងថយល្បឿនបន្តិចមកត្រឹមតែ 4.5 ភាគរយក្នុងមួយឆ្នាំពីឆ្នាំ2026 ដល់ឆ្នាំ2030។

បន្ទាប់ពីអាមេរិកដែលឈរនៅលេខរៀងទី២ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចពិភពលោក តាមការព្យាករណ៍ដដែលបានបញ្ជាក់ទៀតថា ជប៉ុននឹងបន្តស្ថិតនៅក្នុងលេខរៀងទី 3 ជាមហាអំណាចសេដ្ឋកិច្ចរហូតដល់ដើមឆ្នាំ2030មុនពេលដែលត្រូវបានឥណ្ឌាដណ្តើម ហើយនឹងរុញច្រានអាល្លឺម៉ង់ពីលេខរៀងទី 4 ទៅឈរនៅលំដាប់លេខរៀងទី 5 ជំនួសវិញ ខណៈដែលអង់គ្លេសដែលឈរនៅលេខរៀងទី 5 នោះនឹងធ្លាក់ទៅលេខរៀងទី6 វិញចាប់ពីឆ្នាំ2024ខាងមុខនេះទៅ ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner