គ្រួសាររងគ្រោះដោយទឹកជំនន់រាប់ពាន់គ្រួសារទទួលបានការគាំទ្រជំនួយមនុស្សធម៌ ផ្នែកតម្រូវការមូលដ្ឋាន
ភ្នំពេញ ៖ អង្គការ Save the Children កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ទទួលបានជំនួយមនុស្សធម៌ពីសហភាពអឺរ៉ុប ក្នុងការផ្តល់ជូនសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌ ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៣០០០គ្រួសារ ដើម្បីឆ្លើយតបនឹងតម្រូវការមូលដ្ឋាន ។ អង្គការ Save the Children សម្រេចការងារនេះបាន ដោយបានដៃគូសហការពីភ្នាក់ងារវីងដែលជាធនាគារឯកទេស និងអង្គការក្រៅរដ្ឋាភិបាលរួមមាន អង្គការកុមាររីករាយ និងអង្គការហាហ្ការអន្តរជាតិ។
នៅចុងខែកញ្ញា ឆ្នាំ២០២០ ប្រទេសកម្ពុជាបានជួបប្រទះជំនន់ទឹកភ្លៀង បណ្តាលឱ្យមានទឹកជំនន់យ៉ាងខ្លាំង ដែលបង្កឱ្យប្រជាជនរាប់ពាន់គ្រួសារផ្លាស់ទីលំនៅ។ ខេត្តបាត់ដំបង ត្រូវបានចាត់ទុកថាជាខេត្ត ដែលទទួលរងគ្រោះធ្ងន់ជាងគេ ដោយមានប្រជាជនរងផលប៉ះពាល់ច្រើន។ ទឹកជំនន់ក៏បានប៉ះពាល់ដល់សាលារៀនក្នុងតំបន់ សៀវភៅសិក្សា បរិក្ខារ បន្ទប់ទឹក និងសម្ភារៈទឹកស្អាតជាច្រើនផងដែរ។ យោងតាមការវាយតម្លៃរួមគ្នាដែលធ្វើឡើងតាមរយៈវេទិកាឆ្លើយតបផ្នែកមនុស្សធម៌ គ្រួសារប្រមាណ ៣៤% បានរាយការណ៍ថា មិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ។ កម្ចីម្ហូបអាហារ ឬការកាត់បន្ថយបរិមាណអាហារ ក្លាយជាបញ្ហារួម ក៏ដូចជាការប្រើកម្ចីសម្រាប់ទិញសម្ភារៈដែលចាំបាច់។
លោកស្រី Gloria Doñate នាយិកាផ្នែកយុទ្ធសាស្រ្ត អភិវឌ្ឍន៍កម្មវិធី និងផលប៉ះពាល់ នៃអង្គការSave the Children បានពន្យល់ថា គ្រួសារដែលរងគ្រោះដោយទឹកជំនន់ទាំងនោះ កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការទប់ទល់នឹងផលប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដែលបង្កដោយជំងឺកូវីដ ១៩។ ទាំងនេះបានក្លាយជាបន្ទុកបន្ថែមទៀត សម្រាប់ការចំណាយលើការទិញអាហារនិងទឹកស្អាត ក៏ដូចជាសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះ ថ្នាំសង្កូវ និងការបញ្ចូនកូនៗទៅសាលាវិញផងដែរ។ លោកស្រី Doñate បន្តយ៉ាងដូច្នេះថា៖ “គ្រួសារទាំងនេះជួបការលំបាករួចទៅហើយក្នុងជីវភាពប្រចាំថ្ងៃ ដោយសារជំងឺកូវីដ១៩ ក៏ដូចជាការបាត់បង់ចំណូល និងជីវភាពរស់នៅប្រចាំថ្ងៃ។ ការផ្ទេរសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌនេះ នឹងជួយសម្រាលបន្ទុកពួកគេ ដើម្បីអាចបំពេញនូវតម្រូវការមូលដ្ឋាន ប្រកបដោយសេចក្តីថ្លៃថ្នូរ ក៏ដូចជាជួយស្តារនូវជីវភាពរស់នៅក្នុងតំបន់ផងដែរ” ។
លោកស្រី Doñate បន្ថែមទៀតថា ការផ្ទេរសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌនឹងជួយដល់ក្រុមគ្រួសារទាំងនោះ ពិសេសគ្រួសារក្រីក្រ ស្ត្រីជាមេគ្រួសារ ក្រុមគ្រួសារដែលមានសមាជិកជា ជនពិការ ចាស់ជរា ឬស្ត្រីមានផ្ទៃពោះ ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេ រួមមានស្បៀងអាហារ ជម្រក ថ្នាំពេទ្យ សម្លៀកបំពាក់ និងសៀវភៅសិក្សាជាដើម។ ការយកចិត្តទុកដាក់លើបញ្ហាការពារ ដូចជាការប្រើអំពើហិង្សាលើកុមារ ឬការរើសអើងភេទ និងសារៈសំខាន់នៃការគាំពារផ្លូវចិត្តនិងអារម្មណ៍ គឺបញ្ហាដែលទាមទារឱ្យមានអន្តរាគមន៍។
លោកស្រី Doñate បានពន្យល់ទៀតថា៖ “ក្នុងកំឡុងពេលពន្យល់ពីការប្រើប្រាស់ការផ្ទេរសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌ អង្គការ Save the Children និងដៃគូ ធានាឱ្យមានការចូលរួមយ៉ាងសកម្ម និងគណនេយ្យភាពទៅដល់ប្រជាជនដែលរងផលប៉ះពាល់ តាមរយៈយន្តការផ្តល់ព័ត៌មានត្រឡប់ និងបណ្តឹង ដែលទាំងបុរសស្ត្រី កុមារា និងកុមារីអាចចូលរួមនៅក្នុងការផ្តល់មតិយោបល់និងបណ្តឹងនេះបានដែរ” ។ គម្រោងដែលឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុបនេះ ក៏នឹងផ្តល់សេវាទឹកស្អាត ដែលមានការចូលរួមពីអង្គការដៃគូ គឺអង្គការទស្សនៈពិភពលោក និងជំនួយផ្នែកការអប់រំក្នុងគ្រោះមហន្តរាយ ដើម្បីធានាបានថា កុមារា និងកុមារីអាចត្រឡប់ចូលរៀនវិញបាន ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព។
លោក ឈឿន រ៉ាត់ អ្នកទទួលផលម្នាក់ក្នុងចំណោមអ្នកទទួលផលផ្សេងទៀតពីគម្រោងនៃការផ្ទេរសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌ បានមានពន្យល់ថា “ពួកគាត់ [អង្គការ Save the Children និងស្ថាប័នដៃគូ] បានពន្យល់យ៉ាងក្បោះក្បាយ និងបង្ហាញពីគម្រោងយ៉ាងល្អិតល្អន់ថា ប្រសិនបើពួកយើងមានបញ្ហាអ្វីមួយ ឬមិនពេញចិត្តនឹងការងាររបស់ពួកគាត់ យើងអាចរាយការណ៍ទៅអាសយដ្ឋាន ឬទូរសព្ទដែលបានផ្តល់ឱ្យបាន”។
ក្នុងអំឡុងពេលដែលពន្យល់ពីការប្រ់ប្រាស់ការផ្ទេរសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌ អង្គការ Save the Children និងដៃគូក៏បានលើកកម្ពស់ការប្រើប្រាស់សាច់ប្រាក់ ដើម្បីដោះស្រាយឧបសគ្គសង្គម និងហិរញ្ញវត្ថុ ដូច្នេះកុមារានិងកុមារីអាចមានលទ្ធភាពត្រឡប់ទៅរៀនវិញ។ លោកស្រី ហ៊ុយ អ៊ីនូ អ្នកទទួលផលម្នាក់ទៀតនៃការផ្ទេរសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌពីគម្រោងរបស់យើងបាននិយាយថា “ខ្ញុំសប្បាយចិត្តដែលបានប្រាក់ ដើម្បីផ្គត់ផ្គង់គ្រួសារខ្ញុំ។ ខ្ញុំយកប្រាក់នេះ សម្រាប់ទិញអាហារ និងសន្សំខ្លះ ដើម្បីទុកឱ្យកូនទៅរៀន ៕ ដោយ / គ្រី សម្បត្តិ