តម្បាញសូត្រខ្មែរ

តម្បាញសូត្រ ដើរតួជាផ្នែកមួយនៃប្រវត្តិសាស្ត្រ និងក៏ជាផ្នែកមួយនៃវប្បធម៌រស់នៅ ក្នុងជីវភាពរបស់ប្រជាជនកម្ពុជា។ ឯកសារដែលដកស្រង់ចេញពីខេត្តតាកែវ ដែលបានផលិតសូត្រចាប់តាំងពីសម័យហ្វូណន។ ហើយសព្វថ្ងៃនេះតម្បាញសូត្រ និងផលិតផលសូត្រ មានសារៈសំខាន់សំរាប់ខេត្តប្រាំហើយសូត្រដែលមានការច្នៃម៉ូតដ៏ល្បី និងគុណភាព ខ្ពស់គឺមកពីតាកែវ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពត។

សំពត់ហូលបុរាណមានច្រើនជាង២០០ម៉ូត ដោយគ្រាន់តែចងពណ៌ចូលគ្នារវាង៣ទៅ៥ពណ៌សំខាន់ដូចជា៖ ពណ៌លឿង ក្រហម ខ្មៅ ទឹកប៊ិច និងពណ៌បៃតង។ សម័យដើមរុក្ខជាតិជាច្រើនត្រូវបានគេយកមកលាបពណ៌លើសូត្រ បុរាណខ្មែរជាមួយនឹងល័ក្តក្រហមដែលបានមកពីសត្វល្អិត និងពណ៌លឿង និងពណ៌បៃតង បានមកពីស្រែងឆ្កែ និងពណ៌សទឹកប៊ិចមកពីដើមឆ្លុះ និងពណ៌ខ្មៅបានមកពីដើមស្លឹកកំភ្លូ វាយភណ្ឌជាតិខ្មែររួមមានសំពត់ហូលប្រាំពណ៌ សំពត់ហូលពណ៌ សំពត់ហូលក្បិន។ ម៉ូតគឺ យកតាមគំរូដើមនិងលាយជាមួយ រូបក្បាច់សត្វនិងរុក្ខជាតិដូចជាផ្កា សត្វល្អិត និងកង្កែបជាដើម។

លោកកែវ កង រស់នៅភូមិពារាម ឃុំពាម ស្រុកបាទី ខេត្តតាកែវ បានអោយដឹងថា លោកបានចាប់របរត្បាញហូលនេះជាង១០ឆ្នាំមកហើយ ព្រោះលោកអាចត្បាញនៅផ្ទះ ហើយបាននៅជួបជុំគ្រួសារ។ លោកបានបន្តថាដើម្បីបានហូលមួយក្បិន គឺបានច្រើនតំណាក់កាលដូចជា យកសូត្រមកបោកទឹកអោយស្អាត, យកទៅរវៃចងពង់, យកទៅកុង ,ចងម៉ូតផ្កា ឬសត្វ,  ជ្រលក់ពណ៌ជាច្រើនលើកតាមពណ៌ដែលចង់បាន, រវៃចូលត្រល់ យកទៅត្បាញដើម។លោកបានបន្តថា ការត្បាញសូត្រត្រូវប្រើរយៈពេលយូ មានភាពអត់ធ្មត់ ចេះច្នៃប្រឌិតក្បូរក្បាច់ជារូបផ្កា រូបសត្វនានា និងផ្ចិតផ្ចង់ក្នុងការត្បាញម្តងមួយសសៃៗ តម្រឹមក្រឡាគោម ល។  

លោកស្រីម៉ាច អតីតជាអ្នកត្បាញហូលផងនោះ បច្ចុប្បន្នគឺជាអាជីករបោះដុំហូលផាមួង នៅខេត្តតាកែវបានអោយដឹងថា ដើម្បីអោយបងប្អូនប្រជាពលរដ្ឋក្នុងភូមិមានការងារធ្វើ និងធ្វើអោយតម្បាញសូត្រខ្មែរមានទីផ្សារឡើងវិញ លោកស្រីដើរប្រមូលទិញហូលផាមួងពីបងប្អូនក្នុងភូមិ ដើម្បីបោះដុំតាមហាងនានា។ លោកស្រីបានបន្តថាសូត្រខ្មែរមានតម្លៃថ្លៃជាងប្រភេទក្រណាត់ហូលផាមួងដែលនាំចូលពីក្រៅប្រទេស ព្រោះសូត្រខ្មែរត្បាញដោយដៃម្តងមួយសរសៃ ម្តងមួយសរសៃ សាច់ក្រណាត់ និងក្រឡាគោមស្អាត និងពេលស្លៀកពាក់ចូលក្នុងកម្មវិធីផ្សេងៗមើលទៅថ្លៃថ្នូរ។ លោកស្រីសូមណូមពរអោយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយគាំទ្រផលិតខ្មែរ និងតម្បាញសូត្រនេះជាកេរ្តិ៍ដំណែលដូនតាតាំងពីបុរាណមកកុំអោយបាត់បង់។

ក្រណាត់សូត្រហូលផាមួងខ្មែរ អាចកាត់ជាសម្លៀកបំពាក់ទាំងបុរសនិងនារី បានគ្រប់ម៉ូតគ្រប់ពណ៌តាមតម្រូវការ។ ក្រៅពីសាច់ក្រណាត់សូត្រហូលផាមួងខ្មែរ មានប្រភេទក្រណាត់សំពត់ដ៏ទៃផ្សេងទៀតដូចជាស៊ឹង ចរបាប់ ជាដើម។

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner