អាជ្ញាធរក្រុងបាត់ដំបង អំពាវនាវដល់អ្នកលក់ដូរទំនិញនិងអ្នកទិញទំនិញវេចខ្ចប់ ភេសជ្ជៈគ្រឿងកំប៉ុង យកទៅប្រើប្រាស់ ឬ ក៏ហូបចុក ត្រូវពិនិត្យពីសុពលភាពគុណភាពទំនិញទាំងនោះ ជាមុនសិន ចៀសវាងបង្កការប៉ះពាល់ដល់សុខភាព

    អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការដុតកម្ទេចចោលនូវទំនិញខូចគុណភាពចម្រុះជិត២តោន ដែលបានដកហូតពីអាជីវករលក់ដូរនៅតាមទីតាំងក្នុងស្រុក-ក្រុង របស់ ខេត្តបាត់ដំបង។ ហើយទំនិញខូចគុណភាពចំនួនជិត ២.០០០គីឡូក្រាម ដែលត្រូវបានស្ថាប័នការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ នៃ សាខាខេត្តបាត់ដំបង ធ្វើការដកហូតបានពីបងប្អូនអាជីវករលក់ដូរតាមផ្សារនិងតាមផ្ទះ ហើយត្រូវបានសាខាយកទៅដុតកម្ទេចចោលនៅទីលានដុតសំរាមខេត្តបាត់ដំបង នៅរសៀល ថ្ងៃទី១៣ខែមករាឆ្នាំ២០២១នេះ។

       ក្នុងការដុតកម្ទេចនូវទំនិញខូចគុណភាពនេះក៏មានវត្តមានចូលរួម ពីឯកឧត្តម អ៊ុយ សុធាវី អភិបាលរង ខេត្តបាត់ដំបង ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត អភិបាលក្រុងបាត់ដំបង និង អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រមទាំងមន្ត្រីសាខាកបបផងដែរ។

      មុនពេលធ្វើការដុតកម្ទេចទំនិញខូចគុណភាពលោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា ទំនិញទាំងអស់នេះគឺត្រូវបានភ្នាក់ងារសមត្ថកិច្ចសាខារបស់លោក ធ្វើការដកហូតបាន កាលពីឆ្នាំ២០២០កន្លងទៅនេះ សរុបទម្ងន់ចំនួន១.៨១០គីឡូក្រាម។ ហើយទំនិញដែលខូចគុណភាពទាំងនោះរួមមាន៖ភេសជ្ជៈគ្រឿងកំប៉ុង និងដប ស្រា អាហារងៀត នំ និងអាហារកំប៉ុងជាដើម…។ល។

      លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានធ្វើការអំពាវនាវដល់បងប្អូនអាជីវករនិងអ្នកលក់ដូរទាំងអស់ ត្រូវតែមានភាពស្មោះត្រង់ជាមួយអតិថិជនរបស់ខ្លួន ត្រូវដាក់តាំងលក់នូវផលិតផលដែលមានគុណភាពល្អ និងត្រូវចេះពិនិត្យមើល ពីកាលបរិច្ឆេទនៃទំនិញរបស់ខ្លួន មុននឹងធ្វើការដាក់តាំងលក់ ចៀសវាងធ្វើឲ្យអ្នកទិញយកទៅប្រើប្រាស់មានបញ្ហាផ្នែកសុខភាពដល់អ្នកបរិភោគឬប្រើប្រាស់ទំនិញទាំងនោះ ហើយអ្នកលក់ខ្លួនឯងជាពិសេសមុននិងយកទំនិញមកលក់បន្ត ក៏ត្រូវស្គាល់ទីតាំងផលិតផល ឲ្យបានច្បាស់លាស់ផងដែរ។

       លោកអភិបាលក្រុងបាត់ដំបង ក៏បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ ដោយសង្កត់ធ្ងន់ថា៖សម្រាប់អ្នកទិញវិញ ក៏ត្រូវយល់ឲ្យបានច្បាស់ផងដែរ ពីផលិតផលដែលគេដាក់លក់ ហើយមុននិងទិញក៏ត្រូវចេះពិនិត្យគុណភាពនិងកាលបរិច្ឆេទនូវផលិតផលដែលខ្លួនត្រូវទិញយកទៅប្រើប្រាស់ ឬក៏យកទៅហូបចុក ។ ជាមួយគ្នានេះ ក៏ត្រូវប្រុងប្រយ័ត្ន ពីផលិតផលដែលលក់ក្នុងតម្លៃថោក ខុសពីតម្លៃធម្មតា តែបែរជាមកលក់ក្នុងតម្លៃទាបជាងមុនឆ្ងាយ។ដែលទាំងនេះត្រូវសួរនាំអ្នកលក់និងពិនិត្យមើលផលិតផលឲ្យបានជាក់លាក់មុននិងយកទៅប្រើប្រាស់ឬហូបចុក ឲ្យដឹងពីឌឺឡេទំនិញទាំងអស់នោះ ឲ្យបានជាក់លាក់។ហើយមុនទិញយកទៅបរិភោគឬប្រើប្រាស់ ក៏ត្រូវចេះសិក្សា ស្វែងយល់ពីអាហារឬទំនិញប្រភេទណា ដែលអាចបរិភោគបាននិងមនប៉ះពាល់ដល់សុខភាពដែលកន្លងមកជំនាញបានធ្វើការផ្សព្វផ្សាយ និងបានណែនាំអប់រំពន្យល់ជាហូរហែរ កន្លងមក ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner