អគ្គលេខាធិការរង ក្រសួងការពារជាតិ បញ្ជាក់ ថា នយោបាយឈ្នះៗ គឺជាធម៌ខន្តី និងជា យុទ្ធសាស្ត្រនយោបាយយោធាមួយ ដែល បញ្ចៀសបាននូវការប្រើប្រាស់អាវុធវាយប្រហារគ្នា បង្កើនបាននូវជំនឿទុកចិត្តលើគ្នា ការមិន សងសឹកគ្នា

អត្ថបទដោយ៖
ជា សេឌី

អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រោម ឧត្តមសេនីយ៍ឯក គីម ស្មើ ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងជា អគ្គលេខា ធិការរង ក្រសួងការពារជាតិ ទទួលបន្ទុកមជ្ឈមណ្ឌលបណ្តុះបណ្តាលការពារដ្ឋបាល នៃ ខ.ភ.ម។

លោកឧត្តមសេនីយ៍ត្រី ហៀ ហ៊ីន នាយករង មជ្ឈមណ្ឌលបណ្តុះបណ្តាល ការងាររដ្ឋបាល នៃ ខ.ភ.ម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាល នេះមានរយៈពេល ១២ខែ ដែលបានចាប់ផ្តើមពីខែឧសភា ឆ្នាំ២០២០ នឹងបញ្ចប់វគ្គនៅអំឡុងខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ ដោយបានផ្តោតការសិក្សាលើមុខវិជ្ជាសំខាន់ៗ រួមមាន៖ ការងាររដ្ឋបាល បទវិន័យទូទៅនៃ ខ.ភ.ម ការងារគ្រប់គ្រងអង្គភាព ឋានលេខា នីតិពន្ធដារកម្ពុជា នីតិរដ្ឋបាលសាធារណៈ នីតិមុខងារសាធារណៈ នីតិអន្តរជាតិសាធារណៈ សេនាធិការផែនទី និងប្រើប្រាស់ឧបករណ៍ និងនីតិសមុទ្រ។

បន្ទាប់ពីលោកសាស្រ្តាចារ្យ ទូច គីមស៊ាង ប្រធានក្រុមអ្នកស្រាវជ្រាវនិពន្ធ សមាជិកក្រុមប្រឹក្សាជាតិ ភាសាខ្មែរ ប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ឧទ្ទេសនាម អំពីការចងក្រងសៀវភៅ – ហ៊ុនសែន កម្ពុជា និងពិធីប្រគល់សៀវភៅ ជូនដល់មជ្ឈមណ្ឌល និងសិក្ខាកាមរួចមក, ឧត្តមសេនីយ៍ឯក គីម រស្មី បានមានប្រសាសន៍ថា សន្តិភាពដែលកើតមាននៅក្នុងកម្ពុជានាពេលសព្វថ្ងៃនេះ គឺជាសន្តិភាពដែលកើតឡើងដោយសារនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុនសែន និងជាប្រវត្តិសាស្ត្រ ដែលធ្លាប់មានជាង៥០០ឆ្នាំកន្លងមកនេះ សម្រាប់ប្រជាជាតិកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា នយោបាយឈ្នះៗ គឺជាធម៌ខន្តី និងជាយុទ្ធសាស្ត្រនយោបាយយោធាមួយ ដែលបញ្ចៀសបាននូវការប្រើប្រាស់អាវុធវាយប្រហារគ្នា បង្កើនបាននូវជំនឿទុកចិត្តលើគ្នា ការមិនសងសឹកគ្នា បើកឱកាសឲ្យកម្ពុជាមានការគិតគូរដោះស្រាយត្រឹមត្រូវតាមផ្លូវច្បាប់ និងទំនាក់ទំនងអន្តរជាតិ លើបញ្ហាព្រំដែន និងបង្ករលក្ខណៈសម្រាប់ការអភិវឌ្ឍថែមទៀតផង។

ឯកឧត្តម បានក្រើនរំលឹកដល់នាយទាហាន ជាសិក្ខាកាមទាំងអស់ បន្តចូលរួមថែរក្សាការពារសុខសន្តិភាពនេះឲ្យស្ថិតនៅគង់វង្សជារៀងរហូតតទៅទៀត។ នៅក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ សំ វណ្ណថន, ឧត្តមសេនីយ៍ឯក គីម រស្មី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មជ្ឈមណ្ឌលបណ្តុះបណ្តាល ការងាររដ្ឋបាល នៃ ខ.ភ.ម យោធាចារ្យ និងកម្មសិក្សាការី ដែលបានខិតខំការបំពេញតួនាទីភារកិច្ចបង្រៀន នាពេលកន្លងមកនេះ។

ឯកឧត្តម បានផ្តាំផ្ញើរដល់កម្មសិក្សាការី ត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជារបស់សាលា និងបទវិន័យទូ ទៅនៃ ខ.ភ.ម និងខិតខំប្រឹងប្រែងរៀនសូត្របន្ត  ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងថែមទៀត ដើម្បីយកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅពេលវិលត្រឡប់ទៅកាន់អង្គភាពរបស់ខ្លួនវិញ៕ ដោយ៖សុក ស៊ីថន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner