រដ្ឋាភិបាលអូស្រ្តាលី នឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធជា មួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស និងជាពិសេសស្តារផលិតកម្មស្បៀងឡើងវិញ ក្នុងខណ:ដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈបបញ្ហាកូវិដ-១៩
អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និងមន្ទីរកសិកម្មខេត្តកំពង់ឆ្នំាង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានរៀបចំពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន១០គ្រឿង ជូនដល់សហគមន៍កសិកម្ម ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកជំទាវ ប៉ន សុភី អភិបាលរងនៃខេត្តកំពង់ឆ្នាំង ។
លោកជំទាវអភិបាលរងខេត្ត បានបញ្ជក់ថា ក្រោយពីទទួលបានការជួយឧបត្ថម្ភជាគ្រាប់ពូជស្រូវ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយ: ក្រសួងកសិកម្ម គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងរួច បងប្អូនប្រជាកសិករ បានយកគ្រាប់ពូជស្រូវទៅស្តារដំណាំស្រូវដែលរងផលប៉ះពាល់សម្រេចបានចំនួន១ ៧៩២ហិតា ស្នើនឹង១០០%។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលេចជូនអង្គពិធីឲ្យបានឃើញអំពីកម្មវិធី CAVAC ដែលបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ និងជាដៃគូចាំបាច់ជាមួយក្រសួងកសិកម្ម ក្នុងការចូលរួមចំណែកជំរុញផលិតភាពផលិតកម្មស្បៀងតាមរយ:ការលើកកម្ពស់គុណភាពគ្រាប់ពូជដំណាំ ការធ្វើពិធកម្មកសិកម្ម ការកែលម្អខ្សែច្រវាក់តម្លៃ ការផ្តល់ធាតុចូលកសិកម្ម និងទីផ្សារកសិផល និងការកែលម្អប្រព័ន្ធស្រោចស្រព ក្នុងគោលបំណងបង្កើនផលិតភាព និងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច និងពាណិជ្ជកម្មស្រូវ-អង្ករ ដំណាំផ្សេងៗ និងពង្រឹងប្រព័ន្ធទីផ្សារ ហើយថ្ងៃនេះក៏ជួយឧបត្ថម្ភឧបករណ៍ដាំគ្រាប់ស្រូវផងដែរ។ ឯកអគ្គរដ្ឋទូតបានបញ្ជាក់ជូនថា រដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធជា មួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស និងជាពិសេសស្តារផលិតកម្មស្បៀងឡើងវិញក្នុងខណ:ដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈបបញ្ហាកូវិដ-១៩។
តាមរយ:ឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយ:គម្រោងកម្មវិធី ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែងថ្ងៃនេះ រដ្ឋាភិបាលអូស្រ្តាលី បានឧបករណ៍ដាំគ្រាប់ស្រូវចំនួន១០គ្រឿងបន្ថែមទៀត ចែកជូនសហគមន៍កសិកម្ម ដើម្បីរួមចំណែកពន្លឿនការងារដាំដុះស្រូវរបស់បងប្អូនប្រជាកសិករ កាត់បន្ថយពលកម្មមនុស្ស ចំណេញពេល និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
ក្នុងពិធីនោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនថា ដោយស្វែងយល់អំពីតម្រូវការចាំបាច់ឧបករណ៍ព្រោះគ្រាប់ស្រូវ ដើម្បីជំរុញល្បឿននៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញក្រោយពេលជំនន់ទឹកភ្លៀង សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភឧបករណ៍ព្រោះគ្រាប់ស្រូវនេះចំនួន ២៨០គ្រឿង ដើម្បីយកទៅចែកជូនសហគមន៍កសិកម្មសម្រាប់បម្រើឲ្យសកម្មភាពស្តារផលិតកម្មដំណាំស្រូវ៕ជា សេឌី









