អភិបាលខេត្តកំពតសូមអោយ ប្រជាពលរដ្ឋ ត្រូវជឿទុកចិត្តលើការខិតខំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយបញ្ហាប្រឈមពិតប្រាកដជូនបងប្អូន
ក្នុងឱកាសជួបជាមួយតំណាងប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធបញ្ហាដីធ្លី ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នៅក្នុងឃុំមួយចំនួន ក្នុងស្រុកឈូក ខេត្តកំពត នាសាលាឃុំត្រពាំងភ្លាំង កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកឡើងថា រាល់ដំណោះស្រាយ ដែលប្រជាពលរដ្ឋ ជួបបញ្ហាប្រឈម ទុក្ខលំបាកនិងតម្រូវការ គឺអាជ្ញាធរខេត្តជាអ្នកសម្របសម្រួលដោះស្រាយផ្ដោតសំខាន់លើការរិះរកដំណោះស្រាយតាមគោលការណ៍ឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែន។ ឯកឧត្តម បន្តថា ដីសម្បទានសេដ្ឋកិច្ច គឺជាដីរបស់រដ្ឋ ដែលក្រសួងកសិកម្ម ជាតំណាងជួលឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយត្រូវបង់ពន្ធជូនរដ្ឋ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ ដូច្នេះដីទាំងអស់ទាំងដីសង្គមកិច្ច ដីសម្បទានសេដ្ឋកិច្ចគឺជារបស់រដ្ឋ មិនត្រូវមានបុគ្គល ថ្នាក់ណាឬប្រជាពលរដ្ឋណា ចូលរំលោភកាន់កាប់ខុសច្បាប់បានឡើយដោយមានរដ្ឋបាលខេត្ត ជាសេនាធិការក្នុងការគ្រប់គ្រង ក៏ដូចជាការអង្កេតវាយតម្លៃ ផ្អែកតាមលក្ខណៈច្បាប់ តម្រូវការសំណូមពរពិតប្រាកដទើបរាជរដ្ឋាភិបាលសម្រេចផ្ដល់ជូនបាន។
ដើម្បីឱ្យការដោះស្រាយមានភាពជាក់លាក់ច្បាស់លាស់ និងមានប្រសិទ្ធភាព ក្រុមការងាររដ្ឋបាលខេត្ត បានចុះមកពិនិត្យដល់ទីតាំង និងជួបប្រជាពលរដ្ឋ ផ្ទាល់នាពេលនេះទី១គឺ ដើម្បីពិនិត្យអំពីស្ថានភាពភូមិសាស្រ្ត ជាក់ស្ដែង និងទី២ ចង់បាននូវសំណូមពរផ្ទាល់របស់ប្រជាពលរដ្ឋ ដែលមានបញ្ហាប្រឈម កន្លងមក តើមាននៅចំណុចណាខ្លះដែលត្រូវយកទៅដាក់ក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបន្ត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តលើការខិតខំ របស់រដ្ឋបាលខេត្តក្នុងការដោះស្រាយ ជូនបងប្អូន។
ឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានស្នើឱ្យក្រុមការងារ អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ចូលរួមសហការ ដើម្បីបន្តធ្វើអង្កេតស្ថិតិនូវបញ្ហាប្រឈម សំណូមពរតម្រូវការ របស់ប្រជាពលរដ្ឋពិតប្រាកដ ដើម្បីបានជាមូលដ្ឋានជាក់លាក់ក្នុងការដោះស្រាយ ។ ដោយសារ ការលើកឡើងរបស់តំណាងប្រជាពលរដ្ឋ ពេលនេះក្ដោបបញ្ហារឿងច្រើន ដែលមិនមានស្ថិតិនិងភាពច្បាស់លាស់ ព្រោះកន្លងមក តំបន់នេះតែងតែមានការប្រមូលផ្ដុំតវ៉ា ពីបញ្ហាដីធ្លីច្រើន។
ផ្អែកតាមការកំណត់អត្តសញ្ញាណរបស់ រដ្ឋបាលស្រុកឈូក ដែលបានចុះធ្វើការអង្កេត ទៅលើប្រជាពលរដ្ឋពាក់ព័ន្ធការចូលកាន់កាប់នៅលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន លោកឧកញ៉ាសូ ងួន ចំនួន៩០ គ្រួសារ ក្នុងនោះ ក្រុមហ៊ុនបានត្រៀមបម្រុងដីចំនួន៨០ហិចតា ដើម្បីកាត់ឈ្វៀល ជូនគ្រួសារប្រជាពលរដ្ឋទាំងនោះ ដែលនៅសល់ពីការវាស់វែងបទបញ្ជា០១របស់យុវជនស្ម័គ្រចិត្តសម្ដេចតេជោ ឆ្នាំ២០១២ ស្មើនឹងចំនួន៤០គ្រួសារ ចំណែកចំនួនជាង៥០គ្រួសារទៀត អភិបាលខេត្តឲ្យក្រុមហ៊ុនរក្សាពួកគាត់ នៅដដែលសិន រងចាំធ្វើអង្កេតវាយតម្លៃឲ្យបានជាក់លាក់បន្ត ក្រៅពីនោះពាក់ព័ន្ធបញ្ហាដីធ្លីនៅតំបន់ដទៃ អភិបាលខេត្តក៏សម្រេចឲ្យក្រុមការងារបន្តចុះអង្កេត វាយតម្លៃឲ្យបានជាក់លាក់ផងដែរ ដើម្បីរដ្ឋបាលខេត្តបានជាមូលដ្ឋានដាក់ក្នុងកិច្ចប្រជុំដោះស្រាយបន្តទៀត៕ Sila Sarin