កម្មវិធីសិក្សានៅលើទូរស័ព្ទ ជួយឱ្យវិស័យអប់រំរីកចម្រើនលឿនរហ័ស

អត្ថបទដោយ៖
ហេង សុវណ្ណ

កម្មវិធីសិក្សាលើទូរស័ព្ទ ឬ Mobile App បានជួយដល់ការសិក្សារបស់សិស្សានុសិស្សយ៉ាងច្រើន ពិសេសពេលដែលពិភពលោកជួបបញ្ហាសកលកូវីដ-19។ សាលារៀនបានបិទទ្វាក្នុងដំណាក់កាលកូវីដ ប​ច្ចេ​កវិទ្យាថ្មីៗលើប្រព័ន្ធគមនាគមន៍ បានដើរតួនាទីសំខាន់សម្រួលដល់អ្នកសិក្សា។ របត់ថ្មី របៀបរៀនថ្មី កម្មវិធីសិក្សាថ្មីៗកើតមានជាបន្តបន្ទាប់នៅលើទូរស័ព្ទ។

ឥទ្ធិពលកូវីដ-19 បណ្តាលឱ្យសាលារៀនស្ទើរទាំងអស់បិទទ្វារទាំងស្រុង បើគ្មានកម្មវិធីសិក្សាលើទូរស័ព្ទដៃ (Mobile App) នោះសិស្ស-និស្សិតទាំងអស់នឹងបាត់បង់ឱកាសសិក្សា ព្រមទាំងខាតពេលវេលាសិក្សាមុខវិជ្ជាសំខាន់ៗរបស់ពួកគេ។

សិស្ស-និស្សិត អាចរៀនសូត្រតាមរយៈកម្មវិធីរៀននិងបង្រៀនតាមអនឡាញ អាចទាក់ទងគ្រូបង្រៀនពីចម្ងាយ និងធ្វើលំហាត់ដែលគ្រូដាក់ឱ្យនៅផ្ទះ ប្រៀបដូចពេលវេលាដែលពួកគេរៀននៅសាលាដែរ។ កម្មវិធីសិក្សាទាំងនោះ មិនអាចដំណើរការដោយខ្លួនឯងបានទេ បើគ្មានឧបករណ៍ភ្ជាប់បច្ចេកវិទ្យាជួយ ដូចជាថេប្លេត កុំព្យូទ័រ និងស្មាតហ្វូនជាដើម។

ប្រសិនបើអ្នកសិក្សាប្រើប្រាស់កម្មវិធីខាងលើបានត្រឹមត្រូវ ដើម្បីទាញប្រយោជន៍បម្រើដល់ការសិក្សា អាចនិយាយបានថា កម្មវិធីសិក្សាលើទូរស័ព្ទដៃនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធនៅក្នុងប្រព័ន្ធអប់រំនាពេលខាងមុខ បើទោះបីកូវីដ-19 ត្រូវរលាយសាបទៅវិញក្តី។ កម្មវិធីសិក្សាលើទូរស័ព្ទ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សិស្ស-និស្សិតមិនគួរមើលរំលង។

1. បង្កើនសមត្ថភាពរៀន តាមរយៈការច្នៃប្រឌិតថ្មី៖ អ្នកស្រាវជ្រាវពីវិស័យអប់រំរកឃើញថា កម្មវិធីបង្រៀនខ្លះអាចប្រើប្រាស់ហ្គេមងាយៗសាមញ្ញជាមេរៀន ដែលធ្វើឱ្យអ្នករៀនជក់ចិត្តនិងទទួលបានចំណេះដឹងលឿនរហ័ស ចងចាំបានយូរជាងរបៀបរៀនតាមបែបប្រពៃណី។

2. បង្កើនទំនាក់ទំនងរវាងឪពុកម្តាយនិងគ្រូបង្រៀន៖ កន្លងទៅទំនាក់ទំនងរវាងសិស្ស-និស្សិតនិងម្តាយឪពុកហាក់នៅឆ្ងាយពីគ្នា។ កន្លងទៅដើម្បីតាមដឹងនិងដឹងពីព័ត៌មានសិក្សារបស់កូន ទំនាក់ទំនងរវាងគ្រូបង្រៀននិងម្តាយឪពុកឬអាណាព្យាបាលសិស្ស មានតែក្នុងករណីចាំបាច់ប៉ុណ្ណោះ។ ប៉ុន្តែសិក្សាតាមកម្មវិធីលើទូរស័ព្ទ អាចឪពុកម្តាយដឹងព័ត៌មានរបស់កូនលឿនរហ័ស និងមានទំនុកចិត្តបំផុតពីគ្រូបង្រៀនឬសាលារៀនរបស់គេ។

3. មានមុខងារច្រើនលើសពីការបង្រៀននិងរៀន៖ បច្ចេកវិទ្យាកាន់តែទំនើប តើអ្នកដឹងទេកម្មវិធីទូរស័ព្ទមានសមត្ថភាពលើសពីការបង្រៀនទៅទៀត រាប់ទាំងការចុះឈ្មោះចូលរៀន ការបង់ប្រាក់ ចៀសវាងការជុំគ្នាច្រើន ព្រមទាំងចំណេញពេលវេលាទៀតផង។ ក្រៅពីនេះមុខងារសំខាន់មួយទៀត កម្មវិធីសិក្សាលើទូរស័ព្ទ អាចគ្រប់គ្រងនិងតាមដានទិន្នន័យសិក្សារបស់សិស្សបានយ៉ាងល្អ បង្កើតសកម្មភាពសិក្សាថ្មីៗ ងាយស្រួលផ្តល់ពិន្ទុ រួមទាំងផ្តល់លិខិតសរសើរដល់សិស្សានុសិស្ស។

4. កាត់បន្ថយនៃការចំណាយទៅលើការសិក្សា៖ ជារៀងរាល់ឆ្នាំសិស្ស-និស្សិតរាប់ពាន់នាក់ត្រូវធ្វើដំណើរឆ្លងខេត្ត ឆ្លងប្រទេស ដើម្បី សិក្សាមុខវិជ្ជា និងរៀននៅសាលាដែលគេចូលចិត្ត។ កម្មវិធីរៀនពីចម្ងាយនៅពេលនេះ ត្រូវបានសាលារៀនជាច្រើនអនុវត្តបើកថ្នាក់រៀនអនឡាញ ដោយមិនតម្រូវឱ្យសិស្សបង្ហាញវត្តមានផ្ទាល់នៅក្នុងថ្នាក់រៀនទៀតឡើយ ហើយគុណភាពបង្រៀននៅតែអាចទទួលយកបាន។

ជារួមមក បច្ចេកវិទ្យានៃកម្មវិធីលើទូរស័ព្ទបានជួយសម្រួលការលំបាករបស់អ្នកសិក្សា និងបានផ្តល់ប្រយោជន៍យ៉ាងច្រើន។ កម្មវិធីលើទូរស័ព្ទជួយឱ្យសិស្សមានចំណេះដឹងរីកចម្រើនឆាប់រហ័ស មានគំនិតច្នៃប្រឌិត និងចេះសម្របខ្លួនទៅនឹងវិធីសាស្រ្តរៀនសូត្រទំនើប ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍវិស័យអប់រំ។

ប្រភពអត្ថបទ ៖ eLearning Industry

ហេង សុវណ្ណ
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ads banner
ads banner
ads banner