មាតិកាបណ្ដាញសង្គមហ្វេសប៊ុក អាចឱ្យជីវិតជួបសុខ ជីវិតកាន់តែទុក្ខដុនដាបក៏មាន

អត្ថបទដោយ៖
AMS

ភ្នំពេញ ៖ សព្វថ្ងៃមាតិកាបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកកំពុងដើរតួនាទីជាអ្នកផ្ដល់ព័ត៌មាន ផ្តល់មតិយោបល់ និងប្រាប់រឿងរ៉ាវផ្សេងៗ ទៅកាន់មនុស្សទូទៅ។ អ្នកប្រើប្រាស់បណ្ដាញសង្គមអាចផ្សព្វផ្សាយ ចែករំលែក រៀនសូត្រ និងទទួលចំណេះដឹងទូទៅយ៉ាង​ច្រើនពីគ្រប់មជ្ឈដ្ឋាន។ ថ្វីបើបណ្តាញសង្គមផ្តល់ប្រយោជន៍យ៉ាងច្រើនក៏ពិតមែន ប៉ុន្តែមាតិកាមួយចំនួនក្នុងបណ្តាញសង្គមនេះ អាចបង្កើតជាទុក្ខដុនដាបកាន់តែខ្លាំងសម្រាប់ជីវិត ប្រសិនអ្នកប្រើប្រាស់មិនបានវិនិច្ឆ័យត្រឹមត្រូវ។

នៅក្នុងសិក្ខាសាលាស្ដីពី “ទំនាក់ទំនង ដើម្បីជោគជ័យ”រៀបចំដោយ DAILY PLUS កន្លងទៅ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ធ្លាប់មានសង្ឃដីកាថា “មុននឹងប៉ុស្តិ៍អ្វីនៅក្នុងហ្វេសប៊ុក ត្រូវសួរខ្លួនឯងផងថា តើវាមានប្រយោជន៍សម្រាប់ខ្លួនឯង​ និងសម្រា​ប់​អ្នកមើលរឺទេ? រឺគ្រាន់ប៉ុស្តិ៍ដើម្បីតែទាក់ទាញចំណាប់អារម្មណ៍… បើសិនជាយើងម្នាក់ៗស្ពាយសំរាមទៅចោលនៅក្នុងហ្វេសប៊ុក នោះហ្វេសប៊ុកនឹងក្លាយជាទីវាលចាក់សម្រាម ! មុននឹងយើងវិនិច្ឆ័យអ្វីមួយ យើងត្រូវថ្លឹងថ្លែងឱ្យមែនទែន”។

សប្បាយចិត្តក៏ប៉ុស្តិ៍ ទុក្ខសោកក៏ប៉ុស្តិ៍ ជួបរឿងជោគជ័យក៏ប៉ុស្តិ៍ បរាជ័យក៏ប៉ុស្តិ៍ នេះជាទម្លាប់ប្រចាំថ្ងៃរបស់អ្នកញៀនបណ្តា​ញសង្គមហ្វេសប៊ុកមួយចំនួនកំពុងអនុវត្ត។ ពេលខ្លះ ពួកគាត់ចាត់ទុកកាព្វកិច្ចគ្មានការព្រាងទុកទាំងនេះ ជារឿងសំខាន់រហូតដល់ចំណាយពេលវេលា​បណ្តោយខ្លួនឱ្យលង់នឹងសុភមង្គលលើបណ្តាញសង្គម។

ហ្វេសប៊ុកអាចធ្វើឱ្យជីវិតមនុស្សដុនដាប ប្រសិនបើផ្លូវចិត្តអ្នកប្រើប្រាស់ទន់ខ្សោយស្រាប់។ ទន្ទឹមគ្នានេះ មាតិកានៅលើបណ្តាញសង្គមហ្វេសប៊ុកមានរូបភាពឃាតកម្ម អំពើឃោរឃៅ ហិង្សាក្នុងគ្រួសារ ទំនាស់បុគ្គល អំពើអសីលធម៌ ព័ត៌មានក្លែងក្លាយ អាចឱ្យ​អ្នកប្រើប្រាស់ភ័យខ្លាច បាក់ស្បាត ឬរងសម្ពាធផ្លូវចិត្តពីមជ្ឈដ្ឋានទាំងនោះដោយមិនដឹងខ្លួន។ 

ការចែកចាយមាតិកាវិជ្ជមានលើបណ្តាញសង្គម ជាចំណុចសំខាន់ដែលអ្នកប្រើប្រាស់គួរអនុវត្ត ដើម្បីបង្ហាញពីតម្លៃខ្លួន និងចូលរួមជួយមនុស្សនៅក្នុងសង្គម។ ចំណុចនេះ ឯកឧត្តបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយកក្រុមហ៊ុនខេមប្រូហ្វសឺវិស មានប្រសាសន៍តាមរយៈវិឌីអូនៅក្នុងបណ្ដាញសង្គម កាលពីខែកក្កដា​កន្លងទៅថា “បើសិនជាយើងស្រលាញ់សង្គម យើងគួរតែចែករំលែករឿងល្អៗ ដូចជាយើងយល់ដឹងអំពីទេសចរណ៍ណាដែលមានកន្លែងស្អាតៗ… នៅពេលដែលយើងបានទៅលេងយើងគួរតែផ្សព្វផ្សាយ ដើម្បីក្លាយខ្លួនជាពលរដ្ឋម្នាក់ដែលស្រលាញ់ជាតិពិតប្រាកដ”។

ជារួម ការបង្កើតមាតិកានៅលើបណ្តាញសង្គម និងទទួលយកព័ត៌មានពីបណ្តាញសង្គមជាចំណុចសំខាន់ដែលអ្នកប្រើប្រាស់ត្រូវពិចារណាឱ្យបានល្អិតល្អន់ក្នុងជីវភាពប្រចាំថ្ងៃ។ បើពុំនោះទេ មាតិកាលើបណ្ដាញដែលកំពុងកាន់ជាប់នឹងដៃ អាចឱ្យជីវិតអ្នកប្រើប្រាស់ទន់ខ្សោយ និងដុនដាបកាន់តែខ្លាំងជាក់ជាពុំខាន៕  

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner