អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម និងអង្គការ WWF ចុះអនុស្សារណៈយោគយល់គ្នា លើគម្រោងភាពជាដៃគូពហុភាគី សម្រាប់អភិវឌ្ឍន៍វិស័យកៅស៊ូប្រកបដោយនិរន្តរភាព

អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងអង្គការ WWF កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាលើកដំបូង ក្នុងការកសាងដៃគូពហុភាគី សម្រាប់ការលើកកម្ពស់ខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ ប្រកបដោយនិរន្តរភាព និងតម្លាភាពក្នុងប្រទេសកម្ពុជា ។

ក្រោមជំនួយថវិការបស់ក្រសួងកិច្ចសហប្រត្តិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) របស់ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការ Welthungerhilfe កិច្ចសហប្រតិបត្តិការភាពជាដៃគូពហុភាគីនេះ កំពុងត្រូវបានអនុវត្តក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានទាំងប្រទេសថៃ និង ភូមា ផងដែរ ។
ក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបិត្តការរយៈពេលបីឆ្នាំនេះ បានជម្រុញការចូលរួម និងសហការណ៍ពីភាគីពាក់ព័ន្ឋសំខាន់ៗរបស់រាជរដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិល និងកសិករ កៅស៊ូគ្រួសារ ក្នុងខេត្តមណ្ឌលគិរី ដើម្បីជម្រុញផលិតកម្មកៅស៊ូធម្មជាតិប្រកបដោយចីរភាព ព្រមទាំង រួមចំណែកដល់ការលើកកម្ពស់ជីវភាពកសិករ កៅស៊ូគ្រួសារ ជនជាតិដើមភាគតិច និងកម្មករកៅស៊ូ ផងដែរ ។

“ ការលើកកម្ពស់ផលិតកម្មកៅស៊ូគ្រួសារប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវខ្ពស់ តាមរយៈការ អនុវត្តការគ្រប់គ្រងបច្ចេកទេសបានយ៉ាងល្អត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជួយបង្កើត ការងារ និងចំណូលដល់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ វាក៏ជួយកាត់បន្ថយសម្ពាធលើធនធានធម្ម ជាតិផងដែរ តាមរយៈការប្រើប្រាស់ដីដាំកៅស៊ូ ដែលមានស្រាប់ឲ្យអស់សុពលភាព និងទប់ស្កាត់ការ ទន្ទ្រានដីព្រៃខុសច្បាប់ ។ ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ បានបើកទំព័រថ្មីមួយទៀតសម្រាប់អង្គការ WWF-កម្ពុជា លើកិច្ចខិតខំប្រឹងប្រែងធ្វើការងារក្នុងភាពជាដៃគូជាមួយស្ថាប័នជំនាញ និងមាន ទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ” ប្រសាសន៍ លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា ។

អនុស្សារណៈយោគយល់នេះ គាំទ្រឆន្ទៈរួមគ្នា ក្នុងការបង្កើតឱ្យមានយន្តការភាពជាដៃគូពហុភាគី ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អាចចែករំលែកចំណេះដឹង និងព័ត៌មាន ស្តីអំពីផលិតកម្មកៅស៊ូ ប្រកបដោយនិរន្តរភាព ព្រមទាំងអាចចូលរួមក្នុងគោលនយោបាយ ជម្រុញខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ ប្រកបដោយចីរភាពផងដែរ ។ អនុស្សារណៈយោគយល់នេះ ក៏ផ្តល់ឱកាសក្នុងការកសាងសមត្ថ ភាពក្នុងការអនុវត្តផលិតកម្មកៅស៊ូធម្មជាតិ ប្រកបដោយនិរន្តរភាព ខណៈលើកកម្ពស់ការចូលរួមចំណែករបស់កសិករកៅស៊ូគ្រួសារ ក្នុងកិច្ចការពារធនធានធម្មជាតិ ក្នុងសហគមន៍របស់ពួកគេ ។

ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ មានប្រសាសន៍ថា “ ការកសាងសមត្ថភាព និងបណ្តុះបណ្តាលបច្ចេកទេសដល់កសិករដាំកៅស៊ូ និងមន្ត្រីជំនាញផ្នែកកៅស៊ូ បូករួមទាំងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យកៅស៊ូនេះ នឹង ធ្វើឱ្យវិស័យកៅស៊ូក្នុងប្រទេសកម្ពុជា កាន់តែរីកចម្រើនទៅមុខប្រកបដោយចីរភាព ។ ”

ដើម្បីជាជំនួយស្មារតីក្នុងការអនុវត្តផលិតកម្មកៅស៊ូ ប្រកបដោយនិរន្តរភាព អគ្គនាយកដ្ឋានកៅ ស៊ូ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អង្គការ WWF និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (CRRI) បានសហការបោះពុម្ពផ្សាយសៀវភៅណែនាំបច្ចេកទេស សម្រាប់ការអនុវត្តកសិកម្មល្អ (GAP) លើ ការយកផលទឹកជ័រកៅស៊ូ និងបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល បូករួមទាំងការបង្ហាញការអនុវត្តដើម្បីទទួលបានបទពិសោធន៍បច្ចេកទេសដោយផ្ទាល់ នៅតាមចម្ការកៅស៊ូគ្រួសារមួយចំនួនផងដែរ ទៅដល់កសិករកៅស៊ូគ្រួសារមួយចំនួន និងមន្ត្រីជំនាញផ្នែកកៅស៊ូរបស់រាជរដ្ឋាភិបាល សរុបចំនួន ៦០នាក់ មកពីខេត្តចំនួន២០នៃប្រទេសកម្ពុជា ។

បច្ចុប្បន្ននេះ កសិករកៅស៊ូគ្រួសារចំនួន ១០០ នាក់ ដែលរស់នៅជុំវិញសហគមន៍តំបន់ការពារ ចំនួន៥ នៅជិតដែនជម្រកសត្វព្រៃស្រែពក ក្រោមការគាំទ្រដោយអង្គការ WWF បានចូលរួមក្នុង គម្រោងនេះរួចមកហើយ ហើយគម្រោងនឹងបន្តជម្រុញការចូលរួមរបស់កសិករកៅស៊ូគ្រួសាររហូត ដល់ ៣០០ គ្រួសារត្រឹមឆ្នាំ២០២២ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner