បច្ចុប្បន្នយុវតីជ្រើសរើសជំនាញសិក្សាដែលខ្លួនស្រឡាញ់ ច្រើនជាងគំនាបសម្រេចចិត្តគ្រួសារ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ជ្រើសរើសជំនាញសិក្សាបន្តនៅមហាវិទ្យាល័យក្រោយចប់បាក់ឌុប ជារឿងសំខាន់ដែលម្តាយឪពុក អាណាព្យាបាល និងសិស្សានុ​សិស្សខ្លួនឯងគិតយ៉ាងហ្មត់ចត់ក្នុងពេលកន្លងទៅ។ ទន្ទឹមគ្នានេះការផ្តល់ឱកាសនិងលទ្ធភាពឱ្យកូនស្រី បានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ក៏កាន់តែទូលំទូលាយដែរនាពេលបច្ចុប្បន្ន។ យុវតីភាគច្រើនដែលបានបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ បានអះអាងថា ពួកគេជ្រើសរើសជំនាញសិក្សាបន្តដោយខ្លួនឯង ច្រើនជាងគំនាបសម្រេចចិត្តពីម្តាយឪពុក។

កញ្ញា សាន ស្រីនិច្ច និស្សិតឆ្នាំទី2 កំពុងសិក្សាជំនាញប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ បាននិយាយថា សព្វថ្ងៃជំនាញប្រព័ន្ធផ្សព្វផ្សាយដែលកញ្ញាកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ កើតចេញពីការសម្រចចិត្តផ្ទាល់ខ្លួន ដោយសារសម្លឹងឃើញឱកាសការងារច្រើនបន្ទាប់ពីរៀនចប់។

កញ្ញា សាន ស្រីនិច្ច និស្សិតសិក្សាជំនាញប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

“ខ្ញុំសម្រេចចិត្តជ្រើសរើសជំនាញប្រព័ន្ធផ្សព្វផ្សាយសិក្សាហ្នឹង គឺខ្ញុំពេញចិត្តដោយខ្លួនឯង ហើយបានជម្នះចិត្តម៉ែពុក ព្រោះខ្ញុំយល់ថា ខ្ញុំមានសមត្ថភាពនិងមានចំណូលចិត្តខាងវិស័យហ្នឹង អីចឹងសប្បាយចិត្តរៀនជំនាញហ្នឹង” សាន ស្រីនិច្ច ។

ស្រដៀងគ្នានេះដែរ កញ្ញា លី ស្រីពៅ កំពុងសិក្សាជំនាញវិស្វកម្មព័ត៌មានវិទ្យា (IT) នៃវិទ្យស្ថានបច្ចេកវិទ្យាគីរីរម្យ ខេត្តកំពង់ស្ពឺ បាននិយាយថា ទម្រាំបានសិក្សាមុខវិជ្ជាដែលខ្លួនស្រឡាញ់ រូបគេត្រូវពន្យល់ហេតុផលជាច្រើនទៅកាន់ឪពុកម្តាយ ពិសេសពីប្រយោជន៍នៃមុខវិជ្ជាព័ត៌មានវិទ្យា និងឱកាសការងារក្រោយពេលបញ្ចប់ការសិក្សា។ 

កញ្ញា លី ស្រីពៅ និស្សិតជំនាញវិស្វកម្មព័ត៌មានវិទ្យានៃវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ។

និស្សិតឆ្នាំទី2 រូបនេះ បានបន្តថា “គ្រួសារសាច់ញាតិចង់ឱ្យខ្ញុំក្លាយជាគ្រូបង្រៀន ដោយសារគ្រូបង្រៀនអាចរកលុយបានច្រើន ហើយមានពេលធ្វើអ្វីការងារផ្សេងៗទៀត តែខ្ញុំបដិសេដនិងពន្យល់ពួកគាត់… ព្រោះខ្ញុំស្រលាញ់ខាងផ្នែកព័ត៌មានវិទ្យាច្រើនជាង”។

ចំណែកកញ្ញា ថា ស្រីដែន និស្សិតជំនាញសិល្បៈនិងការសិក្សាអំពីព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា បានប្រាប់ពីប្រវត្តិនៃការសម្រេចចិត្តរបស់ខ្លួនថា ដើម្បីបានសិក្សាមុខវិជ្ជាដែលខ្លួនស្រឡាញ់ រូបគេត្រូវប្រឹងរៀននិងប្រឡងឱ្យបានពិន្ទុខ្ពស់ បើពុំនោះទេម្តាយឪពុកនិងឱ្យរៀនជំនាញផ្សេងខុសពីចំណង់ចំណូលចិត្ត។

កញ្ញា ថា ស្រីដែន និស្សិតសិក្សាជំនាញសិល្បៈនិងការសិក្សាអំពីព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។

និស្សិតសិក្សាជំនាញព័ត៌មានរូបនេះ យល់ថា សិស្ស-និស្សិតសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សាដោយខ្លួនឯង ហាក់មានគំនិតឯករាជ្យ ហើយប្រសិទ្ធភាពសិក្សាបានល្អប្រសើរជាងម្តាយឪពុកបង្ខិតបង្ខំ។ “ម៉ែពុកខ្ញុំគិតថា ជំនាញសារព័ត៌មានហ្នឹងជួបគ្រោះថ្នាក់ ណាមួយខ្លួនជាស្រីផង​ អត់ចង់ឱ្យខ្ញុំរៀនទេ តែខ្ញុំស្រឡាញ់ព្រោះការងារហ្នឹងអាចក្លាយអ្នកកាសែត អ្នកដឹកនាំភាពយន្ត ជាអ្នកនិពន្ធ ព្រោះនេះជាការងារលើប្រព័ន្ធផ្សព្វផ្សាយខ្ញុំពេញចិត្ត”។

ជាការកត់សម្គាល់ ការជ្រើសរើសជំនាញសិក្សាបន្តនៅមហាវិទ្យាល័យបានត្រឹមត្រូវតាមចំណង់ចំណូលចិត្ត ជួយឱ្យនិស្សិតទទួលបានលទ្ធផលសិក្សាល្អប្រសើរ និងទទួលបានឱកាសការងារទូលំទូលាយក្រោយពេលរៀនចប់។ សម្រេចចិត្តត្រឹមត្រូវជំនាញសិក្សាត្រឹមត្រូវ គប្បីឆ្លងកាត់ការពិភាក្សាឱ្យបានហ្មត់ចត់ក្នុងគ្រួសារ ដោយសារយុវជនស្ថិតក្រោមស្រកែភ្នែកមើលថែនិងទំនុកបម្រុងគ្រប់យ៉ាងពីម្តាយឪពុក៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner