ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម
កំពង់ស្ពឺ៖ ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តី នៃសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងកាលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបណ្តុះបណ្តាលសិស្សនាយនគរបាលរបស់សាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ ទន្ទឹមនោះ ឯកឧត្តម ក៏បានណែនាំការងារមួយចំនួនសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់របស់សាលារួមមាន៖
១. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងគិតគូរសុខទុក្ខជីវភាពរស់នៅរបស់មន្រ្តីក្រោមឱវាទ
២. រួមគ្នាអភិវឌ្ឍសាល ដោយបង្កើនការដាំដុះ និងការចិញ្ចឹមសត្វ
៣. ធ្វើជាគំរូល្អក្នុងការចូលរួម និងគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
៤. ចូលរួមបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល
៥. លើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់បន្តខិតខំបំពេញតួនាទីក្នុងនាមជាមជ្ឈមណ្ឌលមួយសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៏បានទទួលយកសំណូមពរចាំបាច់ និងបញ្ហាប្រឈមមួយចំនួនរបស់សាលា ដើម្បីសុំគោលការណ៍ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលេះជាតិ ពិនិត្យដោះស្រាយ។
នាឱកាសនេះផងដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បាននាំយកថវិកាចំនួន ១៥លាន ២សែនរៀល និងភេសជ្ជៈមួយចំនួន របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគតបាលជាតិ ប្រគល់ជូនថ្នាក់ដឹកនាំ និងមន្រ្តីសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ចំនួន ៥២នាក់ ដោយក្នុងម្នាក់ទទួលបាន ១០ម៉ឺនរៀល ឧបត្ថម្ភសាលា ១០លានរៀល ដើម្បីដោះស្រាយបញ្ហាមួយចំនួន និងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ស អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា ៣ពាន់ដុល្លារ សម្រាប់ទិញឧបករណ៍ សម្ភារៈកីឡា ដើម្បីហ្វឹកហាត់ ។
បន្ទាប់ពីសំណេះសំណាលរួចមក ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងប្រតិភូអមដំណើរក៏បានអញ្ជើញចុះពិនិត្យពីស្ថានភាព និងវឌ្ឍនភាពរបស់សាលានគរបាលមិត្តភាពកម្ពុជា-វៀតណាមផងដែរ ៕