រដ្ឋមន្ត្រីកសិកម្ម៖ ការនាំចញអង្ករកម្ពុជាកើនឡើងជាង៤២ភាគរយក្នុងរយៈពេល៥ខែ

អត្ថបទដោយ៖
Charlie Chan

លទ្ធផលនៃការនាំចេញអង្ករ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៥៦ ០៩៧ តោន កើនឡើងប្រមាណ ១០៥ ៩២៥ តោន ស្មើនឹង ៤២,៣៤% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ២៥០ ១៧២ តោន។ នេះបើតាមបាយរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន កាលពីថ្ងៃទី២៩ ខែឧសភា។

ក្នុងរបាយការណ៍ដដែលឲ្យដឹងដែរថា សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាបាន សម្រេចការនាំចេញអង្ករបាន ចំនួន ៥៥ ៨៤៥តោន កើនឡើងចំនួន ១៩ ៤៣៦តោន ស្មើនឹង ៥៣,៣០% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៥១ ៦៨៣តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៣ ៥៧៨តោន និងអង្ករចំហ៊ុយមានចំនួន ៥៨៤តោន ។

របាយការណ៍បានកត់មស្គាល់ថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៥ខែនេះ មានចំនួន ៥៤ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៣ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៤៩ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។

សូមបញ្ជាក់ថាការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដែលក្នុងនោះសហភាពអ៊ឺរ៉ុបកើនចំនួន ៥១,១០%, ប្រទេសចិនកើនចំនួន ២៥,២៦%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៥,៣៩%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩,៤០%៕

ads banner