ជិះម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ភ្លាមៗ
ភ្នំពេញ ៖ យុវជនម្នាក់បានបែកក្បាលស្លាប់បន្ទាប់ពីជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុកខឿនផ្លូវ កាលពីវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី១៩ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសីសុវត្តិចំណុចជិតមហោស្របក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនខាងលើជិះម៉ូតូឌ្រីមសង់០២០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IE 3585 ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើដោយសន្ថានភាពផ្លូវកោងផងនោះបានជ្រុលទៅបុកខឿនផ្លូវពេញទំហឹងបណ្ដាលឲ្យមនុស្ស និងម៉ូតូហោះទៅលើចិញ្ចើមផ្លូវបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះធ្វើកំណត់ហេតុរួចទាក់ទងក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញរងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ៕ ដោយ ៖ ជីម ភារ៉ា