ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានទំហំ 884 លានដុល្លារធ្លាក់ចុះប្រមាណជា 14ភាគរយ

ភ្នំពេញ ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងនៅឆ្នាំ2020 កន្លងទៅមានតម្លៃ 884 លានដុល្លារ ធ្លាក់ចុះប្រមាណជា 14ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2019។

ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ2020 ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ 317លានដុល្លារ ទៅកាន់ប្រទេសកូរ៉េខាងត្បូង មានការធ្លាក់ចុះ 18ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាបាននាំចូល ទំនិញពីប្រទេសកូរ៉េខាងត្បូងដែលមានតម្លៃ 567 លានដុល្លារធ្លាក់ចុះ 5 ភាគរយ។

ប្រឈមនឹងកំណើនពាណិជ្ជកម្មទ្វេភាគីធ្លាក់ចុះនៅឆ្នាំ2020 ប្រទេសទាំងពីរបានបង្ហាញក្តីសង្ឃឹមខ្ពស់ នៃកំណើនពាណិជ្ជកម្មលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ។ រហូតមកដល់ពេលនេះ កម្ពុជា និងប្រទេសកូវ៉េខាងត្បូង កំពុងតែចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយគេរំពឹងថា នៅពេលដែលភាគីទាំងពីរ សម្រេចកិច្ចព្រមព្រៀងនេះបាន នោះពាណិជ្ជកម្មទ្វេរភាគីរបស់ប្រទេសទាំងពីរនឹងមានកំណើនកើនឡើងថែមទៀត។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាថ្មីៗនេះភាគីទាំងពីរនឹងបញ្ចប់សេចក្តីព្រាងកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ ហើយគេរំពឹងថាប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា នឹងអនុញ្ញាតឱ្យក្រុមហ៊ុនរកស៊ីរបស់កូរ៉េខាងត្បូងអាចបង្កើនទំហំរបស់ខ្លួនបន្ថែមទៀត ក្នុងទីផ្សាររបស់ ប្រទេសអាស៊ីអាគ្នេយ៍ ដែលកំពុងតែមានការលូតលាស់គួរឱ្យកត់សម្គាល់។

ផលិតផលដែលកម្ពុជានាំចេញទៅប្រទេសកូរ៉េខាងត្បូងភាគច្រើនជាសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សំភារៈធ្វើដំណើរ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្មផ្សេងៗ រីឯការនាំចូលមកវិញគឺ ភេសជ្ជៈ គ្រឿងបន្លាស់សម្រាប់ឧបករណ៍អេឡិចត្រូនិច យានយន្ត ឧបករណ៍ផ្ទះបាយ ឱសថ និងផលិតផលប្លាស្ទិក។

គួរបញ្ជាក់ថា នៅឆ្នាំ 2019 ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង គឺមានប្រមាណ 1.03 ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើងប្រមាណ 6ភាគរយធៀបនឹងឆ្នាំ2018 ខណៈដែល កម្ពុជាគឺជាទីផ្សារនាំចេញលំដាប់ទី 58 របស់កូរ៉េខាងត្បូង៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner