មីយ៉ាន់ម៉ា លុបចោលគម្រោងសាងសង់កំពង់ផែទឹកជ្រៅដ៏ធំមួយរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនប្រទេសថៃ
បរទេស៖ ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃច័ន្ទម្សិលមិញនេះបានប្រកាសលុបចោលនូវកិច្ចព្រមព្រៀងលើគម្រោងយក្សមួយជាមួយនឹងក្រុមហ៊ុនឧស្សាហកម្មដ៏ធំរបស់ថៃនៅក្នុងការសាងសង់កំពង់ផែសមុទ្រទឹកជ្រៅនៅក្នុងប្រទេសរបស់ខ្លួន។
គម្រោងដែលត្រូវបានប្រកាសលុបចោលនេះមានឈ្មោះថា Dawei mega មានតម្លៃប្រមាណ៦០ពាន់លានដុល្លារ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីអាចទាក់ទាញអ្នកវិនិយោគបរទេសឲ្យចាប់អារម្មណ៍មកលើប្រទេសមីយ៉ាន់ម៉ា ជាពិសេសក្រោយសម័យរបបយោធា ប៉ុន្តែរហូតមកដល់ពេលនេះវាត្រូវបានទទួលរងផលប៉ះពាល់ជាច្រើនតាមរយៈបញ្ហាពន្យាពេលព្រមទាំងបញ្ហានៃការប្រឆាំងពីពលរដ្ឋក្នុងស្រុកផងដែរ។
គួរឲ្យដឹងដែរថា ក្រៅតែពីគម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅដែលត្រូវបានគេរង់ចាំជាយូរមកហើយនោះ ទីក្រុង Dawei ក៏ត្រៀមបង្កើតគម្រោងតំបន់សេដ្ឋកិច្ចពិសេសមួយដែលមានទីតាំងព័ទ្ទជុំវិញក្នុងទំហំ 200 គីឡូម៉ែត្រការ៉េផងដែលនឹងត្រូវបន្តដំណើរការបន្ទាប់គ្នា ប៉ុន្តែយោងតាមការបញ្ជាក់របស់គណៈកម្មការគ្រប់គ្រងគម្រោងបានបញ្ជាក់ថាខ្លួនបានបាត់បង់ទំនុកចិត្តពីក្រុមហ៊ុនថៃ Italian-Thai Development (ITD) បន្ទាប់ពីបញ្ហាបានកើតឡើងដដែលៗ។
នៅក្នុងសេចក្តីប្រកាសនោះផងដែរគណៈកម្មការគ្រប់គ្រងគម្រោងបាននិយាយថា ITD បានបន្តធ្វើការពន្យាពេលជាច្រើនដង ការបន្តធ្វើឲ្យមានព័ត៌មានបែកធ្លាយស្តីអំពីហិរញ្ញវត្ថុប្រឆាំងទៅនឹងកាតព្វកិច្ចនៃកុងត្រាជាពិសេសគឺមិនបានធ្វើការបង្ហាញគម្រោងហិរញ្ញវត្ថុរបស់ខ្លួនក្នុងការដំណើរការសាងសង់តាមកាលកំណត់ឡើយ។
លោក Tun Naing ប្រធានគម្រោងរបស់ Dawei បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាចាប់ពីពេលនេះនឹងប្រកាសស្វែងរកក្រុមហ៊ុនដៃគូថ្មីមកធ្វើការងារលើគម្រោងនេះជំនួសវិញខណៈដែល ITD មកដល់ពេលនេះគឺមិនទាន់បានចេញការឆ្លើយតបណាមួយនៅឡើយ។
ក្រុមហ៊ុន ITD របស់ប្រទេសថៃមានមូលដ្ឋាននៅក្នុងទីក្រុងបាងកក ហើយត្រូវបានគេដឹងថាបានទទួលយកកុងត្រាសាងសង់កំពង់ផែសមុទ្រទឹកជ្រៅរបស់មីយ៉ាន់ម៉ាមួយនេះតាំងតែពីឆ្នាំ2013 ប៉ុន្តែរហូតមកដល់ពេលនេះក្រុមហ៊ុនមួយនេះនៅមិនទាន់បានបង្ហាញពីសកម្មភាពឱ្យខ្លាំងក្លាលើការសាងសង់នៅឡើយ ខណៈដែលក្រុមហ៊ុនសាងសង់របស់ប្រទេសជប៉ុនបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះកិច្ចការងារអភិវឌ្ឍន៍មួយនេះ៕