ក្នុងពេលមានវិបត្តិ អ្នកជំនាញហិរញ្ញវត្ថុណែនាំវិធីសាស្ត្រ 3យ៉ាងដើម្បីទប់អាជីវកម្មកុំឱ្យរលំ
ផលលំបាកដែលកើតចេញពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ នេះមិនមែនជារឿងថ្មីដែលធ្វើឱ្យពិភពលោកជួបវិបត្តិសេដ្ឋកិច្ចនោះទេ។ តាមពិតទៅ រហូតមកដល់ពេលនេះពិភពលោក បានជួបវិបត្តិសេដ្ឋកិច្ចជាច្រើនលើកច្រើនសាររួចមកហើយ ដែលវាបានផ្តល់ផលប៉ះពាល់យ៉ាងច្រើនដល់ម្ចាស់អាជីវកម្ម។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចបានបញ្ជាក់ថា ពិភពលោកអាចនឹងប្រឈមជាមួយបញ្ហាជាច្រើនផ្សេងទៀតដែលនឹកស្មានមិនដល់។ ហេតុនេះ ទាមទារឱ្យម្ចាស់អាជីវកម្មនីមួយៗ ត្រៀមខ្លួនឱ្យបានល្អដើម្បីធានាថាអាជីវកម្មរបស់ខ្លួនអាចឈរជើងបាន ហើយថែមទាំងអស់មានឱកាសពង្រីខ្លួនបានថែមទៀតផងក្នុងដំណាក់កាលពិភពលោកមានវិបត្តិ។
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងដំណាក់កាលនៃវិបត្តិម្តងៗ ម្ចាស់អាជីវកម្មត្រូវតែមានភាពបត់បែន និងរៀបចំយុទ្ធសាស្រ្តឱ្យបានល្អបំផុត។ នៅក្នុងដំណាក់កាលបែបនេះ លោកបានណែនាំយុទ្ធសាស្រ្តសំខាន់ៗចំនួន 3 ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពលំបាក ហើយបន្តអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន។
1.យុទ្ធសាស្រ្តខ្លួន ដើម្បីបន្តនិរន្តរភាព
សម្រាប់ម្ចាស់អាជីវកម្ម ឬអ្នកវិនិយោគដែលមិនបានត្រៀមខ្លួន សម្រាប់ប្រឈមនឹងហានិភ័យ នៅគ្រាដែលមានវិបត្តិដូចពេលបច្ចុប្បន្ន ត្រូវធ្វើយ៉ាងណាខិតខំគ្រប់គ្រងចរន្តសាច់ប្រាក់អោយបានល្អ។ ក្នុងករណីដែល ចំណូលធ្លាក់ចុះខ្លាំងត្រូវព្យាយាមកាត់បន្ថយចំណាយ និងពន្យាការសងបំណុលនានាដូចជាតាមរយៈ ចរចាជាមួយម្ចាស់អាគារដែលអ្នកជួលធ្វើអាជីវកម្មនិងធនាគារដែលអ្នកជំពាក់។ល។
បន្ថែមលើនេះ ត្រូវពិចារណាថា តើនៅមានទ្រព្យសម្បត្តិអ្វីខ្លះ ដែលអ្នកអាចនឹងលក់ហើយមិត្តភក្រ័សាច់ញាតិ ណាដែលអ្នកអាចខ្ចីប្រាក់ដើម្បីយកមកស្រោចស្រង់អាជីវកម្មរបស់អ្នកបាន។ ឧទាហរណ៍ មហាសេដ្ឋីជនជាតិ អង់គ្លេស លោក រីឆាតប្រេនសុន បានប្រកាសលក់កោះផ្ទាល់ខ្លួន ដើម្បីយកប្រាក់ស្រោចស្រង់អាជីវកម្ម។
2. យុទ្ធសាស្រ្តពង្រឹងកម្លាំងត្រៀមពង្រឹងទីផ្សារ និងចាប់ឱកាសថ្មីៗ
ក្នុងខណៈដែលអាជីវកម្មឬការវិនិយោគរបស់អ្នកដំណើការធម្មតាឬជួបបញ្ហាខ្លះៗក្តី ប៉ុន្តែអ្នកបានត្រៀម ខ្លួនរួចរាល់សម្រាប់ប្រឈមនឹងហានិភ័យនាពេលមានវិបត្តិ អ្នកគប្បីវិនិយោគលើការពង្រឹងសម្ថភាពផ្ទៃក្នុង ដូចជាបំពាក់បច្ចេកវិទ្យា (ក្នុងការគ្រប់គ្រងសន្និធិការលក់ បុគ្គលិក) ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹកសមត្ថភាពទទួលបានហិរញ្ញប្បទាន ដើម្បីត្រៀមទន្ទ្រានទីផ្សារនិងចាប់យកឱកាសថ្មីៗនៅពេល វិបត្តិចាប់ផ្តើមធូរស្រាល និងសេដ្ឋកិច្ចចាប់ផ្តើមដំណើការល្អឡើងវិញ។
3.យុទ្ធសាស្រ្តវាយលុកពង្រីកទីផ្សារ
ក្នុងខណៈដែលអាជីវកម្ម ឬការវិនិយោគដំណើការធម្មតា អ្នកមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរឹងមាំ មានធនធាន មនុស្សគ្រប់គ្រាន់ និងមានសមត្ថភាពផ្នែកហិរញ្ញវត្ថុខ្ពស់ នោះជាឱកាសវាយលុកដើម្បីទន្ទ្រានពង្រីកទីផ្សារ និងចាប់យកឱកាសថ្មីៗ។ នៅក្នុងដំណាក់កាល នេះជាឱកាសដ៏ល្អបំផុត សម្រាប់ពង្រីកអាជីវកម្ម និងទំហំផលបត្រ័វិនិយោគប្រកបដោយគុណភាពខ្ពស់បំផុត៕