លោក ដូណាល់ ត្រាំ និយាយថា លោកកំពុងកាត់ផ្តាច់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយអង្គការសុខភាពពិភពលោក WHO
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះថ្លែងថា រូបលោកកំពុងបញ្ចប់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយអង្គការសុខភាពពិភពលោក WHO ដោយសារតែបញ្ហាជម្ងឺ COVID-19 ហើយថា អង្គការអន្តរជាតិនេះបានក្លាយជាអាយ៉ងរបស់ប្រទេសចិន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។
លោក ដូណាល់ ត្រាំ ថ្លែងនៅឯសេតវិមានថា អង្គការសុខភាពពិភពលោក WHO បានបរាជ័យចំពោះការធ្វើកំណែទម្រង់ក្នុងស្ថាប័នរបស់ខ្លួន ដែលប្រធានាធិបតីបានទាមទារតាមរយៈការផ្ញើលិខិតកាលពីថ្ងៃទី១៨ ខែឧសភា ទៅកាន់អគ្គនាយកអង្គការ WHO លោក ថេត្រូស អាដាណម ហ្គេប្រេយែសឹស ដែលនៅក្នុងលិខិតនោះ បានទុករយៈពេល៣០ថ្ងៃឱ្យអង្គការអន្តរជាតិនេះ បង្ហាញពីការប្តេជ្ញាចិត្តដើ ម្បីធ្វើកំណែទម្រង់របស់ខ្លួន ។
ប្រធានាធិបតីអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា ពួកគេបានខកខានមិនបានធ្វើកំណែទម្រង់ដែលបានស្នើសុំ និងត្រូវការជាចាំបាច់…. ដូច្នេះថ្ងៃនេះ យើងនឹងបញ្ចប់ទំនាក់ទំនងរបស់យើងជាមួយអង្គការសុខភាពពិភពលោក WHO និងបង្វែរមូលនិធិទាំងនោះទៅអង្គការនៅទូទាំងសកលលោកផ្សេងទៀត ហើយសាកសមនឹងតម្រូវការផ្នែកសុខភាពសាធារណៈជាសកល ។ ជុំវិញការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ អង្គការសុខភាពពិភពលោក WHO នៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបវិញនៅឡើយទេ ៕