កងទ័ពជើងគោក បិទវគ្គហ្វឺកហ្វឺនពលទាហានថ្មី នៅសាលាពលទាហានទី៤ ខេត្ដសៀមរាប
សៀមរាប៖ សិក្ខាកាមពលទាហាថ្មីបំពេញក្របខ័ណ្ឌកងទ័ពជើងគោកឆ្នាំ២០២០ ចំនួន៣៩៥នាក់ ក្នុងនោះពលទាហាននារីចំនួន១១នាក់ ត្រូវបានបិទវគ្គហ្វឺកហ្វឺន នៅសាលាពលទាហានទី៤ មិត្ដភាពកម្ពុជា វៀតណាម ស្ថិតនៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០នេះ ដើម្បីបំពេញការងារនៅតាមអង្គភាពនានា ដែលចំណុះអោយនៅក្នុងយោធភាគទី៤ ។
លោកឧត្ដមសេនីយឯក ពៅ ហេង មេបញ្ជាការ រងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ មានប្រសាសន៍ថា វគ្គហ្វឺកហ្វឺនេះ មានរយៈពេល៣ខែចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០នេះ ។ ការហ្វឹកហ្វឺននេះ មានគោលបំណងនៃវគ្គហ្វឹកហ្វឺនដល់ពលទាហានថ្មី បំពេញក្របខ័ណ្ឌនាពេលនេះ ដើម្បីឲ្យពលទាហានទាំងអស់ យល់ច្បាស់អំពីរបៀបរបប សណ្តាប់ធ្នាប់ យល់ដឹងនូវលក្ខខ័ន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ មានសមត្ថភាពគ្រប់គ្រាន់ ចេះផែនទី និងត្រីវិស័យ ប្រើប្រាស់ស្ទាត់ជំនាញនូវអាវុធថ្មើរជើង ច្បាស់លាស់មានការយល់ដឹងអំពីកលល្បិច យុទ្ធវិធីក្នុងការវាយលុក ទប់ស្កាត់ ជាមួយសត្រូវ និងវិធីសាស្ត្រក្នុងការឆ្លងកាត់គ្រប់ឧបសគ្គក្នុងការបំពេញបេសកកម្ម ជាពិសេសលើកកម្ពស់ស្មារតី សីលធម៌ អត្តចរិតថ្លៃថ្នូរ សមរម្យ មានកាយ សម្បទាមាំមួនបង្កើនសមត្ថភាពយល់ដឹងកាន់តែច្បាស់ អំពីតួនាទីភារកិច្ចចាំបាច់ ក្នុងការការពារជាតិ មាតុភូមិ ការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជា ណាចក្រកម្ពុជាមិនឱ្យខ្មាំងសត្រូវឈ្លានពានបាន។ លោកឧត្ដមសេនីយបានបន្ដថា កម្មសិក្សាការីទាំងអស់ពិតជាបានខិតខំប្រឹងប្រែងរៀនសូត្រ ក្រប ជញ្ចក់ យកចំណេះដឹង ចំណេះធ្វើ ពីយោធាចារ្យ សម្រាប់យកទៅអនុវត្តន៍បំពេញរាល់ភារកិច្ចជាក់ស្តែង តាមបណ្តាកងឯកភាពក្រោយពេលបញ្ចប់វគ្គហ្វឹកហ្វឺនឲ្យ បានទទួលបានជោគជ័យ។
លោកឧត្ដមសេនីយ៍ បានបន្ដទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់ដោះស្រាយ រាល់ការលំបាកខ្វះខាត ដល់កងយោធពលខេមរភូមិន្ទ នៅរដូវរងារមានអាវ រង និងបានចាត់ទុកវិស័យការពារជាតិជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ក្នុងការ ការពារសន្តិសុខ ស្ថេរភាព ជូនប្រទេសជាតិ។
ឯកឧត្ដមសេនីយបានកោតសរសើរ ចំពោះយោធិន កម្មសិក្សាការីពួគាត់បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ថែរក្សា ការពារ សណ្តាប់ធ្នាប់ និងសុវត្ថិភាពបានល្អប្រសើរ ដែលបានគោរពតាមបទបញ្ជា របស់ រាជរដ្ឋាភិបាល និងការណែនាំក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់-ប្រយុទ្ធ ប្រឆាំងនឹង ជំងឺផ្លូវដង្ហើម កូវីដ ១៩ ដែលកំពុងរាតត្បាតទូទាំងសកលលោក។ ចំណែកសិក្ខាកាមពលទាហានថ្មីទាំងអស់ ពួកគេក៏បានប្ដេជ្ញាចិត្ដនឹងទៅបំពេញតួនាទីអ្នកជាបម្រើជាតិមាតុភូមិអោយបានខ្ជាប់ខ្ជួនផងដែរ។ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយមិនអោយសត្រូវឈ្លានពានទឹកដីរបស់កម្ពុជាឡើយ៕ធ.ដ