លោកជំទាវ ជូ ប៊ុនអេង បានជំរុញឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្នុងក្រុងកំពង់ឆ្នាំង បន្តយកចិត្តទុកដាក់តាមដានចំពោះបញ្ហាសុខភាព និងជីវភាពពលរដ្ឋ នៅមូលដ្ឋានបន្តទៀត
កំពង់ឆ្នាំង៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង បានជំរុញដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវបន្តសហការយកចិត្តទុកដាក់ ធ្វើការពិនិត្យ និងតាមដានសុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីធានាបាន នូវការទប់ស្តាត់ ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍ ។
លោកជំទាវ ជូ ប៊ុនអេង បានជំរុញបែបនេះក្នុងឱកាសជួបសំណេះសំណាល និងចែកអំណោយរបស់ព្រះគ្រូ កង សុផល ព្រះគ្រូសូត្រស្តាំវត្តអារញ្ញការាម និងសប្បុរសជនជិតឆ្ងាយ ដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារ មកពីភូមិចំនួន៦ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នៅវត្តអារញ្ញការាមស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោកជំទាវ ជូ ប៊ុនអេង ក៏បានអោយដឹងទៀតថា៖ បញ្ហាជំងឺកូវីដនេះ បានបន្តរាលដាលនៅទូទាំងសាកលលោក ដែលបង្ករអោយមនុស្សឈឺ និងស្លាប់ជាបន្តបន្ទាប់ផងដែរ ដោយឡែកប្រទេសកម្ពុជាវិញជំងឺកូវិដ១៩នេះ ក៏បានកើតមាន និងរងនូវផលប៉ះពាល់ ផងដែរ។ ដូចនេះយើងទាំងអស់គ្នាត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈការធ្វើអនាម័យជាប្រចាំ គឺលាងសម្អាតដៃ និងសាប៊ូ ឬ អាល់កុល និងហូបស្អាត ផឹកស្អាត ពាក់ម៉ាស់ ក្រម៉ា និង មិនត្រូវនៅប្រមូលផ្តុំគ្នាច្រើននោះទេ ។
លោកជំទាវ ជូ ប៊ុនអេង ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវតែបន្តយកចិត្តទុក ដាក់ត្រួតពិនិត្យសុខភាព បើប្រជាពលរដ្ឋណាមានការសង្ស័យនូវការឆ្លងជំងឺកូវីដ១៩នោះ សូមរាយការណ៍ជាប្រញាប់មកអាជ្ញាធរខេត្ត ដើម្បីបញ្ជូនទៅធ្វើការព្យាបាលអោយទាន់ពេលវេលា ។ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថាៈ កន្លងមកនេះ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានយកចិត្តដាក់ក្នុងការដាក់វិធានការការពារទប់ស្កាត់ការីករាលដាលនៃជំងឺកូវិដ ១៩ តាមរយៈម៉ូតរឺម៉កកង់បី រថយន្ត ដោយបានចាក់សារអប់រំពន្យល់ណែនាំអប់រំ ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានអំពីវិធានការនានារបស់ក្រសួងសុខាភិបាល បច្ចុប្បន្ននៅតែបន្តការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នបន្តទៀត ដោយអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។
លោក យិន សាវ៉េន បានមានប្រសាសន៍អោយដឹងទៀតថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនោះ គឺបានមកពីការបរិច្ចាកនូវទេយ្យទានដោយផ្ទាល់ពីព្រះគ្រូ កង សុផល ព្រះគ្រូសូត្រស្តាំវត្តអារញ្ញិការាម និង សប្បុរសជនជិតឆ្ងាយ សរុបជាថវិកាជាង១៨លានរៀល ។ អំណោយទាំងនេះផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និង ថវិកា១ម៉ឺនរៀល ៕ធ.ដ
ដោយសុក្ខារិន