ជូនជ្រាប លោក ឈិន ឈាង ជាព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ស្រុកខ្មែរយើងលោក ទទួលមរណភាពហើយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ស្រុកខ្មែរយើងលោក ឈិន ឈាង បានទទួលមរណភាពហើយ នាវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ ហើយការបាត់បង់នេះជាការបាត់បង់សម្បត្តិមនុស្សរស់មួយរបស់កម្ពុជា

សពតម្កល់ធ្វើបុណ្យ ក្នុងគេហដ្ឋានរបស់លោក នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោយវត្តនាគវ័ន្ត រាជធានីភ្នំពេញ។ អ្នកស្រី អ៊ុក សុផា ដែលត្រូវជាភរិយារបស់លោកព្រឹទ្ធាចារ្យ ឈិន ឈាង ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សពរបស់លោកព្រឹទ្ធាចារ្យ នឹងត្រូវយកទៅបញ្ចុះនៅខេត្តកាកែវ ក្នុងស្រុកបាទី នាថ្ងៃចន្ទទី១ ខែមិថុនា។

ព្រឹទ្ធាចារ្យ ឈិន ឈាង ជាសិល្បករពហុជំនាញផ្នែកសិល្បៈបុរាណ ដែលមានទេពកោសល្យខ្ពស់លើសិល្បៈអាយ៉ៃ។ បន្ថែមពីនោះ លោកចេះសម្ដែងល្ខោនបាសាក់ យីកេ និងចេះលេងចាប៉ីដងវែង ព្រមទាំងលេងឧបករណ៍ភ្លេងបុរាណច្រើនប្រភេទទៀត។ ព្រឹទ្ធាចារ្យ ឈិន ឈាង បានប្រឡូកក្នុងវិស័យសិល្បៈបុរាណ តាំងពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦៥ មកម្ល៉េះ។  ក្នុងចំណោមកូនទាំង៧នាក់របស់លោក មិនមានកូនណាម្នាក់ មានឧបនិស្ស័យខាងសិល្បៈឡើយ។

ខាងលើនេះ គឺជាការបញ្ជាក់របស់អ្នកស្រី អ៊ុក សុផា ដែលជាសិល្បការិនីអាយ៉ៃ ហើយក៏ជាដៃគូច្រៀងអាយ៉ៃជាមួយស្វាមីរបស់អ្នកស្រីដែរ ៕ ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner