ចិននៅតែមិនអាចខ្វះអូស្ត្រាលីបានក្នុងការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ

បរទេស៖ប្រទេសចិន និងអូស្ត្រាលីត្រូវបានគេមើលឃើញថា បានប្រឈមមុខគ្នាយ៉ាងខ្លាំងពេញមួយឆ្នាំកន្លងមកនេះទៅលើបញ្ហាពាណិជ្ជកម្មរវាងគ្នា និងគ្នា ប៉ុន្តែអ្វីដែលជាភាពចាំបាច់នៅចំពោះមុខត្រូវបានអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំលើពិភពលោកទី2 ចិន គឺមិនអាចខ្វះអូស្ត្រាលីបានឡើយ ជាពិសេសគឺជារ៉ែដ៏មានតម្រូវការបំផុតរបស់អូស្ត្រាលី។

រដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃដើមសប្ដាហ៍នេះបានប្រកាសថា GDP របស់ខ្លួនបានកើនឡើងប្រមាណជា 2.3 ភាគរយកាលពីឆ្នាំ2020 ដែលរួចផុតពីវបត្តិសេដ្ឋកិច្ច ខណៈដែលបណ្តាប្រទេសផ្សេងទៀតលើលោកសុទ្ធតែមិនអាចគេចផុតដោយសារបញ្ហាកូវីដ ដោយក្នុងនោះផងដែរ GDP របស់ចិននៅត្រឹមាសទី4 មានសន្ទុះដល់ទៅ 6.5 ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ 2019។

អ្វីដែលជាកត្តាជំរុញធំបំផុតនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលចិនដែលបានប្រើប្រាស់ពេលវេលា និងធនធានដើម្បីវិនិយោគទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ហើយជាលទ្ធផលពីវិស័យឧស្សាហកម្មខ្លួនបានទទួលកំណើនប្រមាណជា 7.3 ភាគរយកាលពីខែមុន ដោយការផលិតដែកឆៅបានកើនឡើងដល់កំណត់ត្រាគឺ 1.05 ពាន់លានតោនពេញមួយឆ្នាំពោលគឺកើនឡើងក្នុងអត្រា 5 ភាគរយធៀបទៅនឹងឆ្នាំ2019។

មានន័យថា ចិនមិនអាចថែរក្សានិរន្តភាពសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនបានឡើយប្រសិនបើមិនអាចមានរ៉ែដែកគ្រប់គ្រាន់ទេនោះ ពីព្រោះថាគម្រោងហេដ្ឋារចនាសម្ព័ន្ធគឺមិនអាចខ្វះបានឡើយដូចជាគម្រោងផ្លូវថ្នល់ការសាងសងស្ពាន និងអគារជាដើម គឺសុទ្ធតែត្រូវការដែក ហើយក្នុងនោះទិន្នន័យបានបញ្ជាក់ដែរថា ចិនបាននាំចូលរ៉ែដែកសរុប17 ភាគរយកើនឡើងពីឆ្នាំ2019។

ងាកទៅប្រទេសអូស្ត្រាលីបានក្លាយខ្លួនទៅជាអ្នកផ្គត់ផ្គង់ដ៏មានឥទ្ធិពលមួយរបស់ចិន ខណៈដែលតម្រូវការក៏ចេះតែកើនមានឡើង ហើយក្នុងនោះសម្រាប់ទីផ្សារចិនរដ្ឋាភិបាលអូស្ត្រាលីគឺ អាចទទួលខុសត្រូវនាំចេញរ៉ែដែកប្រមាណទៅដល់ 60 ភាគរយរួចទៅហើយនៃទំហំសរុបដែលចិនត្រូវការ។

លោក Sean Langcake អ្នកវិភាគជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Oxford បាននិយាយថា ការងើបឡើងវិញនៃឧស្សាហកម្មចិនពិតជាបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាបានរុញឲ្យចិនមិនអាចខ្វះបានឡើយនូវការនាំចូលប្រភេទរ៉ែដែកពីអូស្ត្រាលីទោះបីជារដ្ឋាភិបាលប៉េកាំងបានព្យាយាមដាក់សំពាធមកលើរដ្ឋាភិបាលក្រុងកាន់ប៊ីរ៉ាក្តីនាពេលកន្លងមកពាក់ព័ន្ធទៅនឹងការស្នើសុំឲ្យមានការស្រាវជ្រាវរកប្រភពពិតនៃវិរុសកូវីដដែលកំពុងរាតត្បាតពេញពិភពលោកក៏ដោយ។

ជាមួយគ្នានេះ សម្រាប់ប្រទេសអូស្ត្រាលីក៏ត្រូវបានគេមើលឃើញដែរថា ការនាំចេញរ៉ែដែករបស់ខ្លួនក៏នៅតែរឹងម៉ាំ ដោយសារមានតម្រូវការដ៏ខ្លាំងក្លាពីសំណាក់ប្រទេសចិន ហើយក្នុងនោះក្រុមហ៊ុនជីកយករ៉ែក Rio Tino (RIO) បានរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញនេះថា ការនាំចេញវត្ថុធាតុដើមរបស់ខ្លួនជារ៉ែដែកមានចំនួនកើនឡើងប្រមាណជា 2.4 ភាគរយកាលពីត្រីមាសទី4 ឆ្នាំ2020 ដោយចិនគឺជាអ្នកបញ្ជាទិញច្រើនជាងគេបំផុត៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner