អាជ្ញាធរជាតិអប្សរាបានផ្តើមគម្រោងជួសជុលស្ពាននេះដំណាក់កាលទី១ ចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើង

អត្ថបទដោយ៖
AMS OneMinute

ស្ពានតាអោង ឬតាអុង ស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន ២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ។

អាជ្ញាធរជាតិអប្សរាបានផ្តើមគម្រោងជួសជុលស្ពាននេះដំណាក់កាលទី១ ចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើង។ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជី ជួសជុលថ្ម រៀបចំពង្រឹងឡើងវិញជើងសសរថ្មដែលរលុះធ្លាក់ បង្ហាប់ដីកន្លែងច្រោះនៅគល់ស្ពានខាងលិច និងរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។

ស្ពានតោអោង ឬតាអុង មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់។

គេពុំដឹងច្បាស់ថាវាចាប់ផ្តើមកសាងឡើងក្នុងរាជ្យណាទេ គឺគ្រាន់តែដឹងជាទូទៅថាស្ពាននេះសាងឡើងនាសម័យអង្គរ ហើយចម្លាក់បង្កាន់ដៃនាគមានរចនាបថបាយ័ន្ត។

ប្រភព៖ អាជ្ញាធរជាតិអប្សរា

ads banner