ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ស្នើរឲ្យអភិបាល ខេត្តមណ្ឌលគិរី រៀបចំចុះបញ្ជីប្លង់រឹងឲ្យបាន រួច រាល់ចំពោះទីតាំងដែលត្រូវរៀបចំទុកជាប្រភពទឹកស្អាតផ្គត់ផ្គង់ សម្រាប់ក្រុងសែនមនោរម្យ ចៀសវាងការលំបាកនៅថ្ងៃក្រោយ

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត  ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ដល់អភិបាលខេត្តមណ្ឌលគិរីថា ត្រូវរៀបចំចុះបញ្ជីប្លង់រឹងឲ្យបានរួចរាល់ចំពោះ ទីតាំងដែលត្រូវរៀបចំទុកជាប្រភពទឹកស្អាតផ្គត់ផ្គង់ សម្រាប់ក្រុងសែនមនោរម្យ ចៀសវាងការលំបាក នៅថ្ងៃក្រោយ។ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងពិធីសម្ពោធមន្ទីរឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងការកោតសរសើរយ៉ាងខ្លាំង ចំពោះមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី បើទោះបីជាខេត្តមួយនេះ មានដង់ស៊ីតេប្រជាជនទាប ការអភិវឌ្ឍន៍នៅមានកម្រិត ប៉ុន្តែ ស្មារតីរបស់មន្ត្រី និងលោកប្រធានមន្ទីរ បានពុះពារគ្រប់ឧបសគ្គតាំងពីនៅ អាគារជួលគេ ដែលជាផ្ទះឈើតូចមួយ រហូតអាចសាងសង់អាគារសម្រាប់មន្ត្រីធ្វើការ ជាងនេះទៀតសោត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ខ្វះខាតនូវធនធានមនុស្ស ប៉ុន្តែ ខេត្តមួយនេះ បានបញ្ចប់ បេសកកម្មការងារដ៏ជោគជ័យ មានការគ្រប់គ្រងប្រព័ន្ធ ការងារ គ្រប់ទីតាំងណែនក្នុងដៃ ជាពិសេស គម្រោងប្រព័ន្ធទឹកស្អាតសម្រាប់ក្រុងសែនមនោរម្យ ទាំងអង្គភាពទឹកស្អាត និងមន្ទីរបានសហការគ្នាយ៉ាងល្អ ក្នុងការសម្រេចបាននូវផែនការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋប្រមាណជិត ២ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់និងជំរុញ មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវបន្តយកចិត្តទុកដាក់ជួយសម្រួលការងារ និងអាជីវកម្មសហគ្រាស តូចធំនៅក្នុងខេត្តឲ្យដំណើរការបានជាប្រក្រតីចៀសវាង ការប្រឈមកិច្ចការងាររដ្ឋបាល ដែលអាចបង្កការខាតបង់ឬអាជីវកម្មរបស់ពួកគាត់ ត្រូវលើកទឹកចិត្តដល់អ្នកវិនិយោគនឹងជួយសម្រួលដល់ការងារចាំបាច់ដែលពួកគាត់ត្រូវការ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា គិតចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០ វិស័យឧស្សាហកម្មស្ទើរតែគ្មានសកម្មភាពក្នុងខេត្តមួយនេះ សូម្បីទឹកពិសាបរិសុទ្ធ ក៏ត្រូវនាំចូលមកពីបណ្ដាខេត្តនៅជិតខាង។ ប៉ុន្តែសម្រាប់សហគ្រាស និងសិប្បកម្មធុនតូច រហូតដល់សព្វថ្ងៃនេះ មានសិប្បកម្មនៅក្នុងខេត្តរហូតដល់ ៤២៩ មូលដ្ឋាន ដែលជាការបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃវិស័យឧស្សាហកម្ម និងសិប្បកម្មក្នុងខេត្តមណ្ឌលគិរី មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាការជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុង ស្រុកក៏ដូចជាប្រទេសផងដែរ។

លោក តូវ សុធារ៉ា ប្រធានមន្ទីរ ឧស្សាហកម្មខេត្តឲ្យដឹងថា អាគាររដ្ឋបាលមន្ទីរនេះ គឺចាប់ផ្តើមដំណើរការសាងសង់អស់រយៈពេល៣ឆ្នាំ ជាប់នឹងអង្គភាពរដ្ឋាករទឹកស្អាតខេត្ត អាគារមន្ទីរថ្មីនេះ មានទំហំ ២០ម៉ែត្រ គុណ១៥ម៉ែត្រ និងមានបន្ទប់សរុប១០បន្ទប់ ។ សព្វថ្ងៃមន្ទីរមានផែនទីសន្ធិប្រភពទឹកក្នុងខេត្តទីតាំងស្ថានីយ៍ផលិតទឹកស្អាតដែលមានស្រាប់ និងទីតាំងដែលមិនទាន់មាន ព្រមទាំងចំនួនស្ថិតិខ្នងផ្ទះប្រជាពលរដ្ឋតាមភូមិស្រុកនីមួយៗតាមប្រព័ន្ធ google ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ទិន្នន័យ សម្រាប់វិនិយោគជាមួយវិស័យឯកជនទៅលើការផ្គត់ផ្គង់ទឹកស្អាត។ តមក ឯកឧត្ដម ទេសរដ្ឋមន្រ្តី  អមដំណើរដោយឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត បានបន្តចុះពិនិត្យបណ្តាញ និងគម្រោងទឹកស្អាត ក្រោមកម្ចីរបស់ធនាគារពិភពលោក ស្ថិតនៅក្រុងសែនមនោរម្យ ៕ ដោយ៖លោកពលៈ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner