ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស កម្មវិធីផ្ទះមនុស្សធម៌
ខេត្តកំពង់ចាម៖ ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានរៀបចំពិធីប្រកាស កម្មវិធីផ្ទះមនុស្សធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១។ កម្មវិធីនេះ មានការនិមន្ត និងអញ្ជើញចូលរួម ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី មេគណខេត្ត និង ព្រះចៅអធិការ និមន្តមកពី វត្តនានាក្នុងខេត្ត , លោកជំទាវ ឯកឧត្តម អនុប្រធាន, លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា, ប្រធានកិត្តិយស និងប្រធាន អនុសាខា ក្រុង ស្រុក សរុបចំនួន ៨៩អង្គ/នាក់ ។
កម្មវិធីផ្តល់ផ្ទះមនុស្សធម៌នេះ ជាកម្មវិធីថ្មី តែជាសកម្មភាពចាស់ បានបង្កើតឡើង ស្ថិតក្រោមការ ដឹកនាំរបស់គណៈកម្មាធិការសាខា សហការជាមួយសាលាគណខេត្ត ក្នុងគោលបំណង ជួយសាងសង់ និងផ្តល់ផ្ទះជាអំណោយមហាសាល ជូនដល់ទុរគតជន និងជនងាយរងគ្រោះទាំងឡាយណា ដែលលំបាកខ្វះខាត ហើយត្រូវការជម្រកសម្រាប់ស្នាក់នៅពិតប្រាកដ ដោយមិនរើសអើង មិនប្រកាន់សាសនា ឬ និន្នាការនយោបាយអ្វីឡើយ ។ សូមបញ្ជាក់ថា កម្មវិធីនេះ មានក្រុមការងារ ២ជាសេនាធិការ ។ មួយក្រុម ជាក្រុម ការងារប្រតិបត្តិនិងវាយតម្លៃ ដឹកនាំដោយលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា មានសមាជិក ៦អង្គ/នាក់ និង ១ក្រុមទៀត ជាក្រុមការងារកៀងគរ និងគ្រប់គ្រងមូលនិធិ ដឹកនាំដោយ ព្រះមេគណខេត្ត មានសមាជិក សមាជិកា ចំនួន ៤៩ អង្គ/នាក់។
ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកការស្ម័គ្រព្រះទ័យនិមន្តចូលរួមរបស់ព្រះមេគណខេត្ត ព្រះអនុគណក្រុង ស្រុក និងសហការី ក្នុងកម្មវិធីថ្មី នេះ ជាការរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន ក្នុងការងារផ្តល់ជំនួយសុខុមាលភាពសង្គម ដល់ជនងាយរងគ្រោះបំផុត ដែលនេះគឺ ជាការលើកកំពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ ស្របតាម ទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។ ឯឩ ប្រធាន គណៈកម្មាធិការសាខា សូមអំពាវនាវ ដល់សប្បុរសជន គ្រប់មជ្ឈដ្ឋាន និងអង្គការដៃគូ នានា មេត្តាចូលរួមឧបត្ថម្ភគាំទ្រ ដល់កម្មវិធីផ្តល់ផ្ទះមនុស្សធម៌ខេត្តកំពង់ចាម នេះ អោយបានច្រើនកុះករ ដើម្បីជួយសង្គ្រោះ ជួយដោះស្រាយទុក្ខលំបាក ជនក្រីក្រ ងាយរងគ្រោះជាអាទិភាពទាំងឡាយ ដែលខ្វះលទ្ធភាព ហើយត្រូវការលំនៅដ្ឋានស្នាក់នៅសមរម្យ ។ (អត្ថបទ និងរូបភាព៖ ជួន រតនាវង្ស)