រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចុះទៅពិនិត្យ និងទស្សនា នៅសហគមន៍ទេសចរណ៍ធម្មជាតិព្រៃកោងកាង ស្ថិតនៅក្នុងភូមិ ឃុំ ខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប
ក្នុងឱកាសចុះបំពេញបេសកកម្មនៅលើទឹកដីស្រុកសូទ្រនិគម ខេត្តសៀមរាប លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឆ្លៀតពេលចុះទៅពិនិត្យ និងទស្សនា នៅសហគមន៍ទេសចរណ៍ ធម្មជាតិព្រៃកោងកាង ស្ថិតនៅក្នុងភូមិសាស្ត្រឃុំ ខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលនៅប៉ែកខាងកើតនៃក្រុងសៀមរាប ដែលមានចម្ងាយ ប្រមាណ៤០គីឡូម៉ែត្រ ។
លោក ឌន ឌឿន ប្រធានទេសចរណ៍សហគមន៍ខ្នារពោធិ៍ បានឲ្យដឹងថា ផ្ទៃដីព្រៃសហគមន៍ ខ្នារពោធិ៍នេះ មានទំហំ ១ពាន់២២ហិចតា ក្នុងនោះព្រៃកោងកាងចំនួន៩០ហិចតា ។ លោកបានបន្តថា ការបង្កើតឲ្យតំបន់ទេសចរណ៍សហគមន៍នេះ គឺដើមី្បក្នុងការទ្រទ្រង់ និងអភិរក្សព្រៃឈើសហគមន៍ខ្នារពោធិ៍នេះ ឲ្យបានគង់វង្ស ក្នុងការប្រើប្រាស់នៅក្នុងសហគមន៍ទាំង៧ ក្នុងឃុំនេះ ។ ម៉្យាងទៀតរាល់ចំណូលទាំងឡាយ ដែលបានពីការលក់ ចំណីអាហារ និងការផ្ញើរថយន្ត ម៉ូតូ ត្រូវបានយកទៅឧបត្ថម្ភដល់អ្នកធ្វើអនាម័យ បរិស្ថាន និង ក្រុមល្បាតការពារព្រៃសហគមន៍ ព្រមទាំងបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ បង្កើននូវមុខរបរ ការងារដែលទាញយកពីទេសចរ សហគមន៍ព្រៃកោងកាងនេះ ក្នុងការកាត់បន្ថយការធ្វើចំណាក ស្រុក ឲ្យបែមកប្រកបការងារផ្សេងៗ ដើមី្បយកមកផ្គត់ផ្គង់ដល់តម្រូវការរបស់ភ្ញៀវចូលមកកាន់ទីនេះផងដែរ ។
លោកជំទាវ ជូ ប៊ុនអេង ក៏បានកោតសរសើរ ចំពោះគំនិតច្នៃប្រឌិតរបស់សហគមន៍ ក្នុងការអភិរក្សព្រៃ ឈើធម្មជាតិ ព្រមទាំងធ្វើការប្រែក្លាយឲ្យទៅជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលផ្តល់នូវឧត្តមប្រយោជន៍ជាច្រើន ដល់សហគមន៍ខ្លួន ។ សកម្មភាពទាំងនេះ ក៏ជាផ្នែកមួយក្នុងការរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ព្រមទាំងបង្កើនបាននូវការងារមួយចំនួនជូនដល់ប្រជាពលរដ្ឋ ក្នុងចលនាភូមិមួយផលិតផលមួយ ដែលកើតចេញពីប្រជាពលរដ្ឋ ដើមី្បបម្រើដល់សហគមន៍ និង បានលើកកម្ពស់ជីវភាពរបស់សហគមន៍បានមួយកម្រិត ថែមទៀត ព្រមទាំងបានចូលរួមក្នុងការកាត់បន្ថយនូវអំពើហិង្សាក្នុងគ្រួសារនៅក្នុងសហគមន៍ទៀតផង ។ លោកជំទាវ ក៏បានធ្វើការណែនាំ និងផ្តល់នូវគំនិតក្នុងកិច្ចអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ ឲ្យកាន់តែមានភាពប្រសើរឡើង ក្នុងការទាក់ទាញ និងបម្រើសេវាដល់ភ្ញៀវទៀតផង ។ ក្នុងនោះលោកជំទាវបានសង្កត់ធ្ងន់ចំពោះបញ្ហាសម្រាមជាធំ ព្រមទាំងធ្វើការបំផុសដល់បងប្អូនដែលចូលមកទស្សនា ឲ្យចូលរួមថែរក្សាបរិស្ថាន សំខាន់គឺត្រូវដាក់នូវបម្រាមមិនឲ្យជក់បារី នៅក្នុងតំបន់ព្រៃកោងកាង ដែលជាហានីភ័យមួយដែលយើងទាំងអស់គ្នាត្រូវចូលរួមក្នុងការបង្កា ការពារដោយខានមិនបាន ដែលជាអាយុជីវិតសម្រាប់ភ្ញៀវ និង សហគមន៍ទាំងមូលទៀតផង ។
ក្នុងនោះដែរលោកជំទាវរដ្ឋលេខាធិការ ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ដល់ប្រធានទេសចរណ៍សហគមន៍ ដើមី្បយកទៅប្រើ ប្រាស់ក្នុងសហគមន៍ផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប