មូលហេតុ 5 ចំណុចនេះ ដែលពិភពលោកប្រាថ្នាប្រើប្រាស់ថាមពលស្អាត

អត្ថបទដោយ៖
ស៊ុន លី

ចំណេះដឹងទូទៅ៖ បច្ចុប្បន្នការប្រើប្រាស់ថាមពលផូស៊ីលឥន្ធនៈកំពុងក្តោបក្តាប់វិស័យថាមពលរបស់ពិភពលោកខ្លាំងជាងគេ និងបានបង្កើតឧស្ម័នផ្ទះកញ្ចក់ច្រើនលើសលប់ទៅក្នុងស្រទាប់បរិយាកាសភពផែនដី។ ផលនៃឧស្ម័នផ្ទះកញ្ចក់កំពុងជំរុញឱ្យសីតុណ្ហភាពភពផែនដីកើនកម្ពៅ និងប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពរស់នៅរបស់មនុស្ស។ ទន្ទឹមគ្នានេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា វត្តមានថាពលស្អាត ឬ Clean Energy អាចប្រើប្រាស់ជំនួសថាមពលឥន្ធនៈខាងលើ ព្រមទាំងដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងគោលដៅទី7 (SDGs7) សម្រាប់អនាគតមនុស្សជាតិ។

ខាងក្រោមនេះជាមូលហេតុប្រាំចំណុច ដែលប្រទេសជាច្រើនក្នុងពិភពលោកប្រាថ្នាចង់ប្រើប្រាស់ថាមពលស្អាត ឬ Clean Energy សម្រាប់អនាគតប្រកបដោយនិរន្តភាព មិនប៉ះពាន់ដល់បរិស្ថាន និងកាត់បន្ថយចំណាយជាដើម។

1វិនិយោគលើថាមពលស្អាតជាជម្រើសឆ្លាតវៃបំផុត ៖ ពីមួយឆ្នាំទៅមួយឆ្នាំរបកគំហើញថ្មីៗនៃថាមពលស្អាតមានកាន់តែច្រើន ធ្វើឱ្យតម្លៃកាន់តែថោកទៅៗ ហើយការវិនិយោគបែបនេះ ជារឿងត្រឹមត្រូវបំផុតដែលគ្រប់គ្នាត្រូវពិចារណា។ ទន្ទឹមគ្នានេះ ​ការវិនិយោគ ឬលើកកម្ពស់ការប្រើប្រាស់​ថាមពល​ស្អាត​នឹងជួយដល់គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ បង្កើនផលិតភាព​សេដ្ឋកិច្ច​ និងគំនិត​ច្នៃប្រឌិតជាច្រើន​។​

2. កាត់បន្ថយនៃឧស្ម័នកាបូន ៖ ជារៀងរាល់ឆ្នាំប្រទេសកាន់តែច្រើនបានប្តេជ្ញាចិត្តថែរក្សាបរិស្ថានធម្មជាតិឱ្យល្អប្រសើរឡើងវិញ តាមរយៈការកាត់បន្ថយថាមពលដែលបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត។ រហូតមកដល់ពេលនេះ មានប្រទេសចំនួនជាង 120 បានសន្យាធ្វើកិច្ចការងារនេះ។

3.ថាមពលស្អាតជាផ្នែកមួយនៃគោលបំណងកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុក្រុងប៉ារីស ៖ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសនីមួយៗរំពឹងទុកថា ថាមពលស្អាតនឹងក្លាយទៅជាចលករបង្កើតការងារដ៏ច្រើននាពេលអនាគត។ បើតាមផែនការឆ្នាំ 2030 ការងារថ្មីចំនួន 18 លានកន្លែងនឹងអាចបង្កើតឡើង។ ការស្រាវជ្រាវបញ្ជាក់ថា ការបង្កើតចំនួនការងារនៅក្នុងវិស័យថាមពលស្អាតមានទំហំធំជាង 3 ដងនៃការងារដែលអាចបង្កើតបានដោយថាមពលផូស៊ីលឥន្ធនៈ។

4. មនុស្សប្រមាណជាង 10 លាននាក់ទទួលបានថាមពលស្អាតជារៀងរាល់ឆ្នាំ ៖ តាមតួលេខបានបញ្ជាក់ថា ចាប់ពីឆ្នាំ 2010 ដល់ឆ្នាំ 2018 មនុស្សប្រមាណជា 411 លាននាក់មកហើយ ដែលទទួលបានថាមពលស្អាតមកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

5. 2021 ក្លាយជាឆ្នាំដែលពិភពលោកគិតគូរកាន់តែខ្លាំងលើថាមពលប្រកបដោយនិរន្តភាព ៖ នៅថ្ងៃទី 21 ខែកញ្ញាឆ្នាំ 2021 ខាងមុខនេះ ជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រពិភពលោកដែលអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំជាន់ខ្ពស់ស្តីអំពីថាមពលប្រើប្រាស់។ លោក Achim Steiner ប្រធានកិច្ចការងារដ្ឋបាលនៃអង្គការសហប្រជាជាតិទទួល បន្ទុកកិច្ចការងារថាមពលប្រើប្រាស់ បាននិយាយថា “ពួកយើងដឹងច្បាស់ថា ថាមពលស្អាតមិនត្រឹមតែអាចដំណើរការនៅទូទាំងពិភពលោកនោះទេ និងដំណោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុទៀតផង” ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner