ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី “គម្រោងបន្លែ ផ្លែឈើកម្ពុជា ដើម្បីបង្កើតប្រាក់ចំណូល និងអាហារូបត្ថម្ភ ដំណាក់កាលទី៣ (CHAIN Phase III)” រវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយទីភ្នាក់​ងារ​ស្វីស

អត្ថបទដោយ៖
ជា សេឌី

នៅទីស្តីការក្រសួងកសិកម្ម នៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានរៀបចំពិធីចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគយល់គ្នាស្តីអំពី “គម្រោងបន្លែ ផ្លែឈើកម្ពុជា ដើម្បីបង្កើតប្រាក់ចំណូល និងអាហារូបត្ថម្ភ ដំណាក់កាលទី៣ (CHAIN Phase III)” រវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយទីភ្នាក់​ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) តំណាងដោយលោក Markus Burli ក្រោមអធិបតី ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ។

បន្ទាប់ស្តាប់ការលើកឡើងពីឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្​គនាយកដ្ឋានកសិកម្ម មតិយោបល់របស់លោកស្រី Alexandra Mandelbaum នាយកអង្គការ SNV ប្រចាំ កម្ពុជា និងលោក Markus Burli នាយកកិច្ចសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីជ្រាបដោយសង្ខេបថា ដោយសារប្រទេសជាតិមានសុខសន្តិភាព កំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតជីវភាពរបស់ប្រជាជនកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដោយផ្តោតភ្ជង់ជាសំខាន់លើគុណភាព និងសុវត្ថិភាពជាចំបង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិតរួមមាន៖ ការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងបន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាកាត់បន្ថយការនាំចូលពីខាងក្រៅ។

គោលបំណងសំខាន់របស់អនុស្សារណៈយោគយល់គ្នានេះ គឺបន្តពង្រឹង និងពង្រីកកិច្ចសហប្រត្តិបត្តការក្នុងការអនុវត្តគម្រោងខាងលើ ដើម្បីបង្កើនផលិតកម្មបន្លែ និងផ្លែឈើសុវត្ថិភាព ធានាបាននិរន្តរភាពនៃប្រាក់ចំណូល និងអាជីពប្រចាំគ្រួសារ បង្កើតការងារ ធានាសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ សមស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩- ២០២៣ ដែលបានកំណត់ច្បាស់នូវចក្ខុវិស័យប្រែក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

តាមរបាយការណ៍របស់ ឯកឧត្តម ងិន ឆាយ បានឲ្យដឹងថាគម្រោង CHAIN មានរយះពេល ៨ឆ្នាំ (២០១៤ – ២០២២) ដែលមានថវិកាសរុប ១០លានដុល្លារ កំពុងប្រតិបត្តិក្នុងខេត្តគោលដៅចំនួន០៤ គឺក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ដោយជ្រើសរើសតំបន់ដាច់ស្រយាល និងខ្ពង់រាបជាប់ព្រំដែនថៃ ឡាវ និងវៀតណាម ដែលតំបន់នោះភាគច្រើនខ្វះហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មដឹកជញ្ជូនមានតំលៃថ្លៃ ខ្វះប្រភពទឹកនៅរដូវប្រាំង និងកម្រិតវប្បធម៌របស់ប្រជាជនមានកម្រិតទាប។ ក្នុងរយ:ពេល ៦ឆ្នាំកន្លងមកនេះ គម្រោងបានកែប្រែកសិករជិត ១០ ០០០គ្រួសារ ពីការធ្វើស្រែ តែមួយមុខមកប្រកបរបរដាំបន្លែជាលក្ខណៈគ្រួសារសម្រាប់អាហារូបត្ថម្ភ ពាក់កណ្តាលអាជីវកម្ម និងអាជីវកម្មពេញលេញសម្រាប់ផ្គត់ផ្គង់ទីផ្សារដោយជ្រើសរើសស្រ្តីជាគោល។ គម្រោងបានផ្តោតជាសំខាន់លើខ្សែសង្វាក់តម្លៃនៃសាកវប្បកម្មក្នុងខេត្តគោលដៅទាំងអស់ និងជំរុញកំណើនចំណូលគ្រួសារប្រកបដោយចីរភាព និងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀងគ្រួសារ និងភាពធន់ទ្រាំការប្រែប្រួលអាកាសធាតុ៕ដោយ៖ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner