ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី “គម្រោងបន្លែ ផ្លែឈើកម្ពុជា ដើម្បីបង្កើតប្រាក់ចំណូល និងអាហារូបត្ថម្ភ ដំណាក់កាលទី៣

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ០៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី “គម្រោងបន្លែ ផ្លែឈើកម្ពុជា ដើម្បីបង្កើតប្រាក់ចំណូល និងអាហារូបត្ថម្ភ ដំណាក់កាលទី៣ (CHAIN Phase III)” រវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) តំណាងដោយលោក Markus Burli ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានវត្តមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកស្រី Alexandra Mandelbaum នាយកអង្គការ SNV ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Rik Overmars ប្រធានក្រុមគម្រោង CHAIN ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មតិយោបល់របស់លោកស្រី Alexandra Mandelbaum នាយកអង្គការ SNV ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Markus Burli នាយកកិច្ចសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងជំរុញផលិតកម្មសាកវប្បកម្មកម្ពុជាបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ឃើញថាផលិតកម្មបន្លែក្នុងស្រុកបានផ្គត់ផ្គង់បានជាង ៦៨% នៃតម្រូវការប្រើប្រាស់ក្នុងស្រុក។ លោក Markus Burli បន្ថែមថា ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) នឹងបន្តផ្តល់កិច្ចគាំទ្រដល់ក្រសួង រួមគ្នាអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ និងអាហារូបត្ថម្ភដល់ប្រជាជនកម្ពុជា។

មានមតិទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាបានយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារ SDC ធ្វើឲ្យគម្រោង CHAIN ដំណើរទៅដោយរលូន និងទទួលបានជោគជ័យ ឈានដល់ការរៀបចំចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោង CHAIN ដំណាក់កាលទី៣ នាពេលនេះ។ ទាក់ទងនឹងកម្មវត្ថុខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីជ្រាបដោយសង្ខេបថា ដោយសារប្រទេសជាតិមានសុខសន្តិភាព កំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតជីវភាពរបស់ប្រជាជនកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដោយផ្តោតភ្ជង់ជាសំខាន់លើគុណភាព និងសុវត្ថិភាពជាចំបង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិតរួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងបន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាកាត់បន្ថយការនាំចូលពីខាងក្រៅ។

កន្លងមកនេះ រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការបានខិតខំប្រមូលផ្តុំ និងប្រើប្រាស់ធនធាន សក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយបន្ថែមទៀត សំដៅលើកកម្ពស់ ផលិតភាពផលិតកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍតាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ពោលគឺការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ តាមរយៈការបង្កើនរដូវដាំដុះ ដោយប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាទំនើប ប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែមក្នុងការកែច្នៃកសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារក្នុង និងក្រៅស្រុកទាំងបរិមាណ គុណភាព សុវត្ថិភាព និងស្តង់ដា។គោលបំណងសំខាន់របស់អនុស្សារណៈយោគយល់គ្នានេះ គឺបន្តពង្រឹង និងពង្រីកកិច្ចសហប្រត្តិបត្តការក្នុងការអនុវត្តគម្រោងខាងលើ ដើម្បីបង្កើនផលិតកម្មបន្លែ និងផ្លែឈើសុវត្ថិភាព ធានាបាននិរន្តរភាពនៃប្រាក់ចំណូល និងអាជីពប្រចាំគ្រួសារ បង្កើតការងារ ធានាសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ សមស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩- ២០២៣ ដែលបានកំណត់ច្បាស់នូវចក្ខុវិស័យប្រែក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើសមិទ្ធផលដែលគម្រោងសម្រេចបាន ព្រមជាមួយបទពិសោធន៍ និងយុទ្ធសាស្រ្តអនុវត្តគម្រោងថ្មីៗដែលអាចយកមកធ្វើជាគំរូសម្រាប់ថ្នាក់ជាតិក្នុងការពង្រីកទៅតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស ដើម្បីជំរុញអនុវិស័យសាកវប្បកម្មនេះឲ្យបានរីកចម្រើនធានាបានប្រសិទ្ធភាព និងប្រសិទ្ធផល។

ជាថ្មីម្តងទៀត តាងនាមឲ្យក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា តាមរយៈគម្រោងនេះ សាកវប្បករនឹងទទួលបានបច្ចេកទេសទំនើបលើការដាំដុះដំណាំ និងទីផ្សារបន្លែ ផ្លែឈើសុវត្ថិភាព ដើម្បីចូលរួមលើកកម្ពស់ជីវភាពនៅតាមជនបទ និងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាននៃខេត្តគោលដៅ ដៃគូអភិវឌ្ឍន៍ និងជា ពិសេសទីភ្នាក់ងារ SDC ដែលបានជួយឧបត្ថម្ភគាំទ្រថវិកា សម្រាប់អនុវត្តគម្រោងដោយបានប្រែក្លាយពីតំបន់គ្មានផលិតបន្លែមកជាតំបន់ផលិតបន្លែសុវត្ថិភាពគំរូសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ ភ្ជាប់ជាមួយសមិទ្ធផលដ៏ធំធេងនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារ SDC ដែលបានបញ្ជាក់ថានឹងបន្តជួយគាំទ្រដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឲ្យបានរីកចម្រើនថែមទៀត។

សូមជម្រាបជូនថា តាមរបាយការណ៍របស់ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថាគម្រោង CHAIN មានរយះពេល ៨ឆ្នាំ (២០១៤ – ២០២២) ដែលមានថវិកាសរុប ១០លានដុល្លារ កំពុងប្រតិបត្តិក្នុងខេត្តគោលដៅចំនួន០៤ គឺក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ដោយជ្រើសរើសតំបន់ដាច់ស្រយាល និងខ្ពង់រាបជាប់ព្រំដែនថៃ ឡាវ និងវៀតណាម ដែលតំបន់នោះភាគច្រើនខ្វះហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មដឹកជញ្ជូនមានតំលៃថ្លៃ ខ្វះប្រភពទឹកនៅរដូវប្រាំង និងកម្រិតវប្បធម៌របស់ប្រជាជនមានកម្រិតទាប។

ក្នុងរយ:ពេល ៦ឆ្នាំកន្លងមកនេះ គម្រោងបានកែប្រែកសិករជិត ១០ ០០០គ្រួសារពីការធ្វើស្រែ តែមួយមុខមកប្រកបរបរដាំបន្លែជាលក្ខណៈគ្រួសារសម្រាប់អាហារូបត្ថម្ភ ពាក់កណ្តាលអាជីវកម្ម និងអាជីវកម្មពេញលេញសម្រាប់ផ្គត់ផ្គង់ទីផ្សារដោយជ្រើសរើសស្រ្តីជាគោល។ គម្រោងបានផ្តោតជាសំខាន់លើខ្សែសង្វាក់តម្លៃនៃសាកវប្បកម្មក្នុងខេត្តគោលដៅទាំងអស់ និងជំរុញកំណើនចំណូលគ្រួសារប្រកបដោយចីរភាព និងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀងគ្រួសារ និងភាពធន់ទ្រាំការប្រែប្រួលអាកាសធាតុ។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner