មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានក្រើនរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវពង្រឹងការសាមគ្គីភាពគ្នាឲ្យបានល្អ និងរឹងមាំ ដើម្បីរួមគ្នាការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា មិនត្រូវឲ្យបាត់បង់ សូម្បីតែមួយមីលីម៉ែត្រ បានជាដាច់ខាត

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹករបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធា ប្រចាំខែឧសភាឆ្នាំ២០២០ និងការដាក់ចេញទិសដៅការងារយោធា ប្រចាំខែមិថុនា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីថ្ងៃទី២៧ឧសភាឆ្នាំ២០២០។ ដែលមានការចូលរួមពី មេបញ្ជាការអង្គភាពចំណុះស្រុក ក្រុងទាំង៨ មេបញ្ជាការវរៈសេនាតូច និងកងអនុសេនាធំ ការពារព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ផងដែរ។

មេបញ្ជាការង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ បានឡើងរាយការណ៍ អំពីលទ្ធផលការងារ ដែលអង្គភាពសម្រេចបាន នាពេលកន្លងមក មានដូចជា ការបំពេញភារកិច្ចការពារជាតិ និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ចាត់តាំងកម្លាំងធ្វើសកម្មភាពល្បាត ត្រួតពិនិត្យនៅតាមភូមិសាស្ត្រ នៃតំបន់ឈរជើង និងតំបន់ទទួលខុសត្រូវ នៅតាមបណ្តាយខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ពង្រឹង និងរក្សាកិច្ចទំនាក់ជាមួយកម្លាំងជាប់ព្រំដែន ការទប់ស្កាត់សកម្មភាពប្រព្រឹត្តបទល្មើសឆ្លងដែនដោយខុសច្បាប់ និងនៅមានកិច្ចការងារតិចតួចប៉ុណ្ណោះ ដែលនៅសេសសល់ ហើយនឹងត្រូវអនុវត្តបន្ត អោយសម្រេចបាន នៅពេលខាងមុខនេះ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដាក់ចេញ នូវផែនការថ្មីៗជាច្រើនបន្ថែមទៀត ជូនដល់អង្គភាពផ្នែកសឹករងក្រុង ស្រុកទាំង៨ និងវរៈសេនាតូច កងអនុសេនាធំ ឈរជើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ សម្រាប់អនុវត្តនៅពេលខាងមុខ អោយសម្រេចបានតាមផែនការថ្នាក់លើ ដែលបានដាក់ចុះ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ លើកទឹកចិត្ត និងកោតសរសើរដល់ នាយទាហាន និងពលទាហាន នៅគ្រប់អង្គភាពចំណុះទាំងអស់ ដែលតែងខិតខំគោរព និងអនុវត្តតួនាទី និងភារកិច្ចបានយ៉ាងល្អប្រសើរ ដែលអង្គភាពសឹករងខេត្ត ពិសេស ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ បានដាក់ចុះសម្រាប់អនុវត្តន៍នាពេលកន្លងមក ថ្វីបើមានកិច្ចការងារខ្លះ នៅមានការខ្វះចន្លោះ មិនទាន់សម្រេច១០០ភាគរយក៏ដោយចុះ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានបន្តជំរុញដល់នាយទាហាន និងពលទាហាន ពិសេស មេបញ្ជាការផ្នែកសឹករងក្រុង ស្រុកទាំង៨ ដែលជាអង្គភាពចំណុះ ក្រៅពីកិច្ចការងារការពារជាតិ ការកសាងអង្គភាព ការចូលរួមក្នុងវិស័យសង្គមធម៌ និងមនុស្សធម៌នោះ ក៏ត្រូវឈរលើស្មារតីប្រុងប្រយ័ត្ន និងស្មោះត្រង់ជានិច្ច ចំពោះរដ្ឋសភាជាតិ ការពាររាជរដ្ឋាភិបាល និងការពាររាជបល័ង្គអោយខាងតែបាន ត្រូវពង្រឹងការសាមគ្គី ឯកភាពផ្ទៃក្នុងអោយបានល្អ និងរឹងមាំ ត្រូវរួមគ្នាការពារបូរណភាពទឹកដី នៃខ្សែបន្ទាត់ព្រំដែន កុំអោយមានការបាត់បង់ សូម្បី១មីលីម៉ែត្រ និងត្រូវបន្តពង្រឹងកិច្ចទំនាក់ទំនង ជាមួយកងកម្លាំងព្រំដែនប្រទេសជិតខាង អោយបានកាន់តែប្រសើរ ដើម្បីប្រែក្លាយតំបន់ព្រំដែន អោយក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ស្របតាមគោលការណ៍ក្រសួងការពារជាតិ អគ្គបញ្ជាការ និងយោធភូមិភាគទី៤ ពិសេស ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដាស់តឿនដល់មន្ត្រីក្រោមឱវាទទាំងអស់ រស់នៅត្រូវមានអនាម័យខ្ពស់ជានិច្ច គឺត្រូវអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលអាចនឹងផ្ទុះឡើងជាលើកទី២ ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន។ លោកឧត្តមសេនីយ៍ ក៏បានអញ្ជើញប្រគល់ភារកិច្ចថ្មី ដល់នាយទាហានមួយចំនួន និងការចែកម៉ាស់ និងទឹកសម្លាប់មេរោគ ដល់អង្គភាពចំណុះក្រុង ស្រុកទាំង៨ ថែមទៀតផង៕  ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner