អឺរ៉ុបប្ដេជ្ញាបន្តកិច្ចសហការដែលមិនចេះរីងស្ងួត និងជួយអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ក្រោយចប់វិបត្តិកូវីដ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សហភាពអឺរ៉ុបបានចេញមុខបន្តគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា នៅពេលវិបត្តិជំងឺកូវីដ១៩រសាត់ផុតចេញពីពិភពលោក ពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់ខ្លាំងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា។ ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ខាមិន ម៉រីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យប្រជាជនដែលធ្លាប់បម្រើការក្នុងវិស័យសេវាកម្មចំនួន ៤៦,៣៩៦នាក់ បាត់បង់ការងារធ្វើ ស្នើនឹង ៤២.៦% នៃចំនួនការងារសរុបប្រមាណជាង ១០ម៉ឺននាក់។ នារយៈពេលចុងក្រោយនេះ កម្ពុជាក៏នៅទទួលបានភ្ញៀវទេសចរក្នុងស្រុកខ្លះដែរ ដោយក្នុងរយៈពេល ៣សប្ដាហ៍នៃខែឧសភានេះ មានភ្ញៀវទេសចរក្នុងស្រុកប្រមាណជិត ៤សែននាក់បានចេញដើរទស្សនាទូទាំងប្រទេស។

ទាក់ទិននឹងបញ្ហានេះ កម្ពុជាបានដាក់ចេញវិធានការមួយចំនួន ដោយគ្រោងប្រមូលអ្នកបាត់បង់ការងារពីវិស័យទេសចរណ៍ ឱ្យមកទទួលការបណ្ដុះបណ្ដាលជំនាញទេសចរណ៍បន្ថែម ដើម្បីត្រៀមខ្លួនចូលមកបម្រើការងារ នៅពេលភ្ញៀវទេសចរត្រលប់មកវិញ។ ដូច្នេះហើយបានជាលោករដ្ឋមន្ត្រី ថោង ខុន ស្នើឱ្យសហភាពអឺរ៉ុបជួយគាំទ្រដល់កិច្ចការដ៏ចាំបាច់នេះ ពិសេសគឺការបង្រៀនតាមប្រព័ន្ធឌីជីថល ឬហៅថា E-learning។

មួយវិញទៀត លោករដ្ឋមន្ត្រីក៏បានស្នើដល់សហភាពអឺរ៉ុបជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការលើការរៀបចំវិធានការដោះស្រាយបញ្ហាជំងឺកូវីដ និងការស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល។

ចំពោះការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍អឺរ៉ុប ដើម្បីជំរុញឱ្យមានចលនាទេសចរអន្តរជាតិមកកម្ពុជាវិញនៅក្រោយវិបត្តិជំងឺកូវីដនោះ ក៏ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន ស្នើយ៉ាងទទូចទៅកាន់លោកស្រីឯកអគ្គរដ្ឋទូតផងដែរ ខណៈរមណីយដ្ឋានទេសចរណ៍ តំបន់អេកូទេសចរណ៍នានា ពិសេសរមណីយដ្ឋានបេតិកភណ្ឌអង្គរ ខេត្តសៀមរាប តំបន់ឆ្នេរសមុទ្រ ក៏កំពុងរៀបចំកែលម្អសោភ័ណភាព ប្រព័ន្ធគមនាគមន៍ និងសេវាកម្មជាច្រើនផ្សេងទៀតផងដែរ ដើម្បីត្រៀមចាំស្វាគមន៍ការត្រលប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិ។

លើសពីនេះ លោករដ្ឋមន្ត្រីក៏បានស្នើសហភាពអឺរ៉ុប ដែលមានបទពិសោធន៍ខាងរៀបចំរចនាសម្ពន្ធទីក្រុងវៃឆ្លាត (Smart City) នោះ ឱ្យជួយគាំទ្រជ្រោមជ្រែងដល់កម្ពុជាបន្តទៀត ខណៈប្រការនេះក៏ត្រូវបានចាត់ទុកថាជាផលិតផលទេសចរណ៍ដ៏សំខាន់មួយ ហើយក៏ស្របពេលដែលកម្ពុជាកំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះ «កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន» និងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ «ព្រឹត្តិការណ៍កីឡាស៊ីហ្គេម» ផងដែរ។

សំណើទាំងអម្បាលម៉ាននេះ ត្រូវបានលោកស្រីឯកអគ្គរដ្ឋទូត ខាមិន ម៉រីណូ ទទួលយកយ៉ាងពេញចិត្តបំផុត និងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៍។

លោកស្រី ខាមិន ក៏បានកោតសរសើរពីការខិតខំរបស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងចាំបាច់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងមានទំនួលខុសត្រូវខ្ពស់។ ដោយហេតុនេះហើយ ទើបសហភាពអឺរ៉ុបចេញមុខបន្តគាំទ្រជួយអភិវឌ្ឍន៍វិស័យនេះបន្តទៀត ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការទាំងឡាយនឹងកាន់តែល្អប្រសើរឡើង ក្រោយវិបត្តិជំងឺកូវីដរសាត់បាត់ទៅ។

ឯកអគ្គរដ្ឋទូតអឺរ៉ុបរូបនេះ ថែមទាំងបានប្ដេជ្ញាពាំនាំព័ត៌មានពាក់ព័ន្ធនឹងគោលដៅទេសចរណ៍នៅកម្ពុជា ក៏ដូចជាការត្រៀមខ្លួនរបស់ពលរដ្ឋកម្ពុជាក្នុងការទទួលភ្ញៀវទេសចរពីអឺរ៉ុប ពិសេសគឺកិត្តិនាមមនុស្សធម៌មិនចេះរីងស្ងួត ដែលកម្ពុជាបានជួយយកអាសាភ្ញៀវអន្តរជាតិនៅលើនាវា Westerdam ផ្សព្វផ្សាយទៅក្នុងទីផ្សារទេសចរណ៍អឺរ៉ុបគ្រប់ច្រកល្ហកឱ្យល្បីសុះសាយឡើង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner