នាយខណ្ឌជលផល ខេត្តបាត់ដំបង ៖ ព្រៃលិចទឹក នៅតែបន្តកើតមាន ពីការកាប់បំផ្លាញទន្ទ្រានយកដីដាំដុះដំណាំ និងការបំផ្លិចបំផ្លាញដោយ “ភ្លើងឆេះព្រៃ” បានបំផ្លាញព្រៃលិចទឹកជិត០២ ម៉ឺនហិកតា (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

 លោក ជួង សុភា នាយខណ្ឌជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តបាត់ដំបង បានថ្លែងថា៖កន្លងមកនេះ តំបន់ព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កំពុងតែទទួលរងនូវការបំផ្លិចបំផ្លាញពីក្រុមមនុស្ស ដើម្បីទន្ទ្រានយកដីព្រៃលិចទឹក តាមភូមិសាស្រ្តស្រុកមួយចំនួនដែលស្ថិតនៅជាប់តំបន់បឹងទន្លេសាបដើម្បីរានធ្វើចម្ការដោយខុសច្បាប់។ក្រៅពីការបំផ្លិចបំផ្លាញព្រៃលិចទឹកក្នុងនោះក៏មានភ្លើងឆេះព្រៃជាបន្តបន្ទាប់ដោយសារតែកត្តាមនុស្សផង និងកត្តាធម្មជាតិដោយការបម្រែបម្រួលអាកាសធាតុការឡើងកម្តៅបង្កឲ្យមានភ្លើងឆេះព្រៃលិចទឹក ដែលជាដែនជម្រកត្រី ពងកូន នៃ តំបន់ជីវៈចម្រុះបឹងទន្លេសាប ទៀតផង។
     លោកនាយខណ្ឌជលផល ខេត្តបាត់ដំបង បានអះអាងថា៖ព្រៃលិចទឹកនៅចំណុចតំបន់បឹងទន្លេសាបក្នុងខេត្តបាត់ដំបង ត្រូវរងនូវការបំផ្លិចបំផ្លាញប្រមាណជិត២ម៉ឺនហិកតា ស្មើ១០% នៃ ព្រៃលិចទឹកដែលមាន នៅក្នុងខេត្ត។

      ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយមួយរបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ”ស្តីពីសេចក្តីជូនដំណឹងក្នុងរដូវបិទនេសាទឆ្នាំ២០២០ គឺៈចាប់ពីថ្ងៃទី១ខែមិថុនា រហូតដល់ថ្ងៃទី៣១ខែកញ្ញា២០២០ស្តីពីការកំណត់ ប្រភេទឧបករណ៍នេសាទ ដែលអនុញ្ញាតឱ្យធ្វើនេសាទក្នុងដែននេសាទទឹកសាបនិងពីវិធានការទប់ស្កាត់ ការលុបបំបាត់និងបង្ក្រាបបទល្មើសនេសាទក្នុងរដូវហាមឃាត់ និង ពីការកាប់បំផ្លាញព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រជាប់តំបន់បឹងទន្លេសាប។ការផ្សព្វផ្សាយនេះក៏មានវត្តមាន របស់អាជ្ញាធរនៃរដ្ឋបាលស្រុកឯកភ្នំ ក្រោមវត្តមានរបស់លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ និងជាតំណាងឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង (ទទួលបន្ទុក) និងលោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តផងដែរ។និងប្រព្រឹត្តទៅនៅសាលាឃុំកោះជីវាំង ស្រុកឯកភ្នំ(ចំណុបឹងទន្លេសាប)ថ្មីៗកន្លងទៅ ដោយមានការចូលរួមពីគ្រប់សមាសភាពមន្ត្រីពាក់ព័ន្ធ មកពីគ្រប់អង្គភាពចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ក្នុងមូលដ្ឋានឃុំ និង កងកម្លាំងទាំង៣ប្រភេទកំពុងតែឈរជើងប្រចាំទិសបឹងទន្លេសាបនិងអ្នកពាក់ព័ន្ធជាច្រើនទៀតនៅទីនោះ។

      លោក ជួង សុភា នាយខណ្ឌជលផលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំនេះថា៖នៅក្នុងរយៈពេលបិទនេសាទនេះអ្នកនេសាទទាំងអស់ ត្រូវប្រើប្រាស់តែឧបករណ៍នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាស លេខ.៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ខែតុលាឆ្នាំ២០១២ប៉ុណ្ណោះ។ ចំពោះ ឧបករណ៍ មួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នាក់គឺមិនអនុញ្ញាតឱ្យប្រើឡើយ នៅក្នុងរដូវបិទនេសាទនេះ។ដោយឡែកឧបករណ៍មង អាចធ្វើនេសាទ បាន ដោយកំណត់តែប្រវែង១០០ម៉ែត្រប៉ុណ្ណោះ។

      លោកនាយខណ្ឌជលផល ក៏បានសំណូមពរនិងធ្វើការអំពាវនាវ ដល់បងប្អូនប្រជសនេសាទទាំងអស់ សូមបងប្អូន”អ្នកនេសាទទាំងអស់” អនុវត្ត តាមអនុសាសន៍ ទាំង៧ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ឱ្យបាន ខ្ជាប់ខ្លួន ជាពិសេស ត្រូចូលរួមទាំងអស់គ្នា ដើម្បីរួមគ្នាជួយទប់ស្កាត់នូវបទល្មើសការការពារ នូវកន្លែងអភិរក្ស ជលផល ឱ្យបាន គង់វង្សដើម្បីទុករក្សា ត្រីពូជ និងត្រីពងកូន កុំឲ្យផុតពូជក្សត់ត្រីទៅថ្ងៃអនាគត និងដើម្បីរក្សាទុកឲ្យបានគង់វង់សម្រាប់កូនចៅយើងជំនានក្រោយៗទៀត។

    ក្នុងឱកាសផ្សព្វផ្សាយនេះដែរ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ក៏បានធ្វើការជូនដំណឹងដល់គ្រប់អាជ្ញាធរមូលដ្ឋាននិងសមាសភាពដែលពាក់ព័ន្ធឈរជើងក្នុងភូមិសាស្ត្រ នៃ តំបន់បឹងទន្លេសាបថា៖ កន្លងមកនេះ មានបងប្អូនយើងនៅតែបន្តរុករាននិងបង្កនូវបទល្មើសផ្សេងៗក្នុងដែនអភិរក្សជម្រកសត្វស្លាប និង តំបន់ជីវៈចម្រុះបឹងទន្លេសាបដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្ត។
លោកបានអំពាវនាវនិងឲ្យបញ្ឈប់ជាបន្ទាន់នូវទង្វើករណីលើកឡើងខាងលើនេះ អាចប្រឈមចំពោះមុខច្បាប់ក្នុងករណីល្មើសជាក់ស្តែង។ លោកបានសង្កធ្ងន់ថា៖ច្បាប់ការពារដែនអភិរក្សជីវៈចម្រុះបឹងទន្លេសាប និងដែនជម្រកសត្វស្លាប គឺមិនបានកំណត់ពីរដូវប្រាំង ឬរដូវវស្សានោះទេ?ឲ្យតែប្រព្រឹត្តបទល្មើសជាក់ស្តែង នៅតំបន់ខាងលើ បងប្អូនអាចប្រឈមនិងទោសទណ្ឌនៃច្បាប់។

     ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីរដូវបិទនេសាទនិងពីវិធានការទប់ស្កាត់ ការលុបបំបាត់ ការកាប់បំផ្លាញទន្រ្ទានដីព្រៃលិចទឹកនិងបទល្មើសនេសាទក្នុងរដូវហាមឃាត់ ដល់គ្រប់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តំណាងសហគមន៍នេសាទ និងមន្ត្រីសំខាន់ៗពាក់ព័ន្ធនៅទីនោះ។
     លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ និងជាតំណាង ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តទទួលបន្ទុក បានផ្តោតនូវការរំពឹងទុកថា៖ ការផ្សព្វផ្សាយនៅថ្ងៃនេះ និងជ្រួតជ្រាបបន្តដល់បងប្អូនប្រជាពលរដ្ឋ និង ប្រជានេសាទក្នុងសហគមន៍ទីនេះ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះដើម្បីចូលរួមចំណែកក្នុងការថែរក្សានិងការពារ នូវធនធាន ជលផល ព្រៃឈើលិចទឹក និងតំបន់អភិរក្សត្រីពងកូនតំបន់ជីវៈចម្រុះនិងដែនអភិរក្សសត្វស្លាបក្នុងតំបន់បឹងទន្លេសាប នៃភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង ជាពិសេស ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ឱ្យបានគង់វង្ស សម្រាប់ប្រជាពលរដ្ឋខ្មែរយើង ទាំងក្នុងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយៗទៀត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner