ក្រសួងរ៉ែ និងថាមពល ប្រាប់ពលរដ្ឋស្រុកល្វាឯមខេត្តកណ្ដាល រាយការណ៍ទៅក្រសួងភ្លាម បើសិនឃើញអ៊ូបូបូមខ្សាច់ណាបូមខុសទីតាំង ម៉ោងពេល

អត្ថបទដោយ៖
Kien Sereyvuth

កណ្ដាល ៖ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានប្រាប់ទៅកាន់ប្រជាពលរដ្ឋរាប់រយនាក់ថា ” បើសិនបងប្អូនឃើញអ៊ូបូមខ្សាច់ណា ហ៊ានបូមក្រៅដែនអាជ្ញាប័ណ្ណ ( បូមខុសពោងដែលបោះនៅលើទឹក ) បូមខុសម៉ោងពេល ត្រូវរាយការណ៍មកក្រសួងតាមរយៈលេខ095 727 727 ដោយមានមន្ត្រីចាំទទួលទូរស័ព្ទ២៤ម៉ោងលើ២៤ម៉ោង ដើម្បីក្រសួងនឹងចាត់វិធានការណ៍ភ្លាមចំពោះក្រុមហ៊ុនណាហ៊ានប្រព្រឹត្តល្មើសជាក់ស្ដែង ” ។ លោកឌិត ទីណា ថ្លែងយ៉ាងដូច្នេះ នៅក្នុងវិទិការសាធារណៈមួយដែលមានពលរដ្ឋចូលរួមរាប់រយនាក់ដែលមកពី៣ឃុំ គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ និងឃុំពាមឧកញ៉ាអុង នៃស្រុកល្វាឯម នាថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០នេះ ។

លោករដ្ឋលេខាធិការបានឆ្លើយតបទៅចំពោះការលើកឡើងរបស់ពលរដ្ឋថា ” ក្រសួងនឹងចាត់វិធានការលើក្រុមហ៊ុនណាហ៊ានប្រព្រឹត្តល្មើសដោយផ្អាករយៈពេល៧ថ្ងៃចំពោះករណីខុសលើកទី១ និងផ្អាករយៈ៧ថ្ងៃទៀតចំពោះករណីខុសលើកទី២ ហើយបើសិនជាខុសជាលើកទី៣ ក្រសួងនឹងលុបអាជ្ញាប័ណ្ណក្រុមហ៊ុនខ្សាច់នោះចោលតែម្ដង។ លោកឌិត ទីណា បន្តថា សូមកុំមានការបារម្ភចំពោះការគ្រប់គ្រង ខណៈដែលក្រសួងមានក្រុមអធិការកិច្ច ចុះពិនិត្យនិងសិក្សាពីបញ្ហារាក់៣ខែម្ដង ដើម្បីពិនិត្យមើលលើទីតាំងនិងសិក្សាពីស្ថានភាពទឹកការពារករណីហានិភ័យផ្សេងៗ ។

ក្នុងវេទិការនេះដែរ លោក នៃ ចារី អភិបាលរងខេត្ត ជួសមុខលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ថា ” សូមពលរដ្ឋកុំមានការបារម្ភជ្រុលហួសហេតុ កុំជឿតាមការញុះញុងរបស់ជនអគតិមួយចំនួន ខណៈតំបន់នេះរដ្ឋាភិបាលកំពុងអភិឌ្ឍន៍ប្រែក្លាយឱ្យទៅជាតំបន់មានសក្ដានុពល មានការរីកចំរើន មានសេដ្ឋកិច្ច ហើយនិងផ្ដល់ការងារច្រើនដល់ពលរដ្ឋយើងឱ្យមានប្រាក់ចំនួលទៀតផង។

លោកថា តំបន់ស្រុកល្វាឯមនេះត្រូវបានគេបូមមានចំនួន៣ចំនុច ហើយការបូមនេះ នឹងបូមដោយបច្ចេកទេសត្រឹមត្រូវ តែបើសិនជាក្រុមហ៊ុនណាហ៊ានបំពានសារាចរណ៍ណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ សូមពលរដ្ឋត្រូវរាយការណ៍ជាបន្ទាន់ប្រកបដោយភាពស្មោះត្រង់។

ទន្ទឹមនឹងសារនេះដែរ ប្រធានក្រុមហ៊ុន បូមខ្សាច់Sand Basac ដែលទទួលសិទ្ធិបូមខ្សាច់នៅទាំង៣ចំនុចខាងលើ លោក លី ធី ក៍បានលើកឡើងដែរថា ” ក្រុមហ៊ុនមានបច្ចេកទេសត្រឹមត្រូវ និងច្បាស់លាស់ក្នុងការងារនេះ ហើយក្រុមនឹងគោរពតាមសារាចរណ៍ ណែនាំរបស់ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរខេត្តកណ្ដាលឱ្យបានខ្ចាប់ខ្ចួន ” ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner