សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបឯកអគ្គរដ្ឋទូតទីម័រឡេស្តេ
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតជាថ្មីម្តងទៀត បន្ទាប់ពីឯកឧត្តមបានអញ្ជើញមកជូនសារតាំងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋទីម័រឡេស្តេតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេសេ្ត ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម ឯកឧត្តមពិតជានឹងខិតខំបប្រឹងប្រែងដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើន និងរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ ឯកឧត្តម Ermenegildo “Kupa” Lopes បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចួលជួបសម្តែងការគួរសមនាពេលនេះ និងសូមអរគុណសម្តេចប្រធានព្រឹទ្ធសភា ដែលអនុញ្ញាតឱ្យឯកឧត្តមបានចូលជូនសារតាំងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលកន្លងទៅនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានយុទ្ធសាស្ត្រ និងវិធានការយ៉ាងល្អក្នុងគ្រប់គ្រង និងទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ ចំពោះប្រជាជនកម្ពុជា ជាពិសេសស្ថានទូតទីម័រឡេស្តេ និងនិស្សិតទីម័រឡេស្តេ ដែលកំពុងសិក្សានៅប្រទេសកម្ពុជាបានទទួលនូវការគ្រប់គ្រងដ៏ល្អប្រសើរផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសកម្ពុជា ចំពោះសមាជិកភាពរបស់ប្រទេសទីម័រឡេស្តេជាសមាជិករបស់អាស៊ាន សមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO និងសមាជិកអន្តរសភាអាស៊ាន AIPA។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ប្រទេសទីម័រឡេស្តេ តែងតែគាំទ្រដល់ជំហររបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ជាពិសេសតែងគាំទ្រដល់ជំហាររបស់ព្រះរាជាណាចក្រកម្ពុជាដែលជាសមាជិកអាស៊ាន ហើយនេះគឺជានយោបាយការបរទេសដ៏រឹងមាំរបស់ប្រទេសទីម័រឡេស្តេ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងអណត្តិនៃបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងសភានៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្បញ្ញតិ្តនៃប្រទេសទាំងពីរ ព្រមទាំងសហប្រតិបត្តិការបច្ចេកទេស។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា អគ្គស្នងការនគរបាលទីមរ័ឡេស្តេចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងអគ្គស្នងការនគរបាលនៃព្រះរាជាណាចក្រកម្ពុជា ខាងការបណ្តុះបណ្តាលជំនាញសន្តិសុខ និងភាសាអង់គ្លេស។
សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណនូវប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត។ សម្តេចបានរំលឹកអំពីទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលត្រូវបានភ្ជាប់ទំនាក់ទំនងការទូតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ហើយសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានបើកនិវេសនដ្ឋានដំបូងនៅកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥។
ចាប់តាំងពីពេលនោះមកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរតាមរយៈនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំកំពូល និងមន្រ្តីជំនាញតាមស្ថាប័ននានាទៅវិញទៅមក ជាបន្តបន្ទាប់ ក៏ដូចជាតាមរយៈនៃការគាំទ្រគ្នាទៅទៅវិញទៅមកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងសមាគមអាស៊ាន ក៏ដូចជាក្នុងអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នៃកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស និងការងារផងដែរ។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ដោយចាត់ទុកថា នេះគឺជាការលើកទឹកចិត្តយ៉ាងក្លៀវក្លាដល់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដល់ទឹកចិត្តដ៏ប្រពៃរបស់ឯកឧត្តម ដែលកាលពីពេលថ្មីៗនេះបានផ្តល់អំណោយជាម៉ាស់ និងទឹកលាងដៃដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ ចំពោះគោលបំណងដែលចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អរវាងអគ្គស្នងការ នគរបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងអគ្គស្នងការនគរបាលនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបសវនាការរវាងឯកឧត្តម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជំនួបសវនាការជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់កម្ពុជានាពេលកន្លងទៅ។ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលមានបំណងចូលរួមលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតនៃនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរ។ សម្តេចប្រធានព្រឹទ្ធសភាបានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូតសូមឱ្យមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕