ហេតុអីទៅផ្សារទិញម្ហូប និងបន្លែបង្ការ លែងបានថែមម្ទេស?
ភ្នំពេញ ៖ មួយរយៈនេះ ការចរាចរណ៍តម្លៃម្ហូបអាហារប្រចាំថ្ងៃរបស់មេផ្ទះមួយចំនួន ពុំមានអ្វីប្រែប្រួលជាដុំកំភួនទេ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ចំពោះការទិញម្ហូបរបស់មេផ្ទះមួយចំនួនដូចជា បន្លែ ជីរ ស្លឹកគ្រៃ សម្រាប់មុខម្ហូបមួយចំនួនដែលអ្នកលក់តែងតែថែមម្ទេសឱ្យជារៀងរាល់លើកនោះ គឺស្ទើរតែលែងមានការថែមម្ទេសនោះទៀតហើយ ដោយសារតែតម្លៃម្ទេសឡើងថ្លៃ និងកំពុងមានតម្រូវការនាំចេញទីកាន់ទីផ្សារក្រៅស្រុក។
អ្នកលក់រាយតាមទីផ្សារបែបប្រពៃណីមួយចំនួនបានបញ្ជាក់ថា ការដែលអ្នកលក់លែងថែមម្ទេសដល់អ្នកទិញដូចកាលពីមុន ដោយសារតែតម្លៃម្ទេសបានឡើងថ្លៃខ្ពស់ស្ទើរតែ 1 គុណនឹង 3ដងឯណោះ។
អាជីវករលក់បោះដុំម្ទេសនៅផ្សារនាគមាសបានបញ្ជាក់ពីអ្វីដែលបានធ្វើឱ្យអ្នកទិញយកទៅលក់បន្ត ថាពិបាកលក់ ខណៈអ្នកទិញបរិភោគរអ៊ូរទាំថាថ្លៃ។ តែអ្នកលក់បោះដុំទាំងនោះបានឱ្យដឹងទៀតថាម្ទេសដៃនាងដែលនាំចូលពីប្រទេសវៀតណាមក៏មានតម្លៃថ្លៃរួចទៅហើយ។
អាជីវករមនាក់ឈ្មោះស្រីអូន នៅផ្សារទួលគោកជាអ្នកលក់រាយម្ទេសដៃនាងបានប្រាប់ថា ផ្លែម្ទេសបានឡើងថ្លៃជាងមួយខែមកហើយ គឺឡើងតាំងពីអ្នកបោះដុំមកពីប្រទេសវៀតណាមតែម្តង ដោយទទួលមក 1គីឡូក្រាមថ្លៃ 2,500 រៀលតែគាត់លក់ទៅវិញតែ 1គីឡូថ្លៃ 2,700រៀលក្នុង1គីឡូប៉ុណ្ណោះ។

អាជីវករលក់ម្ទេសម្នាក់ទៀតនៅផ្សារយូណាយ ម្តុំសំណង់12 ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញបានឱ្យដឹងថា៖ «ខ្ញុំមិនដឹងមូលហេតុអីដែរ ដឹងតែគេដឹកមកដល់យើងទិញមកហ្នឹង គេទារថ្លៃគិតតាមហ្នឹងទៅ ប៉ុន្តែដល់ពេលឡើងថ្លៃពេកចឹងខ្ញុំពិបាកលក់ដែរ ព្រោះធ្លាប់ទិញមកសម្រាប់ថែមឱ្យគេ ដល់ពេលឡើងថ្លៃមិនបានថែម អ្នកទិញគេរអ៊ូគ្រប់គ្នាហ្នឹង»។ ជាមួយគ្នានេះដែរ កញ្ញាស្រីមុំ ជាអ្នកទៅផ្សារជាប្រចាំនោះបានឱ្យដឹងថា ពេលដែលទៅផ្សារទិញម្ហូប គេលែងថែមម្ទេសឱ្យ មកពីមូលហេតុ ម្ទេសឡើងថ្លៃ ព្រោះអ្នកលក់ទិញមកពីអ្នកបោះដុំថ្លៃស្រាប់ទៅហើយ ហើយសព្វថ្ងៃ បើចង់ទិញម្ទេស 500 រៀល អ្នកលក់ឱ្យបានតែម្ទេស 4-5 គ្រាប់ (ប្រភេទតូចៗ) ប៉ុណ្ណោះ ។
ដោយឡែក លោក ឆេង ថុង ប្រធានសហគមន៍កសិកម្មសំបូរមានជ័យស្ថិតនៅខេត្តកំពង់ចាមបានប្រាប់ AMSថាលោកបានដឹងថាមានការឡើងថ្លៃម្ទេស តែគាត់គិតថាប្រហែលជាឡើងមួយកំសួលតែប៉ុណ្ណោះ ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍ ព្រោះថាអាចនឹងស្ងាត់ទៅវិញដូចមួយរយៈមុន ដែលផ្អលនាំគ្នាំដាំនៅពេលម្ទេសឡើងថ្លៃ តែត្រូវខាតបង់ដោយសារគ្មានទីផ្សារក្រោយពេលប្រមូលផល។
លោក ទួត សេងហ័ង ប្រធានទីផ្សារសហគមន៍ត្រសក់ផ្អែមសៀមរាបមានជ័យ ស្ថិតនៅខេត្តសៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យបានប្រាប់ថា ការពិតតំបន់ជាប់នឹងប្រទេសថៃមានការឡើងថ្លៃដោយការប្រមូលទិញពីឈ្មួញនាំយកទៅថៃ។ លោកថា ៖ «សហគមន៍យើង បានលក់ចេញប្រមាណជាង10តោនដែរ ក្នុង1គីឡូបានថ្លៃ2,500 (ប្រភេទតូចៗ)តែសហគមន៍មិនបានពង្រីកការដាំដុះបន្ថែមទេ ព្រោះមិនមានតម្រូវការទីផ្សារបន្ថែមទេ ហើយថ្លៃក៏បានចុះបន្តិចវិញហើយដែរ»។
ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ក្រសួងមានផែនការជំរុញការងារនេះ ប្រសិនបើមានតម្រូវការទីផ្សារកើនឡើងតែប៉ុណ្ណោះ ថ្វីត្បិតតែឆ្នាំ2020 របាយការណ៍ក្រសួងមានការកើនឡើងនូវទិន្នផលម្ទេសចំនួន27ភាគរយក្នុងការនាំម្ទេសទៅក្រៅស្រុករហូតដល់ចំនួន7 ម៉ឺនតោនក៏ដោយចុះ។
ឯកឧត្តមបានបញ្ជាក់ប្រាប់ AMSថា ៖ «ការផ្គត់ផ្គង់ម្ទេសក្នុងស្រុកវាតូចដែរទេ។ ភាគច្រើនយើងដាំសម្រាប់តែនាំចេញ ផ្គត់ផ្គង់ទៅឱ្យថៃ បើថៃមិនទិញយើងក៏ពិបាក។ យើងមានផែនការជំរុញ តែជំរុញទៅតាមទីផ្សារ និងតម្រូវការទីផ្សារខាងក្រៅ។ ចំណែកខាងក្នុងយើងអាចគ្រប់គ្រាន់ ព្រោះយើងមិនមែនជាអ្នកហូបម្ទេសច្រើនទេ។
ឯកឧត្តម ស្រី វុឌ្ឍី បានបន្ថែមថា ៖ «យើងមិនទាន់ភ្ជាប់ទំនាក់ទំនងធំក្នុងរឿងម្ទេស ដូចដំឡូងមី ពោត ឬស្រូវអង្ករ ទេព្រោះម្ទេសវានៅមានតម្រូវការទំហំតូច ដែលយើងមិនទាន់ភ្ជាប់ទៅជាមួយកសិករទូទាំងប្រទេសបាន។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏សូមអាធ្យាស្រ័យចំពោះដែលទន់ខ្សោយក្នុងបញ្ហានេះ និងមិនទាន់បានជំរុញកិច្ចការនេះ។ តែក្រសួងបានបង្កើតកម្មវិធីទូរស័ព្ទចល័ត «CamAgriMarket» ដែលភ្ជាប់កសិករទៅនឹងអ្នកទិញសក្តានុពល និងផ្តល់ឱ្យពួកគេនូវព័ត៌មានទីផ្សារសំខាន់ៗ។ គំនិតនេះគឺបង្កើតវេទិកាមួយដែលអនុញ្ញាតឱ្យកសិករផ្សព្វផ្សាយផលិតផលរបស់ពួកគេហើយដែលធ្វើឱ្យងាយស្រួលសម្រាប់អ្នកទិញក្នុងការស្វែងរកនូវអ្វីដែលពួកគេត្រូវការ។ វានឹងត្រូវដាក់ឱ្យដំណើរការពេញលេញនៅខែមីនា ឆ្នាំ2021ខាងមុខនេះ៕