លោក ដូណាល់ ត្រាំ គ្រោងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីផ្ទុះជម្លោះជាមួយ Twitter
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានបិទកម្មវិធីបណ្ដាញទំនាក់ទំនងសង្គម ក្រោយក្រុមហ៊ុន Twitter ចាត់ទុកសារចំនួនពីរដែលលោកបានបង្ហោះថា គ្មានភស្តុតាង និងជាព័ត៌មានបង្កការយល់ច្រឡំ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។
លោក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងសង្គមនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមការបញ្ជាក់របស់ជំនួយការលោកប្រធានាធិបតី ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតបន្ថែមទៀត ជុំវិញការអះអាងនេះនៅឡើយទេ ។
សូមជម្រាបថា ជម្លោះរវាងលោក ដូណាល់ ត្រាំ និងក្រុមហ៊ុន Twitter បានផ្ទុះឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម មួយនេះបានជំរុញជាលើកដំបូងបំផុត ឱ្យអ្នកអានទាំងអស់ពិនិត្យភាពពិតជាក់ស្ដែងនៃព័ត៌មាន ឬសារបង្ហោះរបស់លោក ត្រាំ បន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះនិយាយថា ការបោះឆ្នោតតាមរយៈសារអេឡិចត្រនិច ឬ E-mail អាចនឹងត្រូវបានគេបន្លំ ៕