ប្រមុខការទូតសហរដ្ឋអាម៉េរិកប្រកាសថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យពីចិនដីគោកទៀតហើយ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានប្រកាសជាផ្លូវការនៅថ្ងៃពុធនេះថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យភាពពីចិនដីគោកទៀតហើយ នេះបើតាមសារព័ត៌មាន Fox News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។
ទន្ទឹមគ្នា ប្រមុខការទូតអាម៉េរិករូបនេះបានគូសបញ្ជាក់ថា ការសម្រេចចិត្តដ៏អន្តរាយរបស់ចិន គឺជាសកម្មភាពចុងក្រោយបំផុត ដែលបំផ្លាញដល់មូលដ្ឋានគ្រឹះស្វ័យភាព និងសេរីភាពរបស់ហុងកុង ក៏ដូចជាការសន្យារបស់ចិនខ្លួនឯង ចំពោះប្រជាជនហុងកុងនៅក្នុងសេចក្តីប្រកាសរួម ចិន-អង់គ្លេស ដែលបានដាក់តម្កល់ជាសន្ធិសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិ ។
លោក ម៉ៃ ប៉ុមប៉េអូ បានបន្ថែមទៀតថា ហុងកុងលែងមានស្វ័យភាពពីចិនទៀតហើយ បើមើលទៅលើអង្គហេតុដូចមានស្រាប់ ហើយសហរដ្ឋអាម៉េរិកក៏បានអំពាវនាវឲ្យប្រទេសផ្សេងៗទៀតងើបឡើងជំទាស់ចិន ជុំវិញការត្រៀមអនុម័តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុងនោះផងដែរ ៕