ជំងឺស្ត្រូក ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចបង្ការបានតាមរយៈសកម្មភាពវិជ្ជមានប្រចាំថ្ងៃ
ចំណេះដឹងទូទៅ៖ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (Stroke) ជាមូលហេតុចម្បងទីមួយនៃពិការភាពនៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី 65 ឆ្នាំឡើងទៅ។ រវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល 40ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើងខ្ពស់នៅបណ្តាលប្រទេសដែលមានចំណូលទាបនិងមធ្យម។ នេះបើតាមព័ត៌មានពីទំព័រហ្វេសប៊ុកផ្លូវការនៃមន្ទីរពេទ្យកាល់ម៉ែត។
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ភាគច្រើនអាចមានសភាពធ្ងន់ធ្ងរបណ្តាលឱ្យស្លាប់ ឬក៏បន្សល់នូវភាពពិការ ទោះបីបច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ។ ទន្ទឹមគ្នានេះ មានការស្រាវជ្រាវជាច្រើនស្វែងរកវិធីបង្ការកុំឱ្យកើតមានជំងឺនេះ។ ការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជីវិតរស់នៅប្រចាំថ្ងៃ ជាកត្តាចម្បងអាចបង្ការជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលបាន រួមមានការគិតគូរពីរបបអាហារប្រចាំថ្ងៃ លំហាត់ប្រាណឱ្យបានទៀងទាត់ និងធ្វើសកម្មភាពផ្សេងៗ។
របបអាហារទទួលទានរាល់ថ្ងៃ តម្រូវឱ្យពិសារអាហារដែលមានជាតិអំបិលតិចបំផុត ត្រូវពិសាបន្លែ និងផ្លែឈើឱ្យបានច្រើនមុខ និងត្រូវបញ្ចូលគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ទទួលទានអាហារសុខភាព( Healthy Diet) នឹងអាចកាត់បន្ថយហានិភ័យតាមរយៈការការពារជំងឺមួយចំនួនដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ ជំងឺធាត់ ជំងឺគេងស្រម៉ុក និងជំងឺសរសៃឈាមបេះដូងជាដើម។
ទន្ទឹមគ្នានេះការធ្វើលំហាត់ប្រាណ អាចកាត់បន្ថយជំងឺលើសឈាម និងមូលហេតុបង្ករផ្សេងៗទៀត នៃជំងឺសរសៃឈាម។ ត្រូវធ្វើលំហាត់ប្រាណឱ្យបានយ៉ាងតិចបីទៅបួនដងក្នុងមួយសប្តាហ៍ ហើយម្ដងៗមានរយៈពេលយ៉ាងតិច 30នាទី។
កត្តាផ្សេងៗទៀតដែលត្រូវយកចិត្តទុកដាក់មានដូចជាត្រូវរក្សាលំនឹងទម្ងន់ឱ្យបានសមស្រប សម្រាប់បុរសរង្វង់ចង្កេះកុំឱ្យលើសពី 90 សង់ទីម៉ែត្រ។ ចំណែកនារីរង្វង់ចង្កេះកុំឱ្យលើសពី 80 សង់ទីម៉ែត្រ។ ប្រការចាំបាច់បំផុតត្រូវទៅពិនិត្យ និងព្យាបាលជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ និងជំងឺបេះដូងនិងសរសៃឈាមឱ្យបានត្រឹមត្រូវជាមួយវេជ្ជបណ្ឌិតជំនាញ៕