ក្រសួងអប់រំប្រកាសជ្រើសរើសអ្នកបកស្រាយ “តម្លៃអក្សរសិល្ប៍នៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរ” សម្រាប់ទិវាអំណានឆ្នាំនេះ
ភ្នំពេញ៖ ក្រសួងអប់រំប្រកាសជ្រើសរើសបេក្ខជនមានសមត្ថភាពខ្ពស់បកស្រាយប្រធានបទ “តម្លៃអក្សរសិល្ប៍នៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរ” ដើម្បីអបអរទិវាជាតិអំណាន ១១ មីនា ឆ្នាំ២០២១។ បេក្ខជនជ័យលាភីបីរូប នឹងក្លាយជាអ្នកបកស្រាយប្រធានបទខាងលើជាសាធារណៈ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
កាលបរិច្ឆេទផុតកំណត់ទទួលស្នាដៃ នៅថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2021 វេលាម៉ោង 17:00នាទី។ កន្លែងទទួលស្នាដៃ នៅនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ថា ការវាយតម្លៃស្នាដៃទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃជ្រើសរើសមានបីដំណាក់កាល ដោយដំណាក់កាលទីមួយ គណៈកម្មការបច្ចេកទេសពិនិត្យជ្រើសរើសស្នាដៃ យកស្នាដៃដែលមានខ្លឹមសារល្អលើសគេ 10 រូប ដើម្បីដាក់ពិន្ទុជូនគណៈកម្មការអនុម័ត។ ដំណាក់កាលទី2 គណៈកម្មការអនុម័តរបស់ក្រសួងអប់រំ និងជ្រើសរើសស្នាដៃចំនួន 5 រូប ដើម្បីធ្វើសម្ភាសនៅដំណាក់កាលចុងក្រោយ។ រីឯដំណាក់កាលទីបី សម្ភាសផ្នែកសំនួនវោហាបកស្រាយប្រធានបទ ជ្រើសរើសស្នាដៃល្អចំនួន 3 រូប ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។