អង្គការ NASA សម្រេចពន្យារពេលបាញ់បង្ហោះយានដឹកអវកាសយានិកដំបូងជាប្រវត្តិសាស្ត្រមិនធ្លាប់មានជិត១០ឆ្នាំមកនេះ ដោយសារបញ្ហាអាកាសធាតុ
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ អង្គការ NASA សម្រេចពន្យារពេលបាញ់បង្ហោះយានដឹកអវ កាសយានិក Crew Dragon របស់ក្រុមហ៊ុន SpaceX ទៅកាន់ម៉ោង១១៖០០នាទីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះវិញ (ម៉ោងក្នុងតំបន់) ដោយសារតែអាកាសធាតុមិនល្អ នេះបើតាមគេហទំព័រអង្គការ NASA នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។
ក្រុមហ៊ុន SpaceX ដែលជាអ្នករ៉ាប់រងការផលិតយាន Crew Dragon ប៉ុន្មានឆ្នាំមកនេះ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបាញ់បញ្ជូនយានផ្ទុកអវកាសយានិកជើងចាស់ពីររូប គឺលោក បុប ប៉ិនខិន និងលោក ដូក ហឺឡេយ ចេញពីទឹកដីអាម៉េរិកផ្ទាល់ ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ។
បើការបាញ់បង្ហោះចេញពីមូលដ្ឋាន នៃមជ្ឈមបណ្ឌលអវកាសខិនណឺឌីនេះ ទទួលបានជោគជ័យនោះ សហរដ្ឋអាមេរិកត្រូវបានរំពឹងថា នឹងអាចបោះជំហានទៅមុខ ដោយលែងពឹងពាក់លើយាន Soyuz របស់អង្គការអវកាសរុស្ស៊ី ក្នុងការបញ្ជូនមនុស្សឡើងទៅកាន់ទីអវកាសទៀតហើយ ៕