អចលនទ្រព្យបែបអេកូទេសចរណ៍នឹងលេចរូបរាងនៅខេត្តមណ្ឌលគីរីកាន់តែច្រើន

ដោយសារតែការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល រួមគ្នាជាមួយវិស័យឯកជនជាតិ និងអន្តរជាតិ បានធ្វើឱ្យខេត្តមណ្ឌលគីរីក្លាយជាគោលដៅវិនិយោគ និងអភិវឌ្ឍបន្ថែមទៅលើវិស័យអចលនទ្រព្យបែបអេកូទេសចរណ៍ជាច្រើនគម្រោង។

ខេត្តមណ្ឌលគិរី ដែលមានចម្ងាយផ្លូវគោកជិត 500 គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ លែងឯកោ និងឈានទៅរកការបញ្ចប់បញ្ហាលើការធ្វើដំណើរទៀតហើយ ដោយសាររដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនPowerchina Group វិនិយោគនៅក្នុងខេត្តនេះ រួមទាំងគម្រោងសាងសង់ព្រលានយន្តហោះថ្នាក់តំបន់ផងដែរ។

បច្ចុប្បន្នខេត្តមួយនេះកំពុងបង្ហាញនូវភាពទាក់ទាញ និងរីកចម្រើនជាបន្តបន្ទាប់ជាមួយនឹងការទទួលបានលំហូរទុនវិនិយោគពីវិនិយោគិនក្នុងស្រុក ដែលកាន់តែជំរុញឱ្យតម្រូវការនៃការប្រើប្រាស់ដី ក៏ដូចជាតម្លៃដីធ្លីមានការកើនឡើង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏មានបំណងរៀបចំអភិវឌ្ឍន៍តំបន់មួយចំនួនក្នុងខេត្តឱ្យក្លាយជាតំបន់ឧស្សាហកម្មទេសចរណ៍ និងសេដ្ឋកិច្ចបែបពហុបំណងផងដែរ។

លោកស្រី ហ្ក្រែស រចនី ហ្វុង នាយិកាក្រុមហ៊ុន Century 21 Cambodia បានប្រាប់ AMSថា ក្រុមហ៊ុនលោកស្រីបានចាប់អារម្មណ៍ទៅលើការអភិវឌ្ឍនៃវិស័យទេសចរណ៍ គឺអេកូទេសចរណ៍ ដោយក្រុមហ៊ុនលោកស្រីបានរៀបចំចាប់ផ្ដើមធ្វើការងារទៅលើសំណង់អចលនទ្រព្យបែបអេកូទេសចរណ៍នៅក្នុងខេត្តមួយនេះ។

លោកស្រី ហ្ក្រែស រចនី ហ្វុងបានមានប្រសាសន៍ថា៖«ខេត្តមណ្ឌលគីរី បានក្លាយទៅជាគោលដៅរបស់ក្រុមហ៊ុន ដោយសារក្នុងស្ថានភាពកូវីដនេះ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរទៅក្រៅប្រទេសបាន។ ដូច្នេះខេត្តមណ្ឌលគីរីបានក្លាយទៅជាទីតាំងទាក់ទាញមួយដែលក្រុមហ៊ុនយើងមើលឃើញថាខេត្តនេះនឹងអាចក្លាយទៅជាខេត្តដែលរីកចម្រើនខាងអចលនទ្រព្យបែបអេកូទេសចរណ៍បាន ដូចជា រីស្សត ផ្ទះលំហែ និងបឹងកាឡូជាដើម ដែលទាំងអស់នេះស្ថិតនៅក្នុងគម្រោងរបស់ក្រុមហ៊ុនយើង»។

លោកស្រីបានបញ្ជាក់បន្ថែមថា ការសម្លឹងឃើញការសាងសង់អចលទ្រព្យបែបអេកូទេសចរណ៍នេះបាន ដោយសារទី1 ក្រុមហ៊ុនបានផ្ដោតទៅលើអនាគតផ្នែកទេសចរណ៍ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលបានបង្កើតឡើងនៅព្រលានយន្តហោះថ្មីក្នុងតំបន់, ទី 2 គឺសក្តានុពលនៃខេត្តមណ្ឌលគិរី ស្ថិតក្នុងបរិបទមួយដែលកំពុងទាក់ទាញទេសចរដែលចូលចិត្តធម្មជាតិដែលមានសក្តានុពលខ្លាំង មិនខុសពីខេត្តកំពតនោះទេ។

លោកស្រី ហ្ក្រែស រចនី ហ្វុងក៏បានបញ្ជាក់ដែរថា នៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុននីមួយៗគឺមិនដូចគ្នាទាំងអស់នោះទេ ប៉ុន្តែអ្វីដែលជាចំណុចគោលដៅរួមគឺការមើលឃើញពីសក្កានុពលរបស់ខេត្ត។ ដូច្នេះសម្រាប់ខេត្តមណ្ឌលគីរី នៅថ្ងៃខាងមុខ គម្រោងអចនទ្រព្យបែបអេកូទេសចរណ៍នឹងលេចចេញរូបរាងច្រើនសណ្ឋាន ដែលបម្រើដល់ដល់វិស័យទេសចរណ៍៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner