សមត្ថកិច្ចបង្ហាល្បិចបោកបញ្ឆោតថ្មីតាមប្រព័ន្ធហ្វេសប៊ុក

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅ២៩មករាឆ្នាំ២០២១ បានអំពាវនាវឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកប្រុងប្រយ័ត្នចំពោះ ជនខិលខូចដែលបានប្រើរូបភាពតារាល្បីៗដើម្បីបោកបញ្ឆោត។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា គេបានប្រទះឃើញមានការឡាយនៅក្នុងផេកហ្វេសបុក ដែលមានតំណភ្ជាប់ទៅគេហទំព័រមួយដែលកំពុងតែបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យបញ្ចូលលេខប័ណ្ណឥណទាន ដោយប្រើរូបភាពតារាល្បីៗរបស់ខ្មែរ។

នៅក្នុងការបោកបញ្ឆោតនោះ ជាដំបូងជនខិលខូចបានប្រើពាក្យពេចន៍ថា លោកអ្នកអាចនឹងរកប្រាក់បាន ៥០០០ដុល្លារ តាមរយៈការផ្សព្វផ្សាយនោះ ប៉ុន្តែនៅពេលដែលលោកអ្នកចុចបន្ត វានឹងស្នើសុំឱ្យបញ្ចូល អ៊ីម៉ែល លេខសម្ងាត់ ដើម្បីបង្កើតគណនីមើលវីដេអូ និងបញ្ចូលលេខប័ណ្ណឥណទានដើម្បីបញ្ជាក់អត្តសញ្ញាណ។

បន្ទាប់ពីបានលេខប័ណ្ណឥណទានហើយជនខិលខូចបានប្រើពាក្យពេជន៏បន្ថែមដោយអះអាងថា ទូរសព្ទរបស់លោកអ្នកត្រូវបានវាយប្រហារ គណនីនិងទិន្នន័យនៅក្នុង iCloud អាចត្រូវបានលួច និងទូរសព្ទអាចត្រូវឈប់ដំណើរការ ដើម្បីឱ្យលោកអ្នកបញ្ចូលកម្មវិធីបន្ថែម។

នាយកដ្ឋាន បានណែនាំដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ន និងកុំជឿនូវការផ្សព្វផ្សាយថាឈ្នះរង្វាន់ ឬរកប្រាក់បានងាយៗនោះ។ ជាមួយគ្នានោះ លោកអ្នកកុំផ្ដល់លេខប័ណ្ណឥណទាន ឬលេខគណនីធនាគារ និងកុំបញ្ចូលកម្មវិធីបន្ថែមតាមការបំភិតបំភ័យរបស់ជនខិលខូច ព្រោះនោះជាការបំភ័យដើម្បីឱ្យលោកអ្នកដំឡើងកម្មវិធីមេរោគដែលអាចឱ្យពួកគេធ្វើការវាយប្រហារពិតប្រាកដទៅលើទូរសព្ទរបស់លោកអ្នកវិញតែប៉ុណ្ណោះ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner