ឯកឧត្តមវេង សាខុន ចុះពិនិត្យបណ្តុំផលិតបន្លែតាមស្តង់ដាសុវត្ថិភាព ក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ
ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យបណ្តុំផលិតបន្លែតាមស្តង់ដាសុវត្ថិភាព ពិនិត្យស្ថានភាពដាំដុះបន្លែរបស់កសិករលើផ្ទៃដីទំហំ ៦ហ.ត និងចូលរួមសកម្មភាពចុះប្រមូលផលបន្លែសុវត្ថិភាពនៅក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ជួបសំណេះសំណាលជាមួយម្ចាស់ចម្ការ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរ កោតសរសើរ និងវាយតម្លៃលើការខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកដាំដុះបន្លែសុវត្ថិភាពមានសក្តានុពលលើទីផ្សារទាំងតម្រូវការ និងតម្លៃខ្ពស់ល្អ ហើយសកម្មភាពនេះបាននិងកំពុងចូលរួមអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញគាំទ្រ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាកសិករ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេឡើងលើចលនាជំរុញផលិតកម្មស្បៀង។ ដំណាំលូតលាស់ និងផ្តល់ផងបានល្អ ដែលជាប្រភពចំណូលខ្ពស់ពី ៥០០០-៨០០០ដុល្លារ/ឆ្នាំ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យបន្តខិតខំបន្ថែមទៀតលើការងារបច្ចេកទេស ប្រើប្រាស់ពូជ ថ្នាំសម្លាប់សត្វល្អិត ការសន្សំជីធម្មជាតិដើម្បីជួយកាត់ បន្ថយថ្លៃដើម ការប្រើប្រាស់ទឹក ការចងក្រងបណ្តុំផលិត និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ៕ ដោយ / គ្រី សម្បត្តិ