អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ស្នើ ឲ្យប្រជាពលរដ្ឋជនជាតិព្រៅនៅភូមិកាតូត សូមរួមគ្នាការពារសម្បត្តិធម្មជាតិដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន

អត្ថបទដោយ៖
ជា សេឌី

ខេត្តស្ទឹងត្រែង៖ឯកឧត្តម ឡូយ សុផាត បានថ្លែងទៅកាន់ប្រជាពលរដ្ឋជនជាតិព្រៅ នៅក្នុងភូមិកាតូតថា៖ប្រជាពលរដ្ឋទាំងអស់នៅភូមិកាតូតនេះ គឺជាម្ចាស់ព្រៃ ជាម្ចាស់ទឹកដីកំណើតរបស់ខ្លួន ។ ឯកឧត្តមក៏បានមានប្រសាសន៍ជឿជាក់ដែរថា៖បងប្អូនប្រជាពលរដ្ឋជនជាតិព្រៅ ពិតជាស្រលាញ់ទឹកដីព្រៃប្រឹក្សា និងដីភ្នំក្នុងស្រុករបស់ខ្លួន ពីព្រោះបងប្អូនជនជាតិព្រៅបានរស់នៅតកូនចៅជាច្រើនជំនាន់មកហើយ ។ឯកឧត្តមអ្នកតំណាងរាស្រ្ត ចង់ឲ្យភូមិសាស្រ្តកាតូតនេះ ក្លាយទៅតំបន់ទេសចរណ៍ ព្រោះទាំងនេះសុទ្ធតែជាធម្មជាតិពិតៗដែលមានស្រាប់ ។ ហើយសូមឲ្យរក្សាឲ្យបាននូវប្រពៃណីទំនៀមទំលាប់ដូនតារបស់បងប្អូនជនជាតិព្រៅកុំឲ្យបាត់បង់ ។

ប្រសាសន៍សំណូមពរ និងជម្រុញបន្ថែមទៅកាន់ប្រជាពលរដ្ឋជនជាតិព្រៅបែបនេះ ត្រូវបានឯកឧត្តមថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ១ខ្សែ បកាលពីថ្ងៃទី៣១មករាឆ្នាំ២០២១ នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានឲ្យដឹងថា៖ផ្លូវ១ខ្សែនេះជាប្រភេទផ្លូវបេតុងអាមេ មានប្រវែង៥៦៧ម៉ែត្រ និងមានទទឹង៦ម៉ែត្រ ស្ថាបនាដោយមូលនិធិស្រុក និងមូលនិធិឃុំឆ្នាំ២០២០ ។ លោកថា៖ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជន ជាពិសេសបងប្អូនជនជាតិព្រៅ ក្នុងការប្រើប្រាស់ផ្លូវ១ខ្សែនេះ ដោយត្រូវឆ្លងកាត់ការលំបាកឡើងជំរាលភ្នំរអិលស្ទើរឡើងពុំរួច ពិបាកដឹកកសិផល សិស្សានុសិស្សពិបាកធ្វើដំណើរ ដូចនេះហើយទើបបានជាក្រុមប្រឹក្សាស្រុកសេសាន បានផ្តល់ទំនុកចិត្តអនុម័តរៀបចំគម្រោងសាងសង់ផ្លូវបេតុងនេះឡើង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិកាតូតនេះទាំងមូលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ។

ក្នុងឳកាសទទួលបានផ្លូវបេតុង១ខ្សែនេះ ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្រៅ នៅភូមិកាតូតបាន សម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានផ្តល់ជូននូវសមិទ្ធិផលថ្មី១នេះ ។ ពួកគាត់បានថ្លែងថា ផ្លូវនេះពីមុនពិបាកធ្វើដំណើរទាំងប្រាំង និងវស្សា ពេលភ្លៀងរអិល ហើយខែប្រាំងដីហុយ ដើរក៏រអិល ជិះម៉ូតូក៏ពិបាក ក្រោយពីទទួលបានផ្លូវបេតុងនេះហើយ ពួកគាត់ស្រួលធ្វើដំណើរ ទាំងទៅទាំងមក ទាំងដឹកកសិផល ជាពិសេសសិស្សានុសិស្ស លែងមានឧបសគ្គក្នុងការធ្វើដំណើរទៅសិក្សានៅសាលា រៀនទៀតហើយ ៕ដេង ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner