សៀវភៅមគ្គុទេសវិនិយោគជារាត្រីវិស័យបង្កលក្ខណៈងាយស្រួលបង្ហាញពីសក្ដានុពលដល់អ្នកវិនិយោគក្នុងដាក់ទុនរកស៊ី
ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការកៀរគរ អ្នកវិនិយោគឲ្យមានទំនុកចិត្តដាក់ទុនរកស៊ីបានកាន់តែច្រើននិងរីកលូតលាស់ ។ យើងត្រូវមានសៀវភៅមគ្គុទេសវិនិយោគ ដែលជាឯកសារសំខាន់ចាំបាច់សម្រាប់បង្ហាញពីសក្ដានុពល ឬសម្គាល់លក្ខណៈទីតាំងភូមិសាស្រ្តដល់អ្នកដាក់ទុនរកស៊ីឲ្យបានច្បាស់លាស់ ។
ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងដូចនេះនៅក្នុងឱកាសនៃប្រជុំពិភាក្សា ការងារ ពាក់ព័ន្ធអំពីការរៀបរៀងសៀវភៅមគ្គុទេសវិនិយោគខេត្តកំពត -កែប នាសាលាខេត្តកំពត កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ជាមួយឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត -កែប ។
ឯកឧត្តមអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានបន្តសង្កត់ធ្ងន់ទៀតថា សៀវភៅមគ្គុទេសវិនិយោគ ជារាត្រីវិស័យបង្កលក្ខណៈងាយស្រួលបង្ហាញពីសក្ដានុពល ដល់អ្នកវិនិយោគក្នុងដាក់ទុនរកស៊ី ។ ដូច្នេះដើម្បីរៀបរៀងចងក្រងកសាងបាននូវ ឯកសារមគ្គុទ្ទេសក៍វិនិយោគនេះ ឲ្យបានសម្រេច ត្រូវចាំបាច់មានការចូលរួមពីអាជ្ញាធរ ពីវិស័យជំនាញពាក់ព័ន្ធពិសេសសភាពាណិជ្ជកម្មតាមមណ្ឌលនៅខេត្តផងដែរ។ ព្រោះរាល់ការវិនិយោគរបស់វិស័យជន ក៏ដូចកិច្ចការងាររបស់សភាពាណិជ្ជកម្ម មិនអាចធ្វើតែម្នាក់ឯង ទទួលបានលទ្ធផលសម្រេចជោគជ័យនិងរីកចម្រើនបាននោះទេ។ ដូចគ្នានេះដែរអ្នកវិនិយោគិនក្តី និងប្រធានសភាពាណិជ្ជកម្ម នៅតាមបណ្តាខេត្តទាំងអស់ក្ដី ត្រូវសុំការចូលរួមសហការពីអាជ្ញាធរខេត្តជាការចាំបាច់ ។ ឯកឧត្តមបន្តទៀតថា ដោយកត់សម្គាល់ឃើញថាលក្ខណៈទូទៅរបស់ខេត្តកំពត ដែលជាខេត្តជាប់មាត់សមុទ្រមួយនេះ ពិតជាមានសកត្តានុពលខ្លាំងស្ទើរគ្រប់វិស័យ ហើយឱកាសវិនិយោគនៅក្នុងខេត្តកំពត ក៏មានច្រើនលើសគេផងដែរ។ ប៉ុន្តែដើម្បីកៀរគរ អ្នកវិនិយោគឲ្យមកបោះទន់ឲ្យបានច្រើន សភាពាណិជ្ជកម្មត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ ព្រោះទាំងវិស័យឯកជន រួមទាំងប្រធានសភាពាណិជ្ជកម្មនៅតាមបណ្តាខេត្តផង មិនអាចធ្វើការងារអ្វីមួយបានសម្រេច ដោយគ្មានការចូលរួមសហការពីអាជ្ញាធរនោះទេ។
យ៉ាងណាមិញ ការរៀបរៀងសៀវភៅមគ្គុទេសវិនិយោគខេត្តកំពត -កែប
ក៏ដូចគ្នាដែរ ទាមទារការចូលរួមសហការពីអភិបាលខេត្ត រដ្ឋបាលខេត្តទាំងមូល ដើម្បីធ្វើឲ្យសៀវភៅព័ត៍មានគ្រប់ជ្រុងជ្រោយ ងាយស្រួលដល់អ្នកវិនិយោគយកទៅវិភាគ ពិចារណាមុននឹងបោះទុនវិនិយោគនៅកម្ពុជាប្រកបដោយជោគជ័យ ។
ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ខេត្តកំពតមានសកត្តានុពលខ្លាំងស្ទើរគ្រប់វិស័យពិសេស កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។ ឯកឧត្តម ក៏បានបញ្ជាក់ទោះស្ថិតនៅក្នុងអន្តរកាលនៃវិបត្តិកូវីដ១៩ក៏ដោយ ប្រាក់ចំណូលរបស់ខេត្តប្រមូលបាន ១៤០ភាគរយ ខណៈដែលតម្លៃដីធ្លី សំណង់អគារ និងការអភិវឌ្ឍន៍ផ្សេងៗនៅតែបន្តកើនឡើងឥតឈប់ឈរពីមួយខែទៅមួយខែ៕Sila Sarin