បន្ទះឈីបអេឡិចត្រូនិកប្រមូលលុយបាន 439 ពាន់លានដុល្លារពីការលក់ទូទាំងសកលលោក
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃចន្ទនេះបានឲ្យដឹងថា បន្ទះឈីបអេឡិចត្រូវនិកនៅទូទាំងពិភពលោកសម្រាប់ឆ្នាំ2020 អាចប្រមូលប្រាក់ពីការលក់កើនឡើងដល់ទៅ 6.5 ភាគរយ ខណៈដែលកាលពីដើមឆ្នាំទីផ្សារនៃការលក់មានការធ្លាក់ចុះយ៉ាងគំហុក។
តួលេខលក់ដែលត្រូវបានបង្ហាញដោយសមាគមន៍បន្ទះឈីបអន្តរជាតិឬហៅកាត់ថា SIA អាចឲ្យយើងមើលឃើញថាការលក់នៅទូទាំងពិភពលោកអាចទទួលបានរហូតទៅដល់ 439 ពាន់លានដុល្លារសម្រាប់ឆ្នាំ 2020 កន្លងទៅនេះខណៈដែលបន្ទះឈីបដែលផលិតដោយក្រុមហ៊ុនរបស់អាមេរិកអាចក្តាប់យក 47 ភាគរយនៃការលក់សរុបឬប្រមាណជា 208 ពាន់លានដុល្លារ។
តួលេខដដែលក៏បានបង្ហាញដែរថា បន្ទះឈីបដែលត្រូវបានលក់ទៅឲ្យទីផ្សាររបស់អាមេរិកវិញក៏មានចំនួនកើនឡើង 19.8 ភាគរយផងដែរគឺប្រមាណជា 94.15 ពាន់លានដុល្លារក្នុងឆ្នាំ 2020 ដូចគ្នា។ លោក Falan Yinug ប្រធាន SIA ទទួលបន្ទុកកិច្ចការងារទិន្នន័យនិងគោលនយោបាយសេដ្ឋកិច្ចបាននិយាយថា ការកើនឡើងនៃការបញ្ជាទិញពីអាមេរិកគឺត្រូវបានធ្វើឡើងទៅលើបន្ទះឈីបដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយដែលប្រើប្រាស់ជាពិសេសទៅលើទីតាំងដូចជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យជាដើម។
ក្រៅពីនោះគេអាចមើលឃើញដែរថាក្រុមហ៊ុនយក្សអាមេរិកដូចជា Amazon.com, Microsoft និង Aplhabet ដែលជាក្រុមហ៊ុនមេរបស់ Google ជាដើមគឺមានកំណើននៃការប្រើប្រាស់បច្ចេកវិទ្យា Cloud យ៉ាងខ្លាំងក្លាជាងគេបំផុតដោយសារតែអាជិវកម្មស្ទើរតែទាំងអស់បានងាកទៅធ្វើសកម្មភាពតាមផ្ទះរបស់បុគ្គលិកជំនួសវិញ។
ទោះបីជាក្រុមហ៊ុនអាមេរិកគឺជាអ្នកដែលអាចលក់បន្ទះឈីបបានទៅដល់ជាងពាក់កណ្តាលនៃតួលេខលក់សរុបក្តីសម្រាប់ឆ្នាំ 2020 ប៉ុន្តែក្នុងនោះសមត្ថភាពផលិតនៅក្នុងប្រទេសអាមេរិកដោយផ្ទាល់មានកំណើនត្រឹមតែ 12 ភាគរយប៉ុណ្ណោះធៀបទៅនឹង 37 ភាគរយដែលអាមេរិកធ្លាប់ធ្វើបានកាលពីឆ្នាំ1990 នេះដោយសារតែរោងចក្ររបស់ខ្លួនជាច្រើនបានប្តូរទីតាំងទៅនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីជំនួសវិញ៕