ខេត្តព្រះសីហនុនឹងរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងស្វាគមន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីទាំង34ខ្សែ
ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ រួមជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយានរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកដំបូងប្រចាំខេត្តដោយការបង្កើតកម្មវិធីកីឡាទេសចរណ៍តំបន់ឆ្នេរ ដើម្បីស្វាគមន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីទាំង34ខ្សែដែលជាការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញពីកិច្ចស្វាគមន៍ និងគាំទ្រចំពោះក្រសួងទេសចរណ៍ដែលបានបង្កើតព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់ Valentin’s Bike Race នៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2021 នៅខេត្តព្រះសីហនុ ស្របពេលដែលរដ្ឋបាលខេត្តចង់បង្កើតព្រឹត្តិការណ៍ស្ទូចត្រីនៅខេត្តព្រះសីហនុផងដែរ។ ម្យ៉ាងទៀតការរៀបចំព្រឹត្តិការណ៍ជិះកង់នេះជាលើកទីមួយនៅខេត្តព្រះសីហនុ និងឈានទៅបង្កើតព្រឹត្តិការណ៍ថ្មីៗថែមទៀត ដើម្បីផ្សព្វផ្សាយសក្តានុភាពទេសចរណ៍តំបន់ឆ្នេរឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរមកលេងកម្យាន្តខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត ។
កម្មវិធីជិះកង់នៃក្តីស្រឡាញ់នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុដែលប្រព្រឹត្តទៅនៅថ្ងៃទី14 ខែកុម្ភ: ឆ្នាំ2021 ដើម្បីបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ ដែលមានវិញ្ញាសាកីឡាជិះកង់ ។ តាមរយៈព្រឹត្តិការណ៍នេះ មានដូចជា៖ 1. ប្រណាំងកង់ភ្នំ 40គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ ។ 2. Fun Ride ជិះកង់កម្យាន្ត ឆ្នេរសមុទ្រថ្មី 25គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រេះ រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ ។ 3. Famlly Couple Ride ជិះកង់ក្រុមគ្រួសារ និងគូរសេ្នហ៏ 15គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បង្កើតព្រឹត្តិការណ៍ចលនាទេសចរណ៍ក្នុងស្រុក ហើយយើងត្រៀមរៀបចំព្រឹត្តិការណ៍នេះឡើងវិញនៅតាមខេត្តគោលដៅទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ។
មកដល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមជិះកង់នៃក្តីស្រឡាញ់ 14 កុម្ភ: ជិត 100នាក់ មកពីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលមានចំងាយផ្លូវ 40គីឡូ 25គីឡូ និង15គីឡូម៉ែត្រ ក្នុងនោះកីឡាករជិះកង់ 40គីឡូម៉ែត្រ ស្វែងរកកំរិតបច្ចេកទេស ។ ជិះ 25គីឡូ ជិះកំសាន្ត ដើម្បីសុខភាព បង្កើនសាមគ្គីភាព មិត្តភាពនិងបង្ហាញឆន្ទៈនៃការចូលរួមកីឡា ។ និងជិះ 15គីឡូម៉ែត្រ កម្សាន្តជាលក្ខណៈគ្រួសារ ឬគូស្នេហ៍ យើងសង្ឃឹមថា មានកីឡាករចូលរួមពី300 ទៅ500នាក់ ។
ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានសំណូមពររដ្ឋបាលខេត្តរកទីតាំងឱ្យក្រុមកីឡាករបោះតង់ស្នាក់នៅឆ្នេរក្នុងខេត្តព្រះសីហនុ ទន្ទឹមនោះសុំជួយអន្តរាគមន៍ពីសមត្ថកិច្ច និងរថយន្តសង្គ្រោះដើម្បីត្រៀមបង្ការក្រែងមានឧបទ្ទវហេតុកើតឡើងណាមួយ ។ ខេត្តព្រះសីហនុមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគ ក្រោយពីបញ្ចប់កូវីដ-19 ក្រសួងនឹងបង្កើតព្រឹត្តិការណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនបន្ថែមទៀត មានដូចជារត់ប្រណាំងម៉ារ៉ាតុងជាដើម ៕